ព័ត៌មានជាតិ
កុមារី អាយុ ៩ ឆ្នាំ នៅខេត្តកោះកុង ទទួលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ចាប់ពីថ្ងៃនេះតទៅ
ក្រុមកុមារីអាយុ ៩ ឆ្នាំ នៅក្នុងខេត្តកោះកុង បានទទួលថ្នាំបង្ការជំងឺមាត់ស្បូនឥតគិតថ្លៃ ដើម្បីការពារជំងឺមហារីកមាត់ស្បូនទៅថ្ងៃមុខ តបតាមកម្មវិធីទិវាផ្ដល់ថ្នាំបង្ការជំងឺជាផ្លូវការទូទាំងប្រទេស។

លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ ថា ជំងឺមហារីកមាត់ស្បូនដែលត្រូវផ្ដល់ថ្នាំបង្ការការពារតែចំនួនមួយដូសដល់កុមារីម្នាក់ៗ ដែលមានអាយុ ៩ ឆ្នាំ នៅទូទាំងប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីប្រកាសបើកទិវាផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន លោកអភិបាលរងខេត្ត លើកឡើងបន្តថា តាមរយៈការផ្តល់ថ្នាំបង្ការនេះដែរ ធ្វើឡើងនៅតាមសាលារៀនបឋមសិក្សា តាមភូមិ ឬសហគមន៍ និងការផ្ដល់ថ្នាំបង្ការពេញមួយឆ្នាំតាមមណ្ឌលសុខភាព ចាប់ពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ នេះតទៅ។

ជំងឺមហារីកមាត់ស្បូនជានិច្ចកាលត្រូវបានគេប្រសិទ្ធិនាមថាជា”ឃាតកលាក់មុខ” ហើយក៏ជាជំងឺមួយ ដែលអាចការពារបានទាំងស្រុងផងដែរដោយសារថ្នាំបង្ការ។ វីរុសមហារីកស្បូន វាបង្កឲ្យកើតជំងឺមហារីកមាត់ស្បូន ហើយជំងឺនេះជាមូលហេតុចម្បងទីបួន នៃការស្លាប់របស់ស្ត្រីដោយជំងឺមហារីកនៅទូទាំងពិភពលោក ដោយភាគច្រើនកើតក្នុងប្រទេសមានប្រាក់ចំណូលទាប និងមធ្យម។

នៅប្រទេសកម្ពុជា ជំងឺមហារីកមាត់ស្បូនគឺជាមូលហេតុចម្បងទី ២ ក្នុងចំណោមមហារីកគ្រប់ប្រភេទដែលកើតទៅលើស្ត្រីគ្រប់វ័យ ដោយយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ ២០២០ បានបង្ហាញថា ជំងឺមហារីកមាត់ស្បូនសរុបចំនួនប្រមាណ ១១៣៥(១១.៤%) ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយចំនួន ៦៤៣ ករណី បានស្លាប់។ ដូច្នេះការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារស្ដីពីជំងឺមហារីកមាត់ស្បូនតាមរយៈការកាត់ផ្តាច់នូវការចម្លងមេរោគមហារីកមាត់ស្បូន។

គួរជម្រាបថា ក្រសួងសុខាភិបាល បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលមូលដ្ឋាន និងដោយមានការគាំទ្រពីអង្គការសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការផ្តល់ថ្នាំបង្ការ (Gavi) អង្គការសុខភាពពិភពលោក (WHO) អង្គការ មូលនិធិសម្រាប់កុមារ នៃអង្គការសហប្រជាជាតិ(UNICEF) និងអង្គការគ្លីនតុនហែល អែកសស អីនីតស៊ីអេធីវ (CHAI)នឹង ដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដែលត្រូវផ្ដល់តែចំនួនមួយដូសដល់កុមារីម្នាក់ៗ មានអាយុ ៩ ឆ្នាំ។

លោកវេជ្ជបណ្ឌិត Pascal RIngwald តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «សូមអបអរសាទរដ៏ក្រៃលេងចំពោះក្រសួងសុខាភិបាល ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ មានសារសំខាន់ និងជាប្រវត្តិសាស្ត្រនៅពេលនេះ។ ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនគឺជាយុទ្ធសាស្ត្រការពារដ៏ចម្បងមួយរបស់រាជរដ្ឋាភិបាលប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅរកការលុបបំបាត់ជំងឺមហារីកមាត់ស្បូនទាំងស្រុងនៅពេលអនាគត។

លោកវេជ្ជបណ្ឌិត Pascal RIngwald តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ពន្យល់ដែរថា ថ្នាំបង្ការជំងឺមហារីកមាត់ស្បូននេះគឺមានសុវត្ថិភាព និងជាវិធានការបង្ការមួយដ៏មានប្រសិទ្ធភាពបំផុតដែលអាចការពារជំងឺ មហារីកមាត់ស្បូន។ ការសម្រេចបាននូវការគ្របដណ្តប់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនមួយដូសខ្ពស់លើសពី ៨០% នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជន គ្រួសារ និងសហគមន៍នៅក្នុងទសវត្សរ៍ខាងមុខ”។

ដោយឡែកលោក Lan Mao នាយកស្ដីទី នៃអង្គការ CHAI ប្រចាំប្រទេសកម្ពុជា ក៏បានកោតសរសើរចំពោះការប្ដេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខភាព ក៏ដូចជាអនាគតរបស់កុមារីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៖ “ការផ្ដល់ជាអាទិភាពដល់ការបញ្ចូលថ្នាំបង្ការថ្មីៗ ដែលមានប្រសិទ្ធភាពដូចជា ថ្នាំបង្ការជំងឺមហារីកមាត់ស្បូននេះ គឺជាសក្ខីភាពមួយដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាលចំពោះការធ្វើឲ្យសុខ ភាពរបស់ប្រជាជនកម្ពុជាមានភាពប្រសើឡើង។
យោងទៅលើការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកនាពេលបច្ចុប្បន្នបានបង្ហាញថា ៖ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនចំនួនមួយដូសគឺមានប្រសិទ្ធភាពខ្ពស់ប្រមាណពី ៨០ ទៅ ៩០% ក្នុងការកាត់បន្ថយការឆ្លង និងការការពារពីជំងឺមហារីកមាត់ស្បូន។
កន្លងទៅ លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍នៅក្នុងពិធីប្រកាស ដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ ៩ ឆ្នាំ ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការថា ៖ “ជំងឺមហា រីកមាត់ស្បូនគឺជាបញ្ហាសុខភាពសាធារណៈអាទិភាពនៅប្រទេសកម្ពុជា។ លោកវេជ្ជបណ្ឌិត សង្កត់ធ្ងន់ថា យើងទាំងអស់គ្នាត្រូវពន្លឿនកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលុប បំបាត់ជំងឺដ៏កាចសាហាវនេះ តាមរយៈការបញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅប្រទេសកម្ពុជា។ យើងនឹងធានាថាកុមារីអាយុ ៩ ឆ្នាំ ទាំងអស់ នឹងទទួលបានថ្នាំបង្ការជំងឺមហារីកមាត់ស្បូនមួយដូសដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះតទៅ ហើយកម្ពុជាក៏មានគម្រោងនឹងផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី ដែលមានអាយុលើសពី ៩ ឆ្នាំ តាមរយៈការធ្វើយុទ្ធនាការក្នុងឆ្នាំ ២០២៥ ផងដែរ”៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ