ព័ត៌មានជាតិ
អ្នកជំនាញបង្ហើបពីយុទ្ធសាស្រ្តទាក់ទាញភ្ញៀវទេសចរអន្តរជាតិ
វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា នៅតែជារឿងក្តៅ ដែលសាធារណជន កត់សម្គាល់ឃើញថា មានការធ្លាក់ចុះច្រើនក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែស្ថាបនពាក់ព័ន្ធពិសេសក្រសួងទេសចរណ៍ បានចេញរបាយការណ៍បង្ហាញពីកំណើននៃភ្ញៀវទេសចរមានការកើនឡើង។ អ្នកជំនាញទេសចរ បានកត់សម្គាល់ឃើញថា វិស័យទេសចរណ៍មានកំណើនល្អប្រសើរស្មើនឹងប្រទេសជិតខាងដែរ កាលពីមុនវិបត្តិកូវីដ-១៩។ ប៉ុន្តែក្រោយវិបត្តិកូវីដនេះ ប្រទេសជិតខាងហាក់មានសន្ទុះកើនឡើងខ្លាំង បន្ទាប់ពីមានការដករបាំងទិដ្ឋាការដល់ប្រទេសធំៗជាច្រើន។

លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា ការលើកលែងទិដ្ឋាការ បានផ្តល់ឱកាសឱ្យប្រទេសថៃ ស្រូបទាញទេសចរអន្តរជាតិប្រមាណ ១០០ប្រទេស ហូរចូលយ៉ាងគំហុក។ ដោយឡែកប្រទេសវៀតណាម ទាក់ទាញបានប្រមាណ ៣០ប្រទេសឱ្យចូលទៅលេងកម្សាន្តប្រទេសរបស់ខ្លួនផងដែរ។ ចំណែកកម្ពុជា ក៏អាចធ្វើដូច្នេះបានដែរ ដើម្បីទាក់ទាញអ្នកទេសចរពីក្រៅប្រទេស។ អ្នកជំនាញទេសចរលោក ហូ វណ្ឌី បានលើកជាទស្សនថា ការលើកលែងទិដ្ឋាការ មិនធ្វើឱ្យបាត់បង់ចំណូលនោះទេ ពោលគឺការហូរចូលយ៉ាងគំហុកនៃវត្តមានភ្ញៀវទេសចរ នឹងបានផ្តល់ផលប្រយោជន៍ជាច្រើនតាមរយៈការចាយវាយរបស់ពួកគេ លើសពីតម្លៃទិដ្ឋាការទៅទៀត។ «បើសិនជាអ្នកទេសចរស្នាក់នៅយូរ ការចាយវាយក៏ច្រើន រដ្ឋក៏ទទួលបានចំណូលពន្ធទៅតាមនោះដែរពីអ្នកដែលរកទទួលទានក្នុងវិស័យនេះ»។ នេះជាការបន្ថែមរបស់លោក ហូ វណ្ឌី។
លោក ខៀវ ធី ប្រធាសមាគមមគ្គទេសក៍ទេសចរណ៍អង្គរ បានលើកឡើងថា គិតមកដល់ពេលនេះ ភ្ញៀវទេសចរអន្តរជាតិ បានកើនឡើងវិញជាបណ្តើរៗហើយ ពោលគឺចាប់ពីខែ តុលានេះទៅ ព្រោះជារដូវ Hight Season របស់ភ្ញៀវទេសចរបរទេស។
ចំពោះការធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរចូលមកលេងកម្សាន្តបានយូរ លោកថា កម្ពុជា ត្រូវរៀនពីប្រទេសជិតខាង ដូចជា វៀតណា និងថៃ ដែលជាប្រទេសរីកចម្រើនខ្លាំងលើវិស័យនេះ។
ប្រធាសមាគមមគ្គទេសក៍ទេសចរណ៍ បានបន្តថា ប្រទេសជិតខាងទាក់ទាញបានចំនួនទេសចរច្រើន ដោយសារ ការសម្រួលទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ ជាពិសេសមានអាកាសចរជាតិហោះហើរទូទាំងពិភពលោកដោយត្រង់ និងដឹកភ្ញៀវទេសចរចូលក្នុងប្រទេសរបស់ខ្លួនជាដើម។ លើសពីនេះទៀត ការធ្វើបដិសណ្ឋារកិច្ចល្អ សន្តិសុខ សណ្តាប់ធ្នាប់អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ សួនច្បារប្រណីត ក៏ជាផ្នែកមួយទាក់ទាញខ្លាំង និងធ្វើឱ្យភ្ញៀវស្នាក់នៅបានយូរផងដែរ។

លោក ខៀវ ធី បានកត់សម្គាល់ឃើញថា ភ្ញៀវទេសចរអន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗ ចូលតាមច្រកប្រទេសថៃភាគច្រើនមកទស្សនាអង្គរវត្តកម្ពុជា ហើយក៏ត្រឡប់ទៅវិញ។ ត្រឡប់ទៅវិញ ដោយសារពួកគេយល់ថា នៅកម្ពុជា មិនទាន់មានគ្រប់តម្រូវការដែលពួកគេចង់បាន។
លោកបន្តថា គ្រាន់តែទីវត្តអារាមក៏អាចទាក់ទាញភ្ញៀវទេសចរបានដែរ ប្រសិនបើមានការរៀបចំឱ្យមានសណ្តាប់ធ្នាប់ និងតុបតែងបានស្អាត ព្រោះទេសចរអន្តរជាតិចូលចិត្តទស្សនានៅតាមទំបន់រមណីយដ្ឋានបុរាណ និងវត្តអារាមជាដើម។
តាមពិតទៅ ភ្ញៀវទេសចរ មិនគួរចូលមកទស្សនាអង្គរវត្តហើយត្រឡប់ទៅវិញទេ ព្រោះកម្ពុជា នៅមានរមណីយដ្ឋានតាមតំបន់នានាជាច្រើន ដូចជាតំបន់អេកូទេសចរណ៍ខេត្តមណ្ឌលគិរី រតនគិរី ដែលជាតំបន់ធម្មជាតិ, រាជធានីភ្នំពេញ, ក្រុងបាត់ដំបង ក្រុងកំពង់ចាម ដែលសុទ្ធសឹងជាតំបន់ទាក់ទាញ។ នេះជាការបន្ថែមរបស់លោក ខៀវ ធី។
លោក ហូ វណ្ឌី បានលើកឡើងថា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ កម្ពុជា ត្រូវតែមានការកែសម្រួលទៅលើអត្តចរិតរបស់អ្នកស្ថិតនៅក្នុងវិស័យនេះ ដូចជា ក្រមសីលធម៌ និងវិជ្ជាជីវៈជាដើម។ ជាមួយគ្នានេះ ត្រូវរៀបចំហេដ្ឋរចនាសម្ព័ន្ធ និងចរាចរណ៍នៅតំបន់គោលដៅមួយចំនួន ការតុបតែង ការកែច្នៃ អនាម័យ សណ្តាប់ធ្នាប់ ជាពិសេសនៅរាជធានីភ្នំពេញ ដែលជាតំបន់ប្រវត្តិសាស៍ នយោបាយ សេដ្ឋកិច្ច។ លើសពីនេះទៀត លោក ហូ វណ្ឌី ជំរុញឱ្យមានការរៀបចំផ្លូវសម្រាប់អ្នកថ្មើជើងដើរ នៅក្នុងទីក្រុងភ្នំពេញ គឺជាភាពទាក់ទាញដ៏ខ្លាំងបំផុត សម្រាប់ភ្ញៀវទេសចរ។ ការបង្កើតផ្លូវថ្មើជើង ក៏ជាផ្នែកមួយជួយផ្តល់ការងារដល់ពលរដ្ឋខ្មែរ ប្រកបអាជីវកម្មលក់ដូរតាមចិញ្ចឹមផ្លូវផងដែរ សម្រាប់អ្នកដើរកម្សាន្ត។

ផ្ទុយទៅវិញលោកថា ប្រសិនបើស្ថាបនជំនាញពាក់ព័ន្ធ មិនប្រឹងប្រែងដុតដៃដុតជើងដោះស្រាយឱ្យទាន់ពេលទេ វិស័យនេះ នឹងបន្តជួបបញ្ហាថែមទៀត។ ចំណែកការប្រមូលពន្ធពីវិស័យទេសចរណ៍ ក៏ធ្លាក់ចុះទៅតាមនឹងដែរ ហើយអ្នកដែលរកទទួលទានក្នុងវិស័យនេះ ប្រមាណជាង ១លាននាក់ ក៏រងផលប៉ះពាល់ជីវភាពផងដែរ។
យោងតាមរបាយការណ៍ ក្រសួងទេសចរណ៍ បានបង្ហាញថា រយៈពេល៨ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៣.៥លាននាក់ កើនឡើង ២៥០.៨% រីឯភ្ញៀវទេសចរជាតិមានប្រមាណ១២.៣៨លាននាក់ កើនឡើង ៦២.៥% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់ កើនឡើង ១២០% , ទេសចរជាតិប្រមាណ១៧លាននាក់ និងឆ្នាំ២០២៨ ទេសចរអន្តរជាតិ រំពឹងថា អាចកើនដល់៨លាននាក់៕


-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២០ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង