ព័ត៌មានជាតិ
មកស្គាល់ទីតាំងស្តុកទុកវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅកម្ពុជា
ក្រសួងសុខាភិបាលកម្ពុជាមានលទ្ធភាព និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រងទុកដាក់ និងរក្សាប្រសិទ្ធិភាពវ៉ាក់សាំងកូវីដ-១៩ ដោយបានសហការជាមួយម្ចាស់ប្រទេសផ្ដល់វ៉ាក់សាំង ព្រមទាំងអង្គការសុខភាពអន្តរជាតិនានា។

រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា វ៉ាក់សាំងរបស់ចិន នឹងរក្សាទុកនៅមន្ទីរពេទ្យព្រះកេតុមាលា ដោយកម្ពុជាមានប្រព័ន្ធបែងចែក និងចាក់វ៉ាក់សាំងត្រឹមត្រូវ។
លោកស្រី មានប្រសាសន៍ថា៖ “ក្រសួងនឹងបែងចែកវ៉ាក់សាំងបន្ត ទៅតាមន្ទីរពេទ្យដែលមានកន្លែងទុកដាក់វ៉ាក់សាំងត្រឹមត្រូវ និងអាស្រ័យទៅតាមស្ថានភាពជាក់ស្ដែងបន្តទៀត”។
លោកស្រី លើកឡើងថា មន្ទីរពេទ្យព្រះកេតុមាលាមានទីតាំងគ្រប់គ្រាន់ក្នុងការរក្សាទុកវ៉ាក់សាំង ដោយមានកុងទឺន័រធំៗ ព្រមទាំងបំពាក់ប្រព័ន្ធរក្សាស៊ីតុណ្ហភាពត្រជាក់ផងដែរ។

លោកស្រី ឱ វណ្ណឌីន លើកឡើងថា សូមប្រជាពលរដ្ឋកុំព្រួយបារម្ភលើបញ្ហាទុកដាក់វ៉ាក់សាំងកូវីដ-១៩នេះ ដោយសារក្រសួងសុខាភិបាលបានគិតគូរដោយយកចិត្តទុកដាក់ ដោយមិនមែនធ្វើការនេះតែម្នាក់ឯងទេ។
លោកស្រី មានប្រសាសន៍ថា៖ “ក្រសួងសុខាភិបាលបានធ្វើការដោយជិតស្និទ្ធ និងទទួលការជួយគាំទ្រទាំងផ្នែកបច្ចេកទេសពីអង្គការសុខភាពពិភពលោកផង ពីអង្គការយូនីសេហ្វផង រួមទាំងអង្គការ GAVI (Global Alliance for Vaccines and Immunisation) ដែលហៅថា សហព័ន្ធសាកលសម្រាប់ចាក់ថ្នាំបង្ការ និង វ៉ាក់សាំងផង”។

លោកស្រី ឱ វណ្ណឌីន បានបង្ហាញពីបទពិសោធន៍រក្សាវ៉ាក់សាំងរបស់កម្ពុជា ដោយលើកឡើងថា ក្រសួងសុខាភិបាលមានកម្មវិធីជាតិចាក់ថ្នាំបង្ការ ដែលបានចាក់ថ្នាំបង្ការដល់កុមារកម្ពុជាតាំងពីក្រោយឆ្នាំ១៩៧៩ ដូចជាចាក់ថ្នាំបង្ការ កញ្ជ្រិល ស្អូច ស្វិតដៃជើង របេង រលាកស្រោមខួរ រលាកថ្លើម និងជំងឺឆ្កែឆ្កួតជាដើម ដូចនេះក្រសួងនឹងប្រើយន្តការដែលមានស្រាប់ ក្នុងការទុកដាក់ និងថែរក្សាវ៉ាក់សាំង។
លោកស្រី មានប្រសាសន៍ថា៖ “ដោយសារវ៉ាក់សាំងដែលត្រៀមប្រគល់ជូនកម្ពុជា ជាវ៉ាក់សាំងត្រូវរក្សាក្នុងសីតុណ្ហភាពត្រជាក់ ហើយកម្ពុជាមានប្រព័ន្ធត្រជាក់ស្រាប់ ហើយការទុកដាក់វ៉ាក់សាំង កម្ពុជាមានបច្ចេកទេស និងទីតាំងទុកដាក់ត្រឹមត្រូវតាមបទពិសោធន៍ដែលកម្ពុជាមានជាង៤០ឆ្នាំមកនេះ”។

កាលពីម្សិលមិញ នៅក្នុងពិធីសំណេះសំណាលក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍បញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៦០ម៉ឺនដូស ដែលរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនផ្តល់ឲ្យកម្ពុជាដំណាក់កាលទី១ នឹងដឹកតាមយន្តហោះពិសេសពីប្រទេសចិនមកដល់កម្ពុជានៅក្នុងពេលឆាប់ៗខាងមុខនេះ។ ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការដឹកជញ្ជូន ការទុកដាក់វ៉ាក់សាំងនៅកន្លែងសុវត្ថិភាព។ ភាគីចិនក៏បានបញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រចំនួន ៤រូប មកជួយបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យកម្ពុជាផងដែរ។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន បានឱ្យដឹងថា វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ប្រមាណ ៦០ម៉ឺនដូស ក្នុងចំណោម១លានដូស នឹងមកដល់ប្រទេសកម្ពុជានៅចុងសប្តាហ៍នេះ។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាមានលទ្ធភាពទទួលវ៉ាក់សាំងកូវីដ-១៩ រហូតដល់ ២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋជាង ១០លាននាក់។ ក្នុងវ៉ាក់សាំងប្រមាណ ១១លានដូស គឺជាជំនួយរបស់ចិន, ខូវ៉ាក់ និងប្រទេសអូស្ត្រាលី។
កាលពីដើមខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កន្លែងរក្សាទុកវ៉ាក់សាំងកូវីដ-១៩ មិនចោទជាបញ្ហានេះទេ ព្រោះថារដ្ឋាភិបាលកំពុងសាងសង់ឃ្លាំងសម្រាប់ស្តុកដែលមានកម្រិតសីតុណ្ហភាពរហូតដល់៨០អង្សារសេក្រោមសូន្យ។
តាមការចុះផ្សាយរបស់សារព័ត៌មានBBC វ៉ាក់សាំងកូវីដ-១៩ មួយចំនួនត្រូវរក្សាទុកនៅសីតុណ្ហភាពរហូតដល់៧០អង្សារសេក្រោមសូន្យ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង