ព័ត៌មានជាតិ
លោក ប៉ែន បូណា ៖ ប្រទេសជឿនលឿន គេចាត់ទុកបញ្ហាអសន្តិសុខសង្គមមួយចំនួន ជារឿងកំប៉ិកកំប៉ុកមិនពង្រីកឲ្យធំឡើយ
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលធ្លាប់ជាអ្នកសារព័ត៌មានចាស់វស្សាមួយរូប បានលើកឡើងថា នៅប្រទេសជឿនលឿនដែលលោកធ្លាប់ទៅរៀន គឺគេចាត់ទុកបញ្ហាអសន្តិសុខសង្គមដូចជាករណីចោរលួចចោរប្លន់, ឃាតកម្ម, ក្មេងទំនើង ឬករណីគ្រោះថ្នាក់ចរាចរណ៍ ជារឿងកំប៉ិកកំប៉ុកដែលគេមិនចាប់អារម្មណ៍ យកមកសរសេរលាតត្រដាងជារឿងធំ ដូចនៅប្រទេសកម្ពុជាឡើយ។
មន្ត្រីដដែល ក៏មិនគាំទ្រឲ្យមានការផ្សព្វផ្សាយ រឿងពាក់ព័ន្ធនឹងបញ្ហាអសន្តិសុខសង្គម នៅលើបណ្ដាញសារព័ត៌មាន ឬបណ្ដាញសង្គមនោះទេ ជាពិសេសការបង្ហាញរូបថតមិនគោរពសិទ្ធិបុគ្គលឯកជនដែលប៉ះពាល់ខ្លាំងនោះដែរ។
ការលើកឡើងខាងលើនេះ បន្ទាប់ពីនាពេលថ្មីៗនេះ មានមតិមួយចំនួន បានលើកឡើងថា សម្រាប់ហេតុការណ៍អសន្តិសុខនៅក្នុងសង្គមមួយចំនួនដូចជាករណីចោរកម្ម, ឃាតកម្ម, ក្មេងទំនើង, ឬករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម មិនគួរបង្ហោះផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ឬបណ្ដាញសារព័ត៌មានច្រើននោះទេ ព្រោះវានឹងប៉ះពាល់ដល់វិស័យទេសចណ៍របស់កម្ពុជា។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៤ ខែតុលានេះថា បញ្ហាអសន្តិសុខសង្គមដូចជាករណីចោរលួចចោរប្លន់, ឃាតកម្ម, ក្មេងទំនើង ឬករណីគ្រោះថ្នាក់ចរាចរណ៍ជាដើមនោះ គឺជារឿងធម្មតាដែលប្រទេសណាក៏កើតមានដែរ ដោយប្រទេសខ្លះកើតមានតិច និងប្រទេសខ្លះកើតមានច្រើន ហើយមិនអាចជៀសផុតឡើយ។
លោកបន្តថា នៅប្រទេសដទៃ ជាពិសេសនៅប្រទេសជឿនលឿន ដែលលោកធ្លាប់បានទៅរៀនសូត្រអំពីវិស័យសារព័ត៌មាននោះ គឺពួកគេចាត់ទុកបញ្ហាអសន្តិសុខសង្គមខាងលើនេះ ជារឿងកំប៉ិកកំប៉ុកដែលគេមិនចាប់អារម្មណ៍ យកមកសរសេរលាតត្រដាងជារឿងធំ ដូចនៅប្រទេសកម្ពុជាឡើយ។ បើគេសរសេរយ៉ាងច្រើ ២ ទៅ ៣ ឬ ៥បន្ទាត់ ដោយមិនទាំងដាក់រូបភាពផង លើកលែងតែករណីធំៗ ដែលកើតឡើងម្ដងម្កាលតែប៉ុណ្ណោះ។
លោក ប៉ែន បូណា បានបន្ថែមថា «ប៉ុន្តែរឿងអសន្តិសុខបន្តិចបន្តួចហ្នឹង គឺគេអត់ផ្សាយជារឿងធំទេ នេះគឺជាក្រមសីលធម៌ផង ហើយនិងជាការគោរពដល់សិទ្ធិបុគ្គលឯកជន ឬមួយយើងរក្សាមុខមាត់របស់ប្រទេសផង ដែលអ្នកសារព័ត៌មានម្នាក់ៗហ្នឹង ត្រូវតែមានអាហ្នឹង»។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្ថែមទៀតថា សម្រាប់នៅក្នុងប្រទេសកម្ពុជា រឿងកំប៉ិកកំប៉ុក រឿងបន្តិចបន្ទួចផុសឡើងយ៉ាងព្រោងព្រាត នៅលើទំព័រសារព័ត៌មាន និងនៅលើបណ្ដាញសង្គម ដែលអាចជះឥទ្ធិពលអាក្រក់ដល់វិស័យទេសចរណ៍ ទៅដល់ផ្នត់គំនិតមនុស្ស ពិសេសយុវជន និងក្មេងៗជំនាន់ក្រោយជាដើម។
«អ្វីដែលសង្កេតឃើញជាទូទៅ នៅស្រុកយើងនេះ គឺសម្បូរណាស់ សម្បូរសារព័ត៌មាន ឬអ្នកលេងបណ្ដាញសង្គមមួយចំនួនហ្នឹង គឺចូលចិត្តយករឿងកំប៉ិកកំប៉ុកទាំងអស់ហ្នឹង យកមកធ្វើជារឿងធំ ហើយដើម្បីទាក់ទាញ View ទាក់ទាញការ Like Comment ក្នុងន័យបន្តុះបង្អាប់ប្រទេសយើងខ្លួនឯង ខណៈដែលប្រទេសប្រជាធិបតេយ្យជឿនលឿនធំៗហ្នឹង គេអត់ធ្វើអញ្ចឹងទេ»។ នេះជាការកត់សម្គាល់របស់លោក ប៉ែន បូណា ដដែល។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានកត់សម្គាល់ទៀតថា កន្លងមក អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះ បានលើកឡើងថា ការផ្សព្វផ្សាយអំពីបញ្ហាអសន្តិសុខសង្គមទាំងនោះ គឺជាសិទ្ធិសេរីភាពក្នុងការផ្សព្វផ្សាយ តែមិនបានគិតទេអំពីការផ្សព្វផ្សាយរឿងទាំងនោះ វាប៉ះពាល់ដល់អ្វីខ្លះ។
សម្រាប់លោក ប៉ែន បូណា មិនគាំទ្រឲ្យមានការផ្សព្វផ្សាយ រឿងពាក់ព័ន្ធនឹងបញ្ហាអសន្តិសុខសង្គម នៅលើបណ្ដាញសារព័ត៌មាន ឬបណ្ដាញសង្គមនោះទេ ជាពិសេសការបង្ហាញរូបថតមិនគោរពសិទ្ធិបុគ្គលឯកជនដែលប៉ះពាល់ខ្លាំងនោះដែរ។ លោកបញ្ជាក់ថា «ខ្ញុំគាំទ្រថា មិនគួរផ្សព្វផ្សាយទេ បងប្អូនអ្នកសារព័ត៌មាន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមទាំងឡាយ គួរតែគិតគូរអំពីរឿងហ្នឹងឡើងវិញ»៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន