ព័ត៌មានជាតិ
សម្តេចធិបតី រំពឹងថាកម្ពុជា-តួកគី នឹងពង្រីកកិច្ចសហប្រតិបត្តិការ ហើយមានការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានរំពឹងទុកផងដែរថា កម្ពុជា-តួកគី នឹងមានការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងការចែករំលែកព័ត៌មាន ជាដើម ហើយតទៅអនាគត ក៏អាចឈានទៅដល់ការធ្វើលំហាត់រួម ដើម្បីបង្កើននូវទំនាក់ទំនងរវាងកងទ័ព និងកងទ័ព ឱ្យកាន់តែជិតស្និទ្ធ ។ សម្ដេចបានដាក់ក្ដីរំពឹងបែបនេះ ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី អ៊ុលគូ កូចាអាហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

សម្តេចធិបតី ក៏បានបង្ហាញនូវក្តីរំពឹងទុកផងដែរថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-តួកគី នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកឱ្យស៊ីជម្រៅបន្ថែមទៀត ជាពិសេសនៅក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន, វិស័យអប់រំ, កសិកម្ម, ទេសចរណ៍ និងពាណិជ្ជកម្ម ដោយ សម្តេចធិបតី បានលើកទឹកចិត្តឱ្យ លោកជំទាវឯកអគ្គរដ្ឋ ជួបផ្ទាល់ជាមួយបណ្តារដ្ឋមន្ត្រីនៃក្រសួង-ស្ថាប័នទាំងនោះផងដែរ ។

ក្នុងជំនួបនេះដដែល សម្តេចធិបតី បានបញ្ជាក់ នៅចំពោះមុខឯកអគ្គរាជទូតតួកគីប្រចាំកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៅតែបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី ជាពិសេសលើកម្មវិធី និងគម្រោងនានា ដែលកំពុងអនុវត្ត។ ជាក់ស្តែង នៅក្នុងវិស័យអប់រំ តួកគីបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយកម្ពុជាក៏កំពុងសិក្សាអំពីលទ្ធភាពក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតតួកគីវិញផងដែរ ។

ក្រៅពីនេះ សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត និងសហការី និងបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលតួកគី ដែលបានគាំទ្រ និងផ្តល់កិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ នៅក្នុងដំណើការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក ។
លោកស្រីឯកអគ្គរដ្ឋទូត អ៊ុលគូ កូចាអាហ្វេ បានថ្លែងនូវការអបអរសាទរជូន សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានយកឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល, កាកបាទក្រហម និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកទុក្ខនិងផ្តល់ជំនួយមនុស្សធម៌ ក្នុងកាលៈទេសៈដែលប្រទេសតួកគីជួបនូវគ្រោះធម្មជាតិរញ្ជួយដីកន្លងមក ។

ក្នុងជំនួបនេះ លោកស្រី ក៏បានធ្វើការកត់សម្គាល់ផងដែរថា ក្រោយការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ទៅកាន់ប្រទេសតួកគីកាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមានការរីកចម្រើនខ្ពស់ទ្បើងជាលំដាប់ ដោយក្នុងនេះ ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនទ្បើងពីមួយឆ្នាំទៅមួយឆ្នាំ។ ចំពោះវិស័យអប់រំ តួកគីបានផ្តល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជា ព្រមទាំងបានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលវប្បធម៌តួកគី ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាការបើកឱ្យមានថ្នាក់រៀនភាសាតួកគីផងដែរ ដោយបច្ចុប្បន្ននេះមាននិស្សិតប្រមាណ ៦០ នាក់កំពុងសិក្សា ។
ជាមួយគ្នានេះ តួកគីក៏បានបង្កើតឱ្យមានជាលើកដំបូងនូវការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជកម្មនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនទៅមុខឆាប់រហ័ស ។ លើសពីនេះទៀត លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបង្ហាញអំពីបំណងក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗទៀត ដូចជា៖ វិស័យសុខាភិបាល, កសិកម្ម, បរិស្ថាន, ការពារជាតិ និងការអនុវត្តច្បាប់ ជាដើម ។ល។
ជាចុងក្រោយ សម្ដេចធិបតី បានជូនពរ លោកស្រីឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ នៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ