ព័ត៌មានជាតិ
ពិព័រណ៍ជំនាញ និងការងារ ២០២៣ ទាក់ទាញអ្នកចូលរួមជាង ៤០០០ នាក់
អ្នកចូលរួមកម្មវិធីពិព័រណ៍ជំនាញ និងការងារ ២០២៣ ដែលរៀបចំឡើងដោយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៩ និងទី ៣០ ខែកញ្ញា កន្លងទៅនេះ មានការចូលរួមពីសិស្សនិស្សិត និងអ្នកស្វែងរកការងារក្នុងវិស័យធនាគារជាង ៤០០០ នាក់។ កម្មវិធីនេះធ្វើនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមកិច្ចសហការជាមួយសមាគមធនាគារនៅកម្ពុជា (ABC) និងមជ្ឈមណ្ឌលការងារ នៃការងារសាកលវិទ្យាល័យជាតិគ្រប់គ្រង។

លោក ស៊ូ វិសាល នាយកគ្រប់គ្រង វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) បាននិយាយថា៖ «នាឱកាសនេះ IBF ក៏បានសហការជាមួយមជ្ឈមណ្ឌលការងារ NUM Career Center និង អ្នកជំនាញក្នុងវិស័យ ក្នុងការរៀបចំជាពិសេស វគ្គបណ្តុះបណ្តាលខ្លីៗ ទាក់ទងទៅនឹងជំនាញទន់ និងជំនាញរឹង ក្នុងការត្រៀមចាប់យកឱកាសការងារ ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅពេលបច្ចុប្បន្ន និងពេលអនាគត»។

ដើម្បីជាការលើកកម្ពស់វិស័យធនាគារ និងហិរញ្ញវត្ថុ លោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកទឹកចិត្ត និងផ្តល់នូវទស្សន:ចំនួន៣ ដល់អ្នកចូលរួម ដូចជា ទី១ ការចូលរួមអភិវឌ្ឍធនធានមនុស្ស លើមុខជំនាញធនាគារ និងហិរញ្ញវត្ថុ តាមរយ:ការលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យជ្រើសរើសមុខជំនាញនេះ ការពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលនៅគ្រប់កម្រិត ការអនុវត្តយុទ្ធសាស្ត្រទាក់ទាញ និងរក្សាបុគ្គលឆ្នើម ការពង្រឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍។

ទី២ ស្ថាប័នធនាគារ និងហិរញ្ញវត្ថុចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់លទ្ធភាពដល់និស្សិត ការហ្វឹកហាត់ការងារកំឡុងពេលសិក្សា ហើយថែមទាំងបានផ្ដល់ប្រាក់ឧបត្ថមសមរម្យ ដែលជួយសម្រួលដល់ការសិក្សារបស់ពួកគេ។ ទី៣សាកលវិទ្យាល័យជំរុញការលើកទឹកចិត្តឱ្យបង្កើន និងពង្រឹងកិច្ចសហការរវាងវិស័យសាធារណ: វិស័យឯកជន វិស័យអប់រំ និងដៃគូអភិវឌ្ឍក្នុងការលើកកម្ពស់កម្មវិធីសិក្សា។
ជាមួយគ្នានេះដែរ លោក ទូច វិសាលសុខ ក៏បានអំពាវនាវដល់គ្រឹះស្ថានឧត្តមសិក្សាក្នុងស្រុកនានា ចូលរួមសហការជាមួយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) ដើម្បីពង្រឹងសមត្ថភាពនិស្សិតក្នុងវិស័យនេះឱ្យកាន់តែមានសក្ដានុពល ហើយពោរពេញទៅដោយវិជ្ជាជិវៈ ឲ្យមានការងារគ្រប់ៗគ្នា បន្ទាប់ពីបានបញ្ចប់ការសិក្សា។ លោក ទូច វិសាលសុខ ក៏បានលើកទឹកចិត្តឱ្យវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ (IBF) បន្តចូលរួមផ្តល់គ្រាប់ពូជមូលធនដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមរយៈការដើរតួនាទីជាវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញបន្ទាប់ពីការសិក្សាក្នុងសាលា និងការប្រកួតប្រជែងផ្សេងៗលើវិស័យនេះ។

សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍ជំនាញ និងការងារ មានគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុជិត ២០ ស្ថាប័នចូលរួម និងបានផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ព្រមទាំងរួមគ្នា ដោះស្រាយបញ្ហាប្រឈម តួយ៉ាងពាក់ព័ន្ធទៅនឹងតម្រូវការធនធានក្នុងវិស័យធនាគារ ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន និងសម្រាប់អនុវត្តនាពេលខាងមុខ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ