Connect with us

ព័ត៌មានជាតិ

ជាង ១ ខែ ក្រសួងសុខាភិបាល ដឹកនាំដោយរដ្ឋមន្ត្រីថ្មី ចាត់វិធានការច្បាប់លើ មន្ទីរពេទ្យឯកជន ផលិតផលឱសថ និងបំប៉នសុខភាព ចំនួន ៥

បានផុស

នៅ

ជាង ១ ខែ ក្រសួងសុខាភិបាល ក្រោម​ការ​ដឹកនាំ​របស់​លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ថ្មី ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី ០១ កញ្ញា ដល់ ថ្ងៃ​ទី ០៤ តុលា ឆ្នាំ ២០២៣ នេះ បាន​ចាត់​វិធានការ​ច្បាប់​លើ​គ្រឹះស្ថាន ឱសថ​ស្ថាន ឱសថ​ស្ថាន​បុរាណ មន្ទីរ​សម្រាក​ព្យាបាល​ឯកជន ឱសថ ឱសថ​បុរាណ និង ការ​ព្យាបាល​ជំងឺ​មិន​ប្រក្រតី ប្រមាណ​ចំនួន ៥ ដែល​ខុសច្បាប់ និង​គ្មាន​លេខ​បញ្ជិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រឹះស្ថាន ឱសថ​ស្ថាន ឱសថ​ស្ថាន​បុរាណ មន្ទីរ​សម្រាក​ព្យាបាល​ឯកជន ឱសថ ឱសថ​បុរាណ និង ការ​ព្យាបាល​ជំងឺ​មិន​ប្រក្រតី ប្រមាណ​ចំនួន ៥ ទីតាំង ដែល​ខុសច្បាប់ និង​គ្មាន​លេខ​បញ្ជិកា នោះ​រួមមាន ៖

គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ​គ្រួសារ​កក់ក្ដៅ ឯ.នាយក​គ្រឹះស្ថាន​ផលិត​ឱសថ Bio Grand Co.,Ltd., Thailand

យោង​តាម​សេចក្ដីប្រកាស​របស់ ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា ក្រសួងសុខាភិបាល បាន​ប្រកាស​លុប​លេខ​បញ្ជិកា​ផលិតផល​បំប៉ន​សុខភាព​ឈ្មោះ Ginseng Pro., B/ Bot./30 Caps និង Ginseng Pro.B/ Bott./ 60 Caps។

សេចក្ដីប្រកាស បន្ត​ថា ដោយ​យោង​តាម​ព្រឹត្តិបត្រ​វិភាគ​គុណភាព​ចុះ​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ ២០២៣ របស់​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល បាន​បញ្ជាក់​ថា ផលិតផល​បំប៉ន​សុខភាព​ខាង​លើ​មាន​ផ្ទុក​សារធាតុ Dexamethasone និង Prednisolone បន្ថែម ជា​ហេតុ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ប្រើប្រាស់។ ទន្ទឹម​នោះ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ដល់​អ្នក​ប្រើប្រាស់ ក្រសួង​សុខាភិបាល បាន​សម្រេច​លុប​លេខ​បញ្ជិកា​ផលិតផល​បំប៉ន​សុខភាព​ទាំងពីរ​ខាង​លើ​ចេញ​ពី​បញ្ជី​ឱសថ ចាប់ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ។

សេចក្ដីប្រកាស​ដដែល សង្កត់​ធ្ងន់​ថា ចំពោះ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ និង គ្រឹះស្ថាន​ផលិត​ឱសថ​ដែល​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធានការ​ប្រមូល​ផលិតផល​បំប៉ន​សុខភាព​ខាង​លើ​ចេញ​ពី​ឱសថ​ស្ថាន ឱសថ​ស្ថាន​រង​នានា និង​ពី​ទីផ្សារ ព្រមទាំង​ហាម​លក់​លើ​ប្រព័ន្ធ​អនឡាញ និង​បណ្ដាញ​សង្គម​នានា ពុំ​នោះ​ទេ ក្រសួងសុខាភិបាល នឹង​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន។

យ៉ាងណាមិញ​ថ្មីៗ​នេះ ក្រោយ​ពី​បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ​គ្រួសារ​កក់ក្ដៅ ឯ.ក នៅតែ​មិន​គោរព និង​មិន​អនុវត្ត​តាម​ខ្លឹមសារ នៃ​កិច្ចសន្យា​ខាងលើ​ឡើយ ហើយ​ថែមទាំង​បាន​ចេញ​លិខិត​បំភ្លឺ​ជា​សាធារណៈ​លេខ ៣៦៨/HHB/២៣ ចុះ​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ឆ្នាំ ២០២៣ តាមរយៈ​មេធាវី​តំណាង​របស់​ខ្លួន ដោយ​ធ្វើការ​វាយប្រហារ​មក​លើ​ក្រសួងសុខាភិបាល ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​ភាន់ច្រឡំ និង​យល់​ខុស​ទៅ​លើ​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​របស់​ក្រសួងសុខាភិបាល ដែល​បាន​ធ្វើ​កន្លងមក ទើប​ក្រសួងសុខាភិបាល ចេញ​សេចក្ដី​សម្រេច​ស្ដីពី​ការ​បិទ និង​ដកហូត​សេចក្ដី​សម្រេច​ស្ដីពី​ការ​បន្ត​សុពលភាព​គ្រឹះស្ថាន អាហរ័ណ នីហរ័ណ​ឱសថ គ្រួសារ​កក់ក្ដៅ ឯ.ក។ ហើយ​រហូត​មក​ដល់​ពេលនេះ ម្ចាស់​គ្រឹះស្ថាន អាហរ័ណ នីហរ័ណ​ឱសថ គ្រួសារ​កក់ក្ដៅ ឯ.ក នៅតែ​មិន​គោរព និង​មិន​អនុវត្ត​តាម​វិធានការ​របស់​ក្រសួង​ជំនាញ ដោយ​បន្ត​ធ្វើ​សកម្មភាព​វាយប្រហារ​មក​លើ​ក្រសួងសុខាភិបាល ពុំ​មាន​មូលដ្ឋាន​សមស្រប និង​មាន​ចេតនា​ញុះញង់ បង្ក​ជា​ចលាចល ព្រមទាំង​បំពុល​បរិយាកាស​នៅ​ក្នុង​សង្គម​ទៀត​ផង។

ឱសថ​ឈ្មោះ ALPHACIN-Chooy

ក្រសួងសុខាភិបាល បាន​ធ្វើការ​ហាមឃាត់​ការ​ចែកចាយ ឬ លក់​ឱសថ​ឈ្មោះ ALPHACIN-Chooy ដែល​គ្មាន​លេខ​បញ្ជិកា។ ក្រសួងសុខាភិបាល បាន​ពិនិត្យ​ឃើញ​ថា មាន​ឱសថ​ឈ្មោះ ALPHACIN-Chaoy គ្មាន​លេខ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល ដែល​បាន​និង​កំពុង​ចរាចរ​លើ​ទីផ្សារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ក្នុង​នោះ ដោយ​អនុលោម​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ឱសថ និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ឱសថ តម្រូវ​ឲ្យ​រាល់​ការ​ចរាចរ​ឱសថ និង​ផលិតផល​ដែល​មាន​គុណភាព​ក្នុង​ការ​បង្ការ ឬ ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​មាន​លេខ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល។

ទន្ទឹម​នោះ ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មុន​ទិញ​ឱសថ​គ្រប់​ប្រភេទ សូម​ពិនិត្យ​មើល​លតាបត្រ​បញ្ជិកា​ដែល​មាន​បិទ​លើ​សំបក​វេច​ខ្ចប់។ ហើយ​លតាបត្រ​ដែល​ត្រឹមត្រូវ គឺ​មាន​ពីរ​ផ្នែក ១-ផ្នែក​ខាង​លើ​មាន​ឈ្មោះ គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ និង ២-ផ្នែក​ខាង​ក្រោម​មាន​លេខ​បញ្ជិកា ដូច​មាន​គំរូ​ភ្ជាប់​មក​ជាមួយ។

ក្រសួងសុខាភិបាល ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មិន​ត្រូវ​ទិញ និង​ប្រើប្រាស់​ឱសថ​ដែល​គ្មាន​លេខ​បញ្ជិកា​ខាង​លើ​ជា​បន្ត​ទៀត​ឡើយ ព្រោះ​ឱសថ​នេះ​មិន​អាច​ធានា​បាន​នូវ​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព បាន​ឡើយ ហើយ​អាច​ជា​ឱសថ​ក្លែងក្លាយ បណ្ដាល​ឲ្យ​ប៉ះពាល់​សុខភាព ឬ មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អ្នក​ប្រើប្រាស់​ទៀត​ផង។

ការ​ព្យាបាល​ជំងឺ​មិន​ប្រក្រតី និង​លក់​ឱសថ​បុរាណ លោក ស៊ូ សេងហួរ

ការ​បញ្ឈប់​សកម្មភាព​ព្យាបាល​ជំងឺ​មិន​ប្រក្រតី និង​លក់​ឱសថ​បុរាណ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​របស់ លោក ស៊ូ សេងហួរ។ កន្លង​មក នាយកដ្ឋាន​ឱសថ ចំណី​អាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង នៃ​ក្រសួងសុខាភិបាល និង​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ចុះ​ទៅ​ធ្វើការ​អប់រំ និង​ផាក​ពិន័យ លោក ស៊ូ សេងហួរ ចំពោះ​ករណី​ផ្សព្វផ្សាយ​ការ​ព្យាបាល​ជំងឺ ចែកចាយ និង លក់​ឱសថ​បុរាណ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល និង​បើក​ទីតាំង​អគារ​ឱសថ​បុរាណ​ថ្មី​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ចំនួន ២ ដង រួច​មក​ហើយ នៅ​ខែ​មីនា និង​ខែ​ឧសភា ឆ្នាំ ២០២៣។

ជាមួយ​នោះ ទោះ​បី​ជា​ធ្លាប់​បាន​សន្យា​ថា បញ្ឈប់​ការ​ធ្វើ​សកម្មភាព​ខុសច្បាប់ ក៏ លោក ស៊ូ សេងហួរ នៅតែ​បន្ត​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នូវ​ការ​ព្យាបាល​ជំងឺ​មិន​ប្រក្រតី និង​លក់​ឱសថ​បុរាណ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល។

ទន្ទឹម​នោះ ដោយ​សង្កេត​ឃើញ​នូវ​សកម្មភាព​ទាំងនេះ មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ចុះ​ទៅ​បិទ​បញ្ឈប់​សកម្មភាព​ខុសច្បាប់ និង​ណែនាំ លោក ស៊ូ សេងហួរ ឲ្យ​លុប​វីដេអូ ផ្សព្វផ្សាយ​ការ​ព្យាបាល​ជំងឺ​ប្រាសចាក​ការ​ពិត​ទាំងអស់​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​បន្ទាន់។

ក្រសួងសុខាភិបាល ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ប្រុងប្រយ័ត្ន​ក្នុង​ការ​សម្រេច​ចិត្ត​ទទួល​ការ​ព្យាបាល​ដោយ​មន្តអាគម ឬ ឱសថ​បុរាណ​ដែល​ខុសច្បាប់ និង​កុំ​ជឿ​ការ​ឃោសនា​ភូត​កុហក​បោកប្រាស់​ទាំងនោះ តាម​បណ្ដាញ​សង្គម ឃ្លិប​វីដេអូ ឬ ការ​ផ្សព្វផ្សាយ តៗ គ្នា ដែល​នាំ​ឲ្យ​ខាតបង់​ប្រាក់ ពេលវេលា ប៉ះពាល់​ដល់​សុខភាព និង​អាច​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់ អាយុជីវិត​ជាយថាហេតុ។

៤-មន្ទីរ​សម្រាក​ព្យាបាល​ឯកជន តូច យ៉ាន

ការ​បិទ និង​ដកហូត​សេចក្ដី​សម្រេច​ឲ្យ​បើក​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន តូច យ៉ាន ដែល​មាន​ទីតាំង​នៅ​ផ្ទះលេខ ១៦-១៨-២០-២២ ផ្លូវ​លេខ ១៦ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​មូលហេតុ មន្ទីរ​សម្រាក​ព្យាបាល​នេះ ប្រើប្រាស់​បុគ្គលិក​មិន​មាន​គុណវុឌ្ឍ​ស្រប​ទៅ​នឹង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល និង​បាន​ក្លែង​បន្លំ​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ចុះ​ឈ្មោះ​គណៈ​គ្រូពេទ្យ​ក្លែងក្លាយ ព្រមទាំង​អនុវត្ត​មិន​បាន​ត្រឹម​ត្រូវ​តាម​បទដ្ឋាន​ស្តង់ដារ​អប្បបរមា​សម្រាប់​មូលដ្ឋាន​សុខាភិបាល​ឯកជន។

៥-មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​សមុទ្រ​ក្រុង

ការ​បិទ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​សមុទ្រ​ក្រុង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ ៧០១ ភូមិ ០៣ សង្កាត់​លេខ ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ របស់​លោក​វេជ្ជបណ្ឌិត អាន ដា រីដត ដោយ​មូលហេតុ​មិន​មាន​លិខិត​អនុញ្ញាត​បើក​មន្ទីរ​សម្រាក​ព្យាបាល៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម