ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ គាំទ្រក្រុមហ៊ុនចិនធំមួយស្វែងរកកម្លាំងពលកម្មជាង ៦ពាន់នាក់សម្រាប់បំពេញតម្រូវការវិនិយោគថ្មី
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្តល់ជំនួយស្វែងរកកម្លាំងពលកម្មចំនួនជាង ៦ពាន់នាក់ ដើម្បីបំពេញកង្វះខាតក្នុងខ្សែចង្វាក់ផលិតកម្ម នៃការពង្រីកការវិនិយោគរោងចក្រកាត់ដេរទី២ របស់ក្រុមហ៊ុនចិនធំមួយ នៅក្នុងខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងដាក់ឱ្យដំណើរការចង្វាក់ផលិតកម្មនៅពេលខាងមុខនេះ។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតិឱ្យលោក Ray Chen នាយកប្រតិបត្តិនៃក្រុមហ៊ុន ជេនេរ៉ល អេនធើប្រាយ ហ្កាមិន (ខេមបូឌា) ឯ.ក. (General Enterprise Garment (Cambodia) Co., Ltd) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួង។
នៅក្នុងជំនួបពិភាក្សានោះ លោកដ្ឋមន្ត្រីបានសម្តែងអំណរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនកាត់ដេរ ជេនេរ៉ល អេនធើប្រាយ ហ្កាមិន (ខេមបូឌា) ឯ.ក. ក្នុងការពង្រីកការវិនិយោគរោងចក្រកាត់ដេរគម្រោងទី២របស់ខ្លួន នៅក្នុងខេត្តកំពង់ស្ពឺ ដោយបាននាំយកបច្ចេកវិទ្យាចុងក្រោយ ដើម្បីជួយជំរុញខ្សែចង្វាក់ផលិតកម្ម។


លោក ហេង សួរ មានប្រសាសន៍ថា តាមរយៈបទពិសោធន៍ច្រើនឆ្នាំនៃការដំណើរការរបស់ក្រុមហ៊ុន និងការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប លោកជឿជាក់ថា ការវិនិយោគនេះនឹងឆ្លើយតបទាំងផ្នែកការងារ បរិស្ថាន និងស្តង់ដារអន្តរជាតិ ព្រមទាំងនឹងទទួលបានការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធ។ លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមហ៊ុនសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ថែមលើមធ្យោបាយរបស់ខ្លួន ដើម្បីពិនិត្យមើលលើការស្វែងរកបុគ្គលិកប្រមាណជាង ៦ពាន់នាក់ ដើម្បីចូលបំពេញការងារនៅក្នុងរោងចក្រ ហើយក្រសួងក៏រីករាយក្នុងការជួយជ្រោមជ្រែង ក្នុងការស្វែងរកកម្មករនិយោជិត នៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុនបានថ្លែងអំណរគុណ ចំពោះរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលបានគាំទ្រនិងផ្តល់ជំនួយ ក្នុងការស្វែងរកកម្លាំងពលកម្ម ដើម្បីជំរុញផលិតកម្មនៃការវិនិយោគថ្មីរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីស្វែងរកបុគ្គលិកមកបំពេញការងារឱ្យបានឆាប់រហ័សសម្រាប់ដំណើរការនៃរោងចក្រថ្មី ដែលទើបសាងសង់រួច។

គួរបញ្ជាក់ថា ក្រុមហ៊ុន General Enterprise Garment (Cambodia) Co., Ltd គឺជាក្រុមហ៊ុនផលិត និងនាំចេញវាយនភណ្ឌដ៏ធំមួយ ដែលបានបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា ខណៈរោងចក្រទី១របស់ខ្លួនស្ថិតនៅក្នុងខេត្តកណ្តាល បាននិងកំពុងបង្កើតការងាររាប់ពាន់កន្លែងជូនពលរដ្ឋកម្ពុជា៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ