ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លើកឡើងពីសមិទ្ធផលធម្មនុញ្ញសំខាន់ៗ ក្រោយការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ រយៈពេល ៣០ឆ្នាំមកនេះ
លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងថា ក្នុងរយៈពេល ៣០ឆ្នាំ ក្រោយការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ គឺព្រះរាជាណាកម្ពុជាសម្រេចបានសមិទ្ធផលធម្មនុញ្ញសំខាន់ៗចំនួន ៤។ ការលើកឡើងខាងលើនេះ គឺនៅក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៣។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម មានប្រសាសន៍ឲ្យដឹងថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ដែលត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៩៣ ដែលព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើ។
សភាធម្មនុញ្ញ បានតាក់តែងរក្សាឲ្យមានមកវិញ នូវគុណតម្លៃប្រពៃណីខ្មែរ (គឺជាតិ សាសនា ព្រះមហាក្សត្រ) អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ (គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ) ដោយបញ្ចូលទាំងស្រុង និងលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី ៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកថា ការបន្សំបន្ស៊ីគ្នានៃគុណតម្លៃទាំងពីរ បានបង្កនូវកម្លាំងសម្របសម្រួល និងជំរុញរួមគ្នា ក្នុងការដោះស្រាយបញ្ហានយោបាយ និងបញ្ហាច្បាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម។ រដ្ឋធម្មនុញ្ញនេះ ត្រូវបានធ្វើវិសោធនកម្មចំនួន ១០លើក និងត្រូវបង្កើតច្បាប់ធម្មនុញ្ញបន្ថែមចំនួនមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម។ លោក អ៊ឹម ឈុនលឹម បានឲ្យដឹងទៀតថា ព្រះរាជាណាកម្ពុជាសម្រេចបានសមិទ្ធផលដូចខាងក្រោម៖
១. កម្ពុជារក្សាការពារ និងគោរពលើកតម្កើងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៖ កម្ពុជាប្រកាន់យករបបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញឡើងវិញក្នុងឆ្នាំ ១៩៩៣ និងជាលើកទី ២ក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន។ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញកម្ពុជា បានវិវឌ្ឍពីដំណាក់កាលបង្កើតឡើងវិញមកកាន់ដំណាក់កាលស្ថិរភាព កិត្យានុភាព និងនិរន្តរភាពក្នុងទម្រង់ជារាជានិយមជឿនលឿន ស្របនឹងបរិបទនៃសង្គមខ្មែរ អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បានទទួលការគោរពលើកតម្កើងពីគ្រប់ស្ថាប័នជាតិ និងប្រជារាស្ត្រខ្មែរ។
២. លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់នយោបាយទំនើបនៃកម្ពុជា៖ របបប្រជាធិបតេយ្យសេរីពហុបក្សកម្ពុជា សម្រេចបានជំហានវឌ្ឍនភាពថ្មីៗ តាមរយៈការអនុវត្តនិយាមគោលការណ៍ធម្មនុញ្ញសំខាន់ៗមួយចំនួន៖
និយាមគោលការណ៍ទី១៖ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ប្រើតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី។ អំណាចទាំងបី មានសមត្ថកិច្ចដាច់ពីគ្នា អំណាចនីតិប្បញ្ញត្តិ និងអំណាចនីតិប្រតិបត្តិ មានគោលការណ៍រក្សាតុល្យភាពទៅវិញទៅមក គឺរដ្ឋសភាផ្តល់សេចក្តីទុកចិត្តបង្កើតរាជរដ្ឋាភិបាល រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែករណីរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដងក្នុង ១២ខែ។
និយាមគោលការណ៍ទី២៖ កម្ពុជាប្រតិបត្តិរបបបោះឆ្នោតពហុបក្ស ដោយរក្សាបាននូវភាពចម្រុះជាពហុបក្ស ជាលំហសរីភាពនយោបាយ និងធានារក្សាបាននូវការចូលរួមការបោះឆ្នោត។ និយាមគោលការណ៍ទី៣៖ នយោបាយប្រជាធិបតេយ្យសេរីពហុបក្ស បាននិងកំពុងចាក់ឫសក្នុងវប្បធម៌នយោបាយកម្ពុជា និងកំពុងវិវត្តឈានឡើងជាជំហានៗ ដូចតទៅ៖
(១) ជំហានវឌ្ឍនភាពទី១៖ អំណាចថ្នាក់ជាតិត្រូវបានបែងចែកទៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ផ្អែកតាមគោលការណ៍ជាមូលដ្ឋាន នៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ (២) ជំហានវឌ្ឍនភាពទី២៖ របបប្រជាធិបតេយ្យសភា ផ្អែកលើស្មារតីសម្ព័ន្ធភាពនយោបាយទូលាយជានីតិវិធីកំណត់ការ រៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា កូរ៉ុមសម័យប្រជុំរដ្ឋសភា និងការផ្តល់សេចក្តីទុកចិត្តបង្កើតរាជរដ្ឋាភិបាល នីតិកាលថ្មី ក្នុងគោលបំណងបង្កើតវប្បធម៌សន្ទនារវាងដៃគូនយោបាយ។ សម្ព័ន្ធភាពជាដៃគូល្អ និងវប្បធម៌សន្ទនាពុំជាប់លាប់ អាស្រ័យចរិតនយោបាយ ជ្រុលនិយម នាំឲ្យមានការជាប់គាំងដំណើរការរៀបចំរាជរដ្ឋាភិបាល និងអស្ថិរភាពសង្គម ក្រោយការបោះឆ្នោតនីតិកាលនីមួយៗ។
(៣) ជំហានវឌ្ឍនភាពទី៣៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានកែទម្រង់ឲ្យមានកម្រិតជាស្ថាប័នធម្មនុញ្ញ។ ដើម្បីធានាជំនឿទុកចិត្តលើសមាសភាពចម្រុះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំណត់ឲ្យគណបក្សមានអាសនៈ ក្នុងរដ្ឋសភា ជាអ្នករៀបចំផ្ទាល់នូវសមាសភាព នៃគណៈកម្មាធិការនេះ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។
(៤) ជំហានវឌ្ឍនភាពទី៤៖ នេះជាជំហានពង្រឹងសណ្តាប់ធ្នាប់គណបក្សនយោបាយ តាមរយៈការកំណត់ដែនបន្ទាត់ក្រហម ទាក់ទងនឹងកាតព្វកិច្ចតម្រូវចំពោះគណបក្សនយោបាយនីមួយៗ ដែលត្រូវគោរពរដ្ឋធម្មនុញ្ញនិងច្បាប់។ (៥) ជំហានវឌ្ឍនភាពទី៥៖ ជាការរៀបចំពង្រឹងស្មារតីស្នេហាជាតិមាតុភូមិ តាមរយៈការកំណត់លក្ខណសម្បត្តិ ត្រូវមានសញ្ជាតិខ្មែរពីកំណើតតែមួយគត់ សម្រាប់មុខតំណែងមេដឹកនាំកំពូលនៃស្ថាប័នធម្មនុញ្ញរបស់ជាតិ។
(៦) ជំហានវឌ្ឍនភាពទី៦៖ ជាការបំពេញចន្លោះខ្វះខាតនៃនីតិវិធីធម្មនុញ្ញ ដើម្បីធានាឲ្យស្ថាប័នកំពូលរបស់ជាតិជា ពិសេសអំណាចនីតិប្រតិបត្តិ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាព។
៣. កម្ពុជាឈានឡើងជាសង្គមនីតិរដ្ឋ ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់៖ គោលការណ៍ទី១៖ កម្ពុជាតម្កល់រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ដែលគ្រប់ស្ថាប័នជាតិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវគោរព។ ជាសមិទ្ធផលធម្មនុញ្ញ គឺរាជរដ្ឋាភិបាលរក្សាការពារបាន ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី, អនុវត្តនយោបាយ បង្រួបបង្រួមជាតិនិងឯកភាពជាតិដោយជោគជ័យ, រក្សាការពារបានល្អ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អរបស់ជាតិ, កាតព្វកិច្ចថ រក្សាការពារ ប្រាសាទបុរាណ វត្ថុសិល្បៈបុរាណ, នីត្យានុកូលភាព សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ, ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើឲ្យជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជន ប្រែប្រួលកាន់តែល្អប្រសើរ។
គោលការណ៍ទី២៖ អំណាចតុលាការ ជាអំណាចឯករាជ្យ មានសមត្ថកិច្ចជម្រះរឿងក្ដីទាំងអស់ដែលពាក់ព័ន្ធនឹងសំណុំរឿង ព្រហ្មទណ្ឌ រដ្ឋប្បវេណី រួមទាំងសំណុំរឿងរដ្ឋបាល។ គោលការណ៍ទី៣៖ ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ ដែលជាគ្រឹះនៃការកសាង នីតិរដ្ឋ។ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចការងារសំខាន់ៗ ក្នុងការធានាការពារការគោរពរដ្ឋធម្មនុញ្ញ៖ ការថ្វាយមតិព្រះមហាក្សត្រ, ការបកស្រាយរដ្ឋធម្មនុញ្ញការបកស្រាយច្បាប់, ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ និងការសម្រេចលើករណីវិវាទកម្មទាក់ទងនិងការបោះឆ្នោត។
កម្ពុជាក៏មានបញ្ហាប្រឈមខ្លះៗ ហើយក្នុងចំណោមមូលហេតុនៃបញ្ហាទាំងនេះ មានចំណុចមួយចំនួនគួរកត់សម្គាល់ គឺបញ្ហាទី១ លក្ខណៈជឿនលឿន នៃរដ្ឋធម្មនុញ្ញនិ ងនិន្នាការសកលនៃច្បាប់ថ្មីៗរបស់កម្ពុជា ដែលរងឥទ្ធិពលនៃវប្បធម៌ចម្រុះ មានកម្រិតសកលនិងលក្ខណៈបច្ចេកទេសខ្ពស់ ពិតជាទាមទារនូវពេលវេលាសម្រាប់ការបកស្រាយ ពន្យល់ជាបន្តបន្ទាប់និងខ្ជាប់ខ្ជួន តាមរយៈការពង្រឹងពង្រីកយន្តការអប់រំបណ្ដុះបណ្ដាល (រួមទាំការបញ្ចូលក្នុងកម្មវិធីសិក្សា អំពីគោលការណ៍គ្រឹះទាំងឡាយន រដ្ឋធម្មនុញ្ញ) និងការផ្សព្វផ្សាយដល់គ្រប់ស្ថាប័នពាក់ព័ន្ធរហូតដល់មហាជន។
បញ្ហាទី២ កម្រិតយល់ដឹងទូទៅអំពីយុត្តិធម៌ក្នុងក្របខ័ណ្ឌច្បាប់ អាចនៅមានការប្រឈមក្នុងការអនុវត្ត ដោយសារតែបរិវត្តកម្មនយោបាយ សេដ្ឋកិច្ចនិងច្បាប់ឈានឡើងលឿន ខណៈដែលការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត អំពីសិទ្ធិតាមផ្លូវច្បាប់ទាក់ទងនឹងការប្រើប្រាស់អំណាចរបស់ខ្លួន តាមរយៈសាលាជម្រះក្តី ដែលអាចនាំឲកុមានគម្លាតយុត្តិធម៌សង្គម។
៤. កម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារជារដ្ឋគោរពការពារបបកម្មសិទ្ធិឯកជន និងយុត្តិធម៌សង្គម ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដោយទទួលស្គាល់ គោរព និងការពាររបបកម្មសិទ្ធិឯកជន។ រដ្ឋយកចិត្តទុកដាក់ដល់ផលប្រយោជន៍ប្រជាជនជាធំ ដោយលើកស្ទួយយុត្តិធម៌សង្គម ធានាសមធម៌ ក្នុងការបែងចែកផលនៃកំណើនសេដ្ឋកិច្ច៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ