ព័ត៌មានជាតិ
ស្វែងយល់ពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធនៅក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌ មានសមត្ថកិច្ចដឹកនាំនិងគ្រប់គ្រងវិស័យយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌មានលោក កើត រិទ្ធិ ជារដ្ឋមន្រ្តី ដែលលោកបានចូលទៅដឹកនាំនៅក្រសួងយុត្តិធម៌បន្តពីលោក អង្គ វង្សវឌ្ឍានា។
តើក្រសួងយុត្តិធម៌មានមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធយ៉ាងណាខ្លះ?
ក្រសួងយុត្តិធម៌ មានតួនាទីនិងភារកិច្ចដូចតទៅ៖
– ចូលរួមការពារឯករាជ្យរបស់ចៅក្រមក្នុងការបំពេញមុខងារ
-ធានាឱ្យមានយុត្តិធម៌ និងសមភាពសម្រាប់បុគ្គលគ្រប់រូបចំពោះមុខច្បាប់
-រៀបចំ និងត្រួតពិនិត្យដំណើរការរដ្ឋបាលនៃអង្គការតុលាការ និងអង្គការអយ្យការ
-រៀបចំ ដឹកនាំ គ្រប់គ្រង និងត្រួតពិនិត្យអង្គការអយ្យការ
– ធានាការប្រព្រឹត្តទៅល្អរបស់អង្គការតុលាការ
-ធានាឱ្យមានការអនុវត្តច្បាប់ និងសេចក្តីសម្រេចទាំងឡាយរបស់អង្គការតុលាការ និងអង្គការអយ្យការ
-តាមដាន ត្រួតពិនិត្យការអនុវត្តច្បាប់ និងសេចក្តីសម្រេចទាំងឡាយរបស់អង្គការតុលាការ និង អង្គការអយ្យការ
-រៀបចំ គ្រប់គ្រង និងចងក្រងសេចក្តីសម្រេចរបស់អង្គការតុលាការ
-ធ្វើអធិការកិច្ចក្នុងករណីមានបណ្ដឹងសុំអន្តរាគមន៍ពីរូបវន្តបុគ្គល ឬនីតិបុគ្គលដែលកើតឡើងនៅតាមអង្គការតុលាការ និងអង្គការអយ្យការ និងតាមតម្រូវការចាំបាច់
-ធានាការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
|-ត្រួតពិនិត្យមន្ទីរឃុំឃាំង និងពន្ធនាគារក្នុងការអនុវត្តច្បាប់
-កសាងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗនៅក្នុងវិស័យយុត្តិធម៌
-ទទួលពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនិងសា្ថប័ននានា
-រៀបចំ និងតាក់តែងសេចក្តីណែនាំនានា ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ ដឹកនាំ និងគ្រប់គ្រងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ
-ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសន្ធានកម្ម និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គ្រប់គ្រង និងសម្របសម្រួលការងារពាក់ព័ន្ធនឹងការផ្ដល់ជំនួយផ្នែកច្បាប់ និងសិទ្ធិទទួលបានយុត្តិធម៌
-ដឹកនាំ និងគ្រប់គ្រងលើអ្នកជំនួយយុត្តិធម៌ និងអ្នកដែលបម្រើការងារពាក់ព័ន្ធនឹងវិស័យយុត្តិធម៌
-រៀបចំ ដឹកនាំ គ្រប់គ្រង និងត្រួតពិនិត្យវត្ថុតាង វត្ថុចាប់យក និងផលនៃបទល្មើស
-ស្រាវជ្រាវ និងស៊ើបអង្កេតចំពោះបទល្មើសប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ និងបទល្មើសផ្សេងទៀត ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសង្គម តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល
-ស្រាវជ្រាវ បណ្តុះបណ្តាល អប់រំ និងផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌
-ត្រួតពិនិត្យការបណ្តុះបណ្តាល អប់រំ និងផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌
-ធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យច្បាប់ និងយុត្តិធម៌ដែលពាក់ព័ន្ធ
-គ្រប់គ្រង និងចេញសម្រង់លិខិតថ្កោលទោស
-ទទួល និងរៀបចំចាត់ចែងការអនុគ្រោះទោសទៅតាមបែបបទដែលច្បាប់កំណត់
-ទទួល និងរៀបចំចាត់ចែងលើសំណើសុំដោះលែងដោយមានលក្ខខណ្ឌ ទៅតាមបែបបទដែលច្បាប់កំណត់
-គ្រប់គ្រងមន្ត្រីរាជការទាំងអស់ដែលបម្រើការងារចំណុះក្រសួង
-គ្រប់គ្រងមន្ត្រីយុត្តិធម៌ និងអ្នកប្រកបវិជ្ជាជីវៈផ្សេងទៀតពាក់ព័ន្ធនឹងវិស័យយុត្តិធម៌
-គ្រប់គ្រងថវិកាក្រសួងយុត្តិធម៌ អង្គការតុលាការ អង្គការអយ្យការ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
-ធ្វើរបាយការណ៍សកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនរាជរដ្ឋាភិបាល
-អនុវត្តភារកិច្ចផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ។
ក្រសួងយុត្តិធម៌ មានរចនាសម្ព័ន្ធដូចតទៅ៖
-ខុទ្ទកាល័យរដ្ឋមន្ត្រី
-អគ្គលេខាធិការដ្ឋាន
-អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ
-អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី
-អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ
-អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ
-អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌
-អគ្គាធិការដ្ឋានកិច្ចការតុលាការ
-នាយកដ្ឋានសវនកម្មផ្ទៃក្នុង
-អង្គភាពព័ត៌មាន។
អគ្គលេខាធិការដ្ឋាន ដឹកនាំដោយអគ្គលេខាធិការមួយរូប មានឋានៈស្មើអគ្គនាយក និងអមដោយ អគ្គលេខាធិការរងមួយចំនួន មានឋានៈស្មើអគ្គនាយករងជាជំនួយការ។
អគ្គនាយកដ្ឋាន ដឹកនាំដោយអគ្គនាយកមួយរូប និងអមដោយអគ្គនាយករងមួយចំនួន ជាជំនួយការ។ អគ្គាធិការដ្ឋានកិច្ចការតុលាការ ដឹកនាំដោយអគ្គាធិការមួយរូប មានឋានៈស្មើអគ្គនាយក និងអមដោយអគ្គាធិការរងមួយចំនួន មានឋានៈស្មើអគ្គនាយករង ជាជំនួយការ។
ខុទ្ទកាល័យរដ្ឋមន្តី
ខុទ្ទកាល័យរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មទាំងឡាយដែលមានកំណត់ដោយអនុក្រឹត្យចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន និងបទប្បញ្ញត្តិជាធរមាន។
អគ្គលេខាធិការដា្ឋន
អគ្គលេខាធិការដ្ឋាន មានតួនាទីជាសេនាធិការឱ្យក្រសួងលើការងារផ្តល់សេវាគាំទ្រ សម្រាប់ធានាប្រក្រតីភាពនៃដំណើរការរបស់ក្រសួងយុត្តិធម៌ និងគ្រប់គ្រងលើកិច្ចការរដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ និងការងារ ផែនការ ស្ថិតិ បណ្ណសារ ព័ត៌មានវិទ្យា និងបរិវត្តកម្មឌីជីថលរបស់ក្រសួង និងអង្គភាពនានាចំណុះក្រសួងយុត្តិធម៌។
អគ្គលេខាធិការដ្ឋាន មាននាយកដ្ឋានក្រោមឱវាទចំនួន ៤៖
– នាយកដ្ឋានកិច្ចការបុគ្គលិក
– នាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ
– នាយកដ្ឋានកិច្ចការរដ្ឋបាល
-នាយកដ្ឋានព័ត៌មានវិទ្យា និងបរិវត្តកម្មឌីជីថល។
អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ
អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ មានតួនាទីជាសេនាធិការឱ្យក្រសួងលើការងារសម្របសម្រួល គ្រប់គ្រង និងត្រួតពិនិត្យអង្គភាពរដ្ឋបាលរបស់អង្គការតុលាការ និងអង្គការអយ្យការ រួមទាំងកិច្ចការសាធារណៈរដ្ឋបាលនីតិវិធី កិច្ចការហិរញ្ញវត្ថុ កិច្ចការគ្រប់គ្រងធនធានមនុស្ស កិច្ចការអាជ្ញាសាលា កិច្ចការក្រឡាបញ្ជី និងកិច្ចការតម្កល់និងផ្ញើ និងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាជាឧបករណ៍ជំនួយឱ្យការងាររដ្ឋបាល ការចុះបញ្ជី និងការគ្រប់គ្រងសំណុំរឿង ក្នុងគោលបំណងលើកកម្ពស់ និងធានានូវដំណើរការល្អនៃយុត្តិធម៌។
អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ មាននាយកដ្ឋានក្រោមឱវាទចំនួន ៦៖
-នាយកដ្ឋានកិច្ចការបច្ចេកទេស និងទំនើបកម្មរដ្ឋបាលតុលាការ
– នាយកដ្ឋានកិច្ចការហិរញ្ញវត្ថុនៃសាលាជម្រះក្តី
-នាយកដ្ឋានគ្រប់គ្រងធនធានមនុស្សនៃរដ្ឋបាលតុលាការ
-នាយកដ្ឋានអាជ្ញាសាលា
– នាយកដ្ឋានក្រឡាបញ្ជី
-នាយកដ្ឋានកិច្ចការតម្កល់ និងផ្ញើ។
អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវណី
អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី មានតួនាទីជាសេនាធិការឱ្យក្រសួងលើការងារសម្របសម្រួលនិងគ្រប់គ្រងកិច្ចការរដ្ឋប្បវេណី កិច្ចការគ្រួសារ កិច្ចការចុះបញ្ជីទ្រព្យសម្បត្តិប្ដីប្រពន្ធ កិច្ចការចុះបញ្ជីនីតិបុគ្គល ដែលកំណត់តាមច្បាប់ កិច្ចការពាណិជ្ជកម្ម ការងារ និងអន្តរវិស័យ កិច្ចការក្ស័យធន អភិបាលបណ្តោះអាសន្ន និងជម្រះបញ្ជី កិច្ចការអនុវត្តសេចក្តីសម្រេចផ្នែករដ្ឋប្បវេណី ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង ជំនួយផ្នែកច្បាប់ កិច្ចការសារការី ព្រមទាំងរៀបចំយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍការងារបច្ចេកទេសលើវិស័យ រដ្ឋប្បវេណី។
អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី មាននាយកដ្ឋានក្រោមឱវាទចំនួន ៥៖
– នាយកដ្ឋានកិច្ចការច្បាប់រដ្ឋប្បវេណី និងអន្តរវិស័យ
-នាយកដ្ឋានកិច្ចការក្ស័យធន អភិបាលបណ្តោះអាសន្ន និងអ្នកជម្រះបញ្ជី
– នាយកដ្ឋានកិច្ចការអនុវត្តសេចក្តីសម្រេចផ្នែករដ្ឋប្បវេណី
-នាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់
-នាយកដ្ឋានសារការី។
អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ
អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ មានតួនាទីជាសេនាធិការឱ្យក្រសួងលើការងារ សម្របសម្រួល គ្រប់គ្រង និងត្រួតពិនិត្យកិច្ចការអយ្យការ កិច្ចការព្រហ្មទណ្ឌ កិច្ចការស្រាវជ្រាវ និងស៊ើបអង្កេត និងការងារគ្រប់គ្រងវត្ថុតាង និងផលនៃបទល្មើស ព្រមទាំងរៀបចំយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍការងារបច្ចេកទេស នៃវិស័យយុត្តិធម៌ព្រហ្មទណ្ឌ។
អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ មាននាយកដ្ឋានក្រោមឱវាទចំនួន ៥៖
– នាយកដ្ឋានកិច្ចការអយ្យការ
-នាយកដ្ឋានកិច្ចការយុត្តិធម៌ព្រហ្មទណ្ឌ និងនគរបាលយុត្តិធម៌
– នាយកដ្ឋានកិច្ចការច្បាប់ព្រហ្មទណ្ឌ
-នាយកដ្ឋានស្រាវជ្រាវ និងស៊ើបអង្កេត
– នាយកដ្ឋានគ្រប់គ្រងវត្ថុតាង និងផលនៃបទល្មើស។
អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ
អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ មានតួនាទីជាសេនាធិការឱ្យក្រសួងលើកិច្ចការថ្កោលទោស កិច្ចការអនុគ្រោះទោស កិច្ចការអនុវត្តទោស និងការដោះលែងដោយមានលក្ខខណ្ឌ។
អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ មាននាយកដ្ឋានក្រោមឱវាទចំនួន ៣៖
-នាយកដ្ឋានកិច្ចការថ្កោលទោស
-នាយកដ្ឋានកិច្ចការអនុគ្រោះទោស
– នាយកដ្ឋានកិច្ចការអនុវត្តទោស និងការដោះលែងដោយមានលក្ខខណ្ឌ។
អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌
អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ មានតួនាទីជាសេនាធិការឱ្យក្រសួងលើកិច្ចការទំនាក់ទំនងអន្តរជាតិ កិច្ចការច្បាប់អាស៊ាន កិច្ចការជាអាជ្ញាធរកណ្ដាលសម្រាប់កិច្ចសហប្រតិបត្តិការ ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនិងវិស័យរដ្ឋប្បវេណី ការគ្រប់គ្រងអ្នកបកប្រែនិងអ្នកជំនាញក្នុងវិស័យច្បាប់ និងយុត្តិធម៌ កិច្ចការផ្សព្វផ្សាយនិងបណ្តុះបណ្តាលច្បាប់ ព្រមទាំងកិច្ចការស្រាវជ្រាវ និងផែនការដើម្បីលើកកម្ពស់ និងអភិវឌ្ឍវិស័យយុត្តិធម៌ឱ្យកាន់តែមានភាពរឹងមាំ និងមានប្រសិទ្ធភាព។
អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ មាននាយកដ្ឋានក្រោមឱវាទចំនួន ៥៖
– នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការផ្នែកច្បាប់
– នាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន
-នាយកដ្ឋានអ្នកបកប្រែ និងអ្នកជំនាញក្នុងវិស័យច្បាប់ និងយុត្តិធម៌
– នាយកដ្ឋានផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់
-នាយកដ្ឋានស្រាវជ្រាវ និងផែនការ។
អគ្គាធិការដ្ឋានកិច្ចការតុលាការ
អគ្គាធិការដ្ឋានកិច្ចការតុលាការ មានតួនាទីជាសេនាធិការឱ្យក្រសួងលើការងារដូចតទៅ៖
-ធ្វើអធិការកិច្ចជាប្រចាំលើការប្រព្រឹត្តទៅរបស់អង្គភាពនានាដែលចំណុះផ្ទាល់ឱ្យក្រសួងយុត្តិធម៌
-ធ្វើអធិការកិច្ចជាប្រចាំលើការប្រព្រឹត្តទៅរបស់សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់
-ធ្វើអធិការកិច្ចក្នុងករណីមានពាក្យសុំអន្តរាគមន៍ពីរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលកើតឡើង នៅតាមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ រួចធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី
-ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីអំពីការអនុវត្តច្បាប់របស់សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងអង្គភាពនានា ចំណុះក្រសួងយុត្តិធម៌ ដែលត្រូវបានធ្វើអធិការកិច្ចរួច ព្រមទាំងលើកអនុសាសន៍ និងវិធានការ នានាជូនរដ្ឋមន្ត្រី ដើម្បីឱ្យការប្រព្រឹត្តទៅនៃអង្គភាពទាំងនោះបានល្អប្រសើរ
-តាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការអនុវត្តនូវវិធានការកែលម្អ សម្រាប់អង្គភាពដែល ត្រូវបានធ្វើអធិការកិច្ចរួច
-ពិនិត្យសម្រុះសម្រួលវិវាទរដ្ឋបាលដែលពាក់ព័ន្ធនឹងមន្ត្រី និងបុគ្គលិករបស់ក្រសួងយុត្តិធម៌
– ចូលរួមពិនិត្យ និងផ្តល់យោបល់លើបញ្ហានានាពាក់ព័ន្ធនឹងចៅក្រម ក្រឡាបញ្ជី និងអាជ្ញាសាលា និងធ្វើអធិការកិច្ចក្នុងករណីចាំបាច់
– ពិនិត្យ និងផ្តល់យោបល់លើពាក្យបណ្តឹងពាក់ព័ន្ធនឹងវិន័យចៅក្រម ក្រឡាបញ្ជី និងអាជ្ញាសាលានិងធ្វើអធិការកិច្ចក្នុងករណីចាំបាច់
– សម្របសម្រួល និងទំនាក់ទំនងជាមួយអង្គភាព និងស្ថាប័ននានា ព្រមទាំងអាចស្នើសុំកិច្ចសហការ ពីបុគ្គលនានា ដើម្បីធានាប្រសិទ្ធភាពការងារអធិការកិច្ច
-ប្រមូលផ្តុំព័ត៌មាន និងធ្វើរបាយការណ៍ការងារប្រចាំឆ្នាំ ដើម្បីវិភាគ និងកំណត់អំពីតម្រូវការ អធិការកិច្ច និងលើកជាអនុសាសន៍ និងវិធានការកែលម្អ
-ចូលរួមរៀបចំគម្រោងថវិកាប្រចាំឆ្នាំ និងផែនការយុទ្ធសាស្ត្រថវិការបស់អគ្គាធិការដ្ឋាន
– ធ្វើរបាយការណ៍សកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ អនុវត្តភារកិច្ចផ្សេងៗទៀត ដែលរដ្ឋមន្ត្រីប្រគល់ឱ្យ។
អគ្គាធិការដ្ឋានកិច្ចការតុលាការ មាននាយកដ្ឋានក្រោមឱវាទចំនួន ២៖
-នាយកដ្ឋានកិច្ចការទូទៅ
-នាយកដ្ឋានកិច្ចការបច្ចេកទេសច្បាប់ និងនីតិវិធី។
នាយកដា្ឋនសវនកម្មផ្ទៃក្នុង
នាយកដ្ឋានសវនកម្មផ្ទៃក្នុង ចំណុះផ្ទាល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងទទួលបន្ទុកអនុវត្តភារកិច្ចតាម អនុក្រឹត្យចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសវនកម្ម ផ្ទៃក្នុងនៅតាមបណ្តាស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ និងបទប្បញ្ញត្តិជាធរមានផ្សេងទៀត។
នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួន ជាជំនួយការ។
អង្គភាពព័ត៌មាន
អង្គភាពព័ត៌មាន ទទួលបន្ទុកលើការងារដូចតទៅ៖
-ធ្វើជាសេនាធិការបច្ចេកទេសលើការងារនាំពាក្យ និងផ្សព្វផ្សាយព័ត៌មាន
– ស្រាវជ្រាវ និងចងក្រងរាល់ព័ត៌មានជាតិ និងអន្តរជាតិប្រចាំថ្ងៃ ពាក់ព័ន្ធនឹងវិស័យច្បាប់ និង យុត្តិធម៌
– សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងវិស័យច្បាប់ និង យុត្តិធម៌ និងរៀបចំឯកសារសម្រាប់បកស្រាយបំភ្លឺជូនសាធារណជន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព
-ធ្វើជាច្រកចេញ-ចូលតែមួយសម្រាប់ទទួលពាក្យស្នើសុំ និងការផ្ដល់ព័ត៌មានផ្សេងៗដែលស្ថិត ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន
-ធ្វើរបាយការណ៍សកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
-អនុវត្តភារកិច្ចផ្សេងៗទៀត ដែលរដ្ឋមន្ត្រីប្រគល់ឱ្យ។
អង្គភាពព័ត៌មាន ដឹកនាំដោយប្រធានមួយរូប មានឋានៈស្មើប្រធាននាយកដ្ឋាន និងអមដោយអនុប្រធានមួយចំនួនមានឋានៈស្មើអនុប្រធាននាយកដ្ឋានជាជំនួយការ។
អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ
អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ បង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមលក្ខខណ្ឌនៃបទបញ្ជាកំណត់ក្នុងអនុក្រឹត្យលេខ ៨១ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកាក្នុងបណ្តាក្រសួង និងបទប្បញ្ញត្តិជាធរមានផ្សេងទៀត៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន