ព័ត៌មានជាតិ
សហព័ន្ធសហជីពអភិវឌ្ឍកម្មករ ចេញញត្តិគាំទ្រចំពោះការដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ ២០២៤
សហព័ន្ធសហជីពអភិវឌ្ឍកម្មករ នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣នេះ បានចេញញត្តិគាំទ្រចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមា ជូនកម្មករ-និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ ២០២៤ ដែលមានចំនួន ២០៤ដុល្លារអាមេរិក ក្នុង ១ខែ ហើយបើបូកនឹងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងទៀត កម្មករ-និយោជិតម្នាក់ អាចទទួលបានប្រាក់ឈ្នួលប្រចាំខែរហូតដល់ ២៣២ដុល្លារអាមេរិក។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន សហព័ន្ធសហជីពអភិវឌ្ឍកម្មករ បានអះអាងថា សហព័ន្ធ បានតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការ នៃការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី តាំងពីកិច្ចប្រជុំលើកទី ១ រហូតមកដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣។
សហព័ន្ធសហជីពអភិវឌ្ឍកម្មករ «យើងខ្ញុំសង្កេតឃើញថា ការចរចានេះត្រូវបានធ្វើឡើងប្រកបដោយបច្ចេកទេស និងមានលក្ខណៈវិទ្យាសាស្រ្ត ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ស្របតាមស្តង់ដាសកល ដែលអង្គការអន្តរជាតិខាងការងារបានកំណត់»។
ទន្ទឹមនឹងនេះសហព័ន្ធសហជីពអភិវឌ្ឍកម្មករ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើកកម្ពស់ជីវភាព របស់កម្មករ-និយោជិតទាំងអស់គ្នា នៅគ្រប់កាលៈទេសៈ ជាពិសេសសម្តេចធិបតី បានអនុញ្ញាតឲ្យមានការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ ២០២៤ បើទោះបីជាប្រទេសទាំងអស់នៅលើពិភពលោក រួមទាំងកម្ពុជាផង កំពុងទទួលរងផលប៉ះពាល់ នៃវិបត្តិសេដ្ឋកិច្ចសកល ដែលនាំឲ្យតម្រូវការសកលផ្នែកវាយនភណ្ឌមានការថយចុះក៏ដោយ។
លើសពីនេះ សហព័ន្ធសហជីពអភិវឌ្ឍកម្មករ បានគូសបញ្ជាក់ថា កម្មករបាននិងកំពុងទទួលនូវអត្ថប្រយោជន៍ផ្សេងៗ អំពីវិធានការអន្ដរាគមន៍របស់រាជរដ្ឋាភិបាល សំដៅកាត់បន្ថយបន្ទុកចំណាយរបស់កម្មករ-និយោជិត តាមរយៈការគ្រប់គ្រងថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនីនៅតាមផ្ទះជួល រួមទាំងទទួលបានបន្ថែមជាបន្តបន្ទាប់ នូវអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផងដែរ។
សហព័ន្ធសហជីពអភិវឌ្ឍកម្មករ បានប្រកាសប្តេជ្ញាចូលរួមអនុវត្តរាល់វិធានការអន្តរាគមន៍ផ្សេងៗ ដែលរាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញ ដើម្បីចូលរួមលើកកម្ពស់ជីវភាព និងបន្តរក្សា និងបង្កើតឱកាសការងារជូនកម្មករ-និយោជិត ព្រមទាំងបន្ដជំរុញឲ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរឡើង ប្រកបដោយភាពទាក់ទាញ។
យ៉ាងណាក៏ដោយ សហព័ន្ធសហជីពអភិវឌ្ឍកម្មករ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមបន្តចូលរួមថែរក្សាភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅរក្សាការងារ និងប្រាក់ចំណូលរបស់កម្មករ-និយោជិតទាំងអស់៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ