Connect with us

ព័ត៌មានជាតិ

ចំណូលពីការលក់បណ្ណចូលទស្សនាអង្គរជិត ២៥ លានដុល្លារ

បានផុស

នៅ

គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរសរុប ៥៣ ៩​៤៦១ នាក់ ដោយទទួលចំណូលប្រមាណ ២៤ ​៩ ៥៥ ៣៩៧ ដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ គ្រឹះស្ថានអង្គរ កាលពីថ្ងៃ០១ ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពដដែលបានឱ្យដឹងថា ចំនួនភ្ញៀវសរុបក្នុងរយៈពេល ៩ខែ មានការកើនឡើង ៣០២,២០ ភាគរយ និងមាន កំណើន ៣៦៥,​៤២ ភាគរយ ធៀបរយៈកាលដូចគ្នាកាលពីឆ្នាំ ២០២២។

ដោយឡែក នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេទិញបណ្ណមានចំនួន ៤១ ០៤៨ នាក់ មានកំណើន ៧៤,០៦ ភាគរយ ធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ សម្រាប់ចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ មានចំនួន ១ ៨៦៣ ៤៦៦ ដុល្លារ មានកើនឡើង ១០៣,០៨ ភាគរយ នេះបើធៀបជាមួយរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០២២ កន្លងទៅ។

ជាងនេះទៅទៀត កម្ពុជាទទូលបានចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ សម្រាប់ខែកញ្ញា មានចំនួន ៦៣៥ នាក់ ស្មើរនឹង ៩ ៥២៥ ដុល្លារ បន្ថែមទៀតផងដែរ។

សម្រាប់ចំណូលដែលទទូលពីការលក់បណ្ណចចូលទស្សនារមណីយដ្ឋានបានឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ​រយៈពេល ៩ខែក្នុងឆ្នាំ២០២៣ មកនេះ មានចំនួនសរុបស្មើរនឹង ១ ០៧៩ ១២២ ដុល្លារ។

សូមបញ្ជាក់ថា ជើងហោះហើរចូលទៅកាន់ខេត្តសៀមរាប មានចំនួនប្រមាណពី ១៥-១៧ ជើង ក្នុងមួយថ្ងៃ ដោយមាន អ្នកដំណើរ​ចន្លោះពី ១០០០ នាក់-១៥០០ នាក់ ក្នុងមួយថ្ងៃ។ នេះបើតាមរបាយការណ៍ផ្តល់ដោយ​ប្រធានមន្ទីរទេសចរណ៍​ខេត្តសៀមរាប លោក ង៉ូវ សេងកាក់។ បើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ បានថ្លែងតាមរយៈរបាយ ការណ៍ថា រយៈពេល ០៨ ខែ ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ មានចំនួន  ៤៩៨.៥១៣ នាក់ កើនឡើង ៣៥០.៨៥% បើប្រៀបធៀប​នឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

តាមការព្យាករណ៍សម្រាប់រយៈពេល ០១ ឆ្នាំ ២០២៣ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តក្នុងខេត្តសៀមរាប អាចនឹងទទួលបានប្រមាណ ៨០ម៉ឺននាក់៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម