ព័ត៌មានជាតិ
ផ្ដើមពីមន្ត្រីក្រឡាបញ្ជី នាំលោក កៅ ថាច ក្លាយជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គឺជាធនាគាររដ្ឋ ដែលជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងអនុវត្ត គោលនយោបាយស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ យ៉ាងយកចិត្ដទុកដាក់ តាមរយៈការបញ្ចេញហិរញ្ញប្បទានពិសេស។ ធនាគាររដ្ឋនេះ ត្រូវបានដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយក្រុម ហើយគ្រប់គ្រងផ្ទាល់ដោយអគ្គនាយក១រូប គឺលោក កៅ ថាច។ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទរូបនេះ គឺជាបណ្ឌិតមកពីប្រទេសស្វីស និងជាអតីតមន្ត្រីក្រឡាបញ្ជី។

លោក កៅ ថាច គឺជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រច្បាប់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅក្នុងឆ្នាំ១៩៩៨។ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនេះ លោក កៅ ថាច បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសអូស្ត្រាលី ដោយបានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រ នៅក្នុងឆ្នាំ២០០២ ដែលផ្ដោតទៅលើជំនាញប្រព័ន្ធពាណិជ្ជកម្មច្បាប់អន្តរជាតិ ក្របខណ្ឌច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ដំណោះស្រាយក្រៅប្រព័ន្ធតុលាការ និងការរៀបចំប្រព័ន្ធដោះស្រាយវិវាទ នៃសាកលវិទ្យាល័យ Bond University។
លោក កៅ ថាច ក៏បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតចំនួន២ថែមទៀត គឺសញ្ញាបត្របណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ EU Business School ប្រទេសស្វីស ក្នុងឆ្នាំ២០១៨ និងសញ្ញាបត្របណ្ឌិតគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យកម្ពុជា ក្នុងឆ្នាំ២០២១ ដោយបានបញ្ចប់និក្ខេបបទ «តួនាទីរបស់និយ័តករមូលបត្រក្នុងការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព និងបទបញ្ញត្តិទីផ្សារមូលបត្រនៅកម្ពុជា។

បន្ថែមពីលើសញ្ញាបត្រខាងលើ លោក បានចូលរួមវគ្គបណ្តុះបណ្តាលការអភិវឌ្ឈទីផ្សារមូលបត្រ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងវគ្គបណ្តុះបណ្តាលអំពីច្បាប់ហិរញ្ញវត្ថុអន្តរជាតិ ដោយផ្តោតលើច្បាប់ធនាគារពិភពលោក មូលនិធិអភិវឌ្ឍន៍អន្តរជាតិ និងធនាគារសម្រាប់ការទូទាត់អន្តរជាតិ នៅទីក្រុងវៀនណា ប្រទេសអូទ្រីស និងវគ្គបណ្តុះបណ្តាលសំខាន់ៗជាច្រើនទៀត។
ចំពោះប្រវត្តិការងារវិញ លោកបណ្ឌិត កៅ ថាច បានចាប់ផ្ដើមចូលបម្រើការដំបូងជាមន្រ្តីច្បាប់ នៅក្រសួងយុត្តិធម៌ តាំងពីឆ្នាំ១៩៩៩ ពោល គឺក្រោយពេលដែលលោក បានបញ្ចប់ការសិក្សាកម្រិតឧត្តមសិក្សា ហើយក្រោយមក លោក បានបម្រើការងារជាមន្ត្រីក្រឡាបញ្ជី នៅសាលាដំបូងខេត្តកោះកុង។ លោក កៅ ថាច ក៏ធ្លាប់ធ្វើជាប្រធានការិយាល័យទីផ្សារហិរញ្ញវត្ថុ នៅនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ និងជាសមាជិកក្រុមការងារបច្ចេកទេសក្នុងវិស័យហិរញ្ញវត្ថុ ដែលជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមក្របខណ្ឌអាស៊ាន លើការងារអភិវឌ្ឍន៍ទីផ្សារដើមទុន ដូចជា ក្រុមការងារ ABMI, ACMF និងសេរីភាវូបនីយកម្មសេវាកម្មហិរញ្ញវត្ថុ ជាដើម។

ដោយផ្អែកលើសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ការងារ បណ្ឌិតពាណិជ្ជកម្មរូបនេះ ត្រូវបានទទួលការតែងតាំងជាអគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា ដែលមានឋានៈ និងបុព្វសិទ្ធិស្មើ អនុរដ្ឋលេខាធិការ ហើយត្រូវទទួលបន្ទុកការងារនាយកដ្ឋានកិច្ចការគតិយុត្ត និងនាយកដ្ឋានត្រួតពិនិត្យអន្តរការី។
ទន្ទឹមនេះ លោក ក៏ជាបុគ្គលម្នាក់ដែលបានចូលរួមធ្វើសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងច្បាប់ស្តីពីការបោះផ្សាយ និងជួញដូរមូលបត្រមហាជន ព្រមទាំងជាសមាជិកក្រុមកាងារទទួលបន្ទុករៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ២០០៦-២០១៥ និង២០១១-២០២០ ផងដែរ។ រហូតមកដល់បច្ចុប្បន្ន លោក កៅ ថាច កំពុងកាន់តំណែងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាការអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលទទួលបានការតែងតាំងមុខតំណែងនេះ តាំងពីឆ្នាំ២០១៤មកម្លេះ។

ក្នុងតួនាទីជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោកបណ្ឌិត កៅ ថាច បានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តការផ្តល់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សំដៅការស្ដារ និងរក្សាលំនឹងអាជីវកម្មរបស់ប្រជាកសិករ សហគមន៍កសិកម្ម និងសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម។ ការបញ្ចេញមូលនិធិហិរញ្ញប្បទានពិសេសនេះ របស់រាជរដ្ឋាភិបាលនេះ បានគ្របដណ្តប់លើការពង្រីកការដាំដុះបន្លែ-ផ្លែឈើ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ, និងការកែច្នៃផលិតផលកសិកម្ម ជាដើម៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់