ព័ត៌មានជាតិ
កម្ពុជា-ឥណ្ឌា គ្រោងដាក់ឲ្យដំណើរការជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ នាចុងខែតុលានេះ
នាចុងខែតុលា ឆ្នាំ ២០២៣នេះ កម្ពុជា-ឥណ្ឌា គ្រោងដាក់ឲ្យដំណើរការជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដែលការណ៍នេះនឹងជំរុញឲ្យសក្តានុពល នៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ ដំណឹងនេះ ត្រូវបានផ្សព្វផ្សាយក្នុងខ្លឹមសារដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣។

នៅក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានការស្វាគមន៍ចំពោះលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត និងសហការី និងបានអរគុណចំពោះលិខិតអបអរសាទរ ក្នុងឱកាសនៃការចូលកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់សម្តេច កាលពីខែសីហា ឆ្នាំ ២០២៣ ព្រមទាំងបានអរគុណលោកស្រីឯកអគ្គរដ្ឋទូត ដែលបានសម្របសម្រួល និងរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ទៅកាន់ប្រទេសឥណ្ឌា កាលខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងតួនាទីជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមមាន៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌ និងការពារជាតិ ជាដើម។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីរំពឹងផងដែរថា ប្រទេសទាំងពីរ នឹងពង្រីកវិសាលភាពបន្ថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសលើការវិនិយោគ, សន្តិសុខអ៊ីនធឺណិត និងវិស័យដទៃទៀត ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ស្របពេលដែលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កំពុងស្ថិតនៅលើគន្លងមាគ៌ា នៃការអភិវឌ្ឍ ដែលកំពុងរីកលូតលាស់ឥតឈប់ឈរ ។
ជាការឆ្លើយតប តាងនាមរដ្ឋាភិបាល និងប្រជាជនឥណ្ឌា លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ក៏បានចូលរួមអបអរសាទរក្នុងឱកាសដែល “រមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ទន្ទឹមគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានលើកឡើង អំពីទំនាក់ទំនងជាលក្ខណៈប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរ ជាពិសេសលើផ្នែកវប្បធម៌ និងប្រជាសាស្ត្រ ហើយបច្ចុប្បន្នក៏កំពុងមានការរីកចម្រើនលូតលាស់ លើគ្រប់វិស័យគួរឲ្យកត់សម្គាល់។
ជាក់ស្តែង នៅក្នុងវិស័យពាណិជ្ជកម្ម ប្រទេសទាំងពី រកំពុងចរចាលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មទ្វេភាគីក្នុងពេលបច្ចុប្បន្ន ហើយទៅថ្ងៃអនាគត ក៏នឹងមានការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត។ នៅក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ប្រទេសទាំងពីរគ្រោង នឹងដាក់ឲ្យដំណើរការនូវជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នាចុងខែតុលា ឆ្នាំ ២០២៣ខាងមុខ ដែលការណ៍នេះនឹងជំរុញឲ្យសក្តានុពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងទៀត កាន់តែមានសន្ទុះខ្លាំងក្លាឡើង ។
លើសពីនេះ ឥណ្ឌា ក៏គ្រោងនឹងពង្រីកវិសាលភាពលើវិស័យបច្ចេកវិទ្យា សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ដោយទ្បែកចំពោះវិស័យការពារជាតិវិញ ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ក៏មានវឌ្ឍនភាពលូតលាស់គួរឲ្យកត់សម្គាល់ ដូចដែលស្តែងឡើងតាមរយៈការចុះអនុស្សារណៈ នៃការយោគយល់រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងការរៀបចំការហ្វឹកហ្វឺនរួមគ្នា ។
សម្តេចធិបតី និងលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានឯកភាពគ្នាក្នុងការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទៅដល់កងទ័ពជើងទឹក។ ជារួមលោកស្រីឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កាន់តែមានសន្ទុះខ្លាំងទ្បើង ហើយការផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជា-ឥណ្ឌា ក៏កាន់តែរឹងមាំ បន្ទាប់ពីព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី នៅកាន់ប្រទេសឥណ្ឌា នាពេលកន្លងមក។
ក្នុងឱកាសនោះផងដែរ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញសម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា ជាថ្មីម្តងទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ ឲ្យកាន់តែស្និទ្ធស្នាល និងឋិតថេរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត