ព័ត៌មានជាតិ
លោក ជា វ៉ាន់ដេត៖ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជី ថល អនុញ្ញាតឱ្យសិស្សស្នើថវិកាសិក្សាមិនគិតការប្រាក់
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានថ្លែងថា «កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល» អនុញ្ញាតឱ្យសិស្សខ្វះលទ្ធភាពបង់ថ្លៃសិក្សា អាចស្នើសុំថវិកាសិក្សាបានមិនគិតការប្រាក់ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល។ លោករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងពិធីដាក់ដំណើរការជាផ្លូវការកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ។

បន្ទាប់ពីលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុចប៊ូតង់ដាក់ដំណើរការជាផ្លូវការកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល រួចមក តំណាងក្រសួងប្រៃសណីយ៍ និងគ្រឹះស្ថានឧត្តមសិក្សាដៃគូចំនួន៦ រួមមាន៖ បណ្ឌិត្យ សភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យផារ៉ាហ្គន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងជំរុញការអភិវឌ្ឍជំនាញឌីជីថល។

បើតាមលោកស្រី ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ ការបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ គឺក្នុងកម្មវត្ថុចម្បងចំនួន៣ រួមមាន៖ (១) ការចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ (២) ការលើកកម្ពស់ស្តង់ដារគុណវុឌ្ឍិនៃការអប់រំលើមុខជំនាញដែលទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល និង (៣) ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការផ្តល់ថវិកាសម្រាប់ការអភិវឌ្ឍជំនាញឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបម្រើដល់ការអប់រំ។
រីឯ លោកបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាតំណាងឱ្យគ្រឹះស្ថានឧត្តមសិក្សាជាដៃគូទាំង៦ បានលើកឡើងថា នេះឆ្លុះបញ្ជាំងពីការប្តេជ្ញារបស់គ្រឹះស្ថានឧត្តមសិក្សាដៃគូក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយក្រសួងលើការបន្តជំរុញការអប់រំពាក់ព័ន្ធនឹងជំនាញឌីជីថលនៅកម្ពុជា។

ក្នុងឱកាសនេះ លោក ជា វ៉ាន់ដេត បានថ្លែងថា ដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការបង្កើនការអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល ជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន និងមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការបោះជំហានឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល និងរដ្ឋបាលឌីជីថលប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោករដ្ឋមន្ត្រី បន្តថា ក្រសួងប្រៃសណីយ៍ បានបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ នឹងអនុញ្ញាតឱ្យសិស្សដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា អាចស្នើសុំថវិកាសិក្សាដែលមិនគិតការប្រាក់ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់កម្មវិធី។ ក្នុងនោះ និស្សិតត្រូវទូទាត់មកវិញនូវ ២០% នៃបៀវត្សប្រចាំខែ នៅពេលដែលខ្លួនចេញធ្វើការនិងទទួលបានបៀវត្សចាប់ពី ៥០០ដុល្លារអាមេរិកឡើងទៅ ដើម្បីទ្រទ្រង់និរន្តរភាពនៃកម្មវិធីសម្រាប់និស្សិតជំនាន់ក្រោយ។

លោករដ្ឋមន្ត្រី បានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និងគ្រឹះស្ថានឧត្ដមសិក្សាដៃគូលើថវិកាសិក្សាពេលនេះ គឺជាវឌ្ឍនភាពបន្ថែមថ្មីមួយទៀតរបស់ក្រសួង ក្នុងការបន្តអភិវឌ្ឍធនធានមនុស្សលើវិស័យបច្ចេកវិទ្យាឌីជីថល និងផែនការអភិវឌ្ឍមូលធនមនុស្ស ដែលចូលរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថល។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការលើកកម្ពស់ការអប់រំលើជំនាញបច្ចេកវិទ្យាឌីជីថលប្រកបដោយគុណភាព ជាយុទ្ធសាស្រ្តដ៏សំខាន់មួយនៃបេសកកម្មរបស់ក្រសួងប្រៃសណីយ៍ ក្នុងការធ្វើបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំនៅកម្ពុជា។
រដ្ឋមន្ត្រីប្រៃសណីយ៍រូបនេះ ជឿជាក់យ៉ាងមុតមាំថា កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ នឹងទទួលបានជោគជ័យ ហើយផ្តល់ផ្លែផ្កាត្រលប់មកវិញនូវមូលធនមនុស្សឌីជីថល ដែលជាកម្លាំងសកម្មក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ