កម្ពុជាជាប់​លំដាប់​ទី២ នៅ​អាស៊ាន​ មាន​ស្ត្រីចូលរួម​ច្រើន​ ក្នុង​ប្រតិបត្តិការ​ថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

កម្ពុជាជាប់​លំដាប់​ទី២ នៅ​អាស៊ាន​ មាន​ស្ត្រីចូលរួម​ច្រើន​ ក្នុង​ប្រតិបត្តិការ​ថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ

Published

on

ប្រទេសកម្ពុជាបានជាប់លំដាប់ទី២ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ទាក់ទងការចូលរួមរបស់ស្ត្រី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយជាប្រទេសទី១៧ ក្នុងចំណោម១២០ ប្រទេសដែលមានការចូលរួមរបស់ស្ត្រី។ នេះបើយោងតាមការចុះផ្សាយរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហើយការចូលរួមរបស់កងថែរក្សាសន្តិភាពជាស្ត្រីរបស់កម្ពុជា ភាគច្រើនតាមបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ដែលប្រទេសទាំងនោះកំពុងហែកហួរដោយសង្គ្រាម។

តាមការចុះផ្សាយរបស់អង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងនេះថា “ក្នុងប្រទេសអាស៊ាន កម្ពុជាឈរនៅលំដាប់ទី២ ជុំវិញការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ”។  ទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក៏បានបញ្ជាក់បន្ថែមទៀតថា “ចាប់តាំងពីឆ្នាំ២០០៦ មកប្រទេសកម្ពុជាបានបញ្ចូនកងថែរក្សាសន្តិភាពចំនួន៧,១២៣ នាក់ ក្នុងនោះមានស្ត្រីចំនួន៤១៩ នាក់ ដើម្បីចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួន៩ ជាពិសេសនៅទ្វីបអាហ្វ្រិក ដែលប្រទេសទាំងនោះកំពុងហែកហួរដោយសង្គ្រាម”។

ទាក់ទងបញ្ហានេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងនៅក្នុងសន្និសីទជាន់ខ្ពស់ស្តីពី “អនាគតដែលយើងចង់បាន តួនាទីនៃពហុភាគីនិយម ក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩” ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាថា ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ ប្រទេសកម្ពុជាបច្ចុប្បន្នស្ថិតនៅលំដាប់ទី២ ក្នុងការបញ្ជូនស្ត្រីអោយចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងប្រទេសទី១៧ ក្នុងចំណោម១២០ ប្រទេសដែលមានការចូលរួមរបស់ស្ត្រី។

បើតាមលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ចាប់តាំងពីឆ្នាំ ២០០៦ មកប្រទេសកម្ពុជាបានពង្រាយអ្នកថែរក្សាសន្តិភាពចំនួន ៧១២៣ នាក់ដើម្បីចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមចំនួន៩ ជាពិសេសនៅទ្វីបអាហ្វ្រិក។ ក្នុងនោះមានស្ត្រីកម្ពុជាចំនួន៤១៩ នាក់បានចូលរួមនៅក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ដែរថា “អ្នកថែរក្សាសន្តិភាពស្ត្រីរបស់យើងបានបម្រើការជាបុគ្គលិកពេទ្យ និងសន្តិសុខ វិស្វករស៊ីវិល និងអ្នកជំនាញបោសសំអាតមីន”៕

អត្ថបទ៖ កោះកែវ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម