ព័ត៌មានជាតិ
យន្តហោះខ្នាតធំ Airbus និង Boeing អាចហោះពីប្រទេសឆ្ងាយៗត្រង់ចូលកម្ពុជា
ចាប់ពីពាក់កណ្តាលខែ តុលានេះទៅ កម្ពុជា អាចទទួលយន្តហោះខ្នាតធំ ដូចជា Airbus 350 Airbus 330 ឬ Boeing 787-900 ហោះចូលត្រង់ទៅខេត្តសៀមរាប ក្រោយពីអាកាសយានដ្ឋានថ្មីដាក់ឱ្យដំណើរការជាផ្លូវការ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport-SAI) បានបើកដំណើរការសាកល្បង នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ដើម្បីទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្ម ដោយបានទទួលជើងហោះហើរចំនួនបីព្រមគ្នាក្នុងរយៈពេលមួយម៉ោង។ ក្រុមហ៊ុនអាកាសចរណ៍ចំនួនបី បានចូលរួមដំណើរការសាកល្បងនេះ គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និង ក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។

ដំណើរការសាកល្បងនេះ គឺបានធ្វើឡើងដើម្បីធានាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេស និងការផ្ដល់សេវាកម្មផៃ្ទដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយអង្គការអាកាសចរស៊ីវិលអន្តរជាតិ (International Civil Aviation Organization — ICAO) និងបទប្បញ្ញត្តិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិ និងអន្តរជាតិជាច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះតទៅ។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរនេះ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីសន្លាង ដែលនឹងចូលរួមចំណែកពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ពីប្រទេសកម្ពុជា ទៅកាន់តំបន់ឆ្ងាយៗ និងក្នុងតំបន់ តាមរយៈការអនុញ្ញាតឱ្យអាកាសយានធុនមធ្យម និងធំ ដូចជា Airbus 350 Airbus 330 ឬ Boeing 787-900 ដោយសារអាកាសយានដ្ឋានអន្តរជាតិសៀមរាបពេលបច្ចុប្បន្ន ពុំអាចទទួលបាន ពីព្រោះទីតាំងស្ថិតនៅជិតបំផុតតំបន់បេតិកភណ្ឌអន្តរជាតិអង្គរ។ លើសពីនេះទៀត អាកាសយានដ្ឋានអន្តរ ជាតិសៀមរាបអង្គរនេះ នឹងចូលរួមចំណែកផងដែរ ដល់កំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង ប្រកបដោយចីរភាព ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាន និងពិភពលោក។

សូមបញ្ជាក់ជូនថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០ លានដុល្លារអាមេរិក ដោយមានចំណតសម្រាប់ចតចំនួន ៣៨ ចំណត មានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ ក្នុងឆ្នាំ២០២៤ និង១២ លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ។ អាកាសយានដ្ឋាននេះ ក៏មានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០,០០០តោន ក្នុងឆ្នាំ២០២៤ និង ២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ និងអាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ ២០៤០។
តាមការគ្រោងទុក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ នឹងបើកសម្ពោធជាផ្លូវការនៅខែវិច្ឆិកា ខាងមុខ ដោយអញ្ជើញជាអធិបតីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ផងដែរ៕




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ