ព័ត៌មានជាតិ
ចាប់ខ្លួនបានហើយប្តីប្រពន្ធមួយគូដែលសម្លាប់បុរសម្នាក់ព្រោះមានទំនាស់ក្នុងវង់ផឹកស៊ី នៅខេត្តសៀមរាប
កម្លាំងនគរបាលខេត្តសៀមរាប បានស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មសម្លាប់បុរសម្នាក់នៅជិតភោជនីយដ្ឋានអាប៉ូឡូផ្លាហ្សា កាលពីព្រឹកថ្ងៃទី ៨ ខែតុលា ហើយនៅល្ងាចថ្ងៃដដែល ក៏ចាប់ខ្លួនជនដៃដល់ពីរនាក់ប្ដីប្រពន្ធបានតែម្តង។ អំពើឃាតកម្មនេះ កើតឡើង ដោយសារតែទំនាស់នៅក្នុងវង់ផឹកស៊ី។

នៅក្នុងប្រតិបត្តិការនេះ គឺក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងកិច្ចសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។ ប្រតិបត្តិការចុះបង្ក្រាបនេះ ដឹកនាំផ្ទាល់ដោយមន្ត្រីជំនាញពាក់ព័ន្ធធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងករណីឃាតកម្ម ដែលកើតហេតុវេលាម៉ោង ០២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ នៅថ្លុកទឹក មាត់ប្រឡាយជាប់ផ្លូវជាតិលេខ៦A ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

លោក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ០៤ និង១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងនគរបាលទទួលបានព័ត៌មានពីកម្លាំងនគរបាលចរាចរណ៍តាមរយៈទូរសព្ទថា មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទប្រុស មានសំបុរស្រអែម អាយុប្រហែល៣៥ឆ្នាំ មានកំពស់ប្រហែល ១៥០សង់ទីម៉ែត្រ មានសាក់រូបនៅលើដើមទ្រូង និងផ្នែកខ្នង ពាក់អាយឺតដៃវែង ពណ៌ខ្មៅ ស្លៀកខោសាច់ក្រណាត់ជើងខ្លី ត្រឹមជង្គង់ ពណ៌ខ្មៅ បានដេកស្លាប់ក្នុងធ្លុកទឹកមាត់ប្រឡាយ ជាប់ផ្លូវជាតិលេខ៦A ខាងលិចភោជនីយដ្ឋានអាប៉ូឡូប្លាស្សាប្រហែល ១០០ម៉ែត្រ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដឹកនាំដោយលោក ង៉ិល សុវណ្ណរិទ្ធិ អយ្យការរងអមសារដំបូងខេត្តសៀមរាប ដោយមានការចូលរួមសហការពីនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងលោកវេជ្ជបណ្ឌិតផ្នែកកោសល្យវិច័យ នៃមន្ទីពេទ្យបង្អែកខេត្ត សៀមរាប បានធ្វើការពិនិត្យវិភាគកន្លែងកើតហេតុ និងពិនិត្យសាកសព និងធ្វើការសាកសួរសាក្សី។

តាមរយៈការស្រាវជ្រាវ និងស៊ើបអង្កេត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលស្រុកសូទ្រនិគម កំណត់បានមុខសញ្ញាសង្ស័យចំនួន ២នាក់មាន ឈ្មោះ ហូល ហៃ ហៅ ម៉ែន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជនសង្ស័យមួយរូបទៀត ឈ្មោះ កឿម កាន ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរកម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ហូល ហៃ ហៅ ម៉ែន បានសារភាពថា រូបគេពិតជាធ្វើសកម្មភាពខាងលើពិតប្រាកដមែន ដោយនៅវេលាម៉ោង០២និង០០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ រូបគេបានបើកម៉ូតូឌុបប្រពន្ធ ប្រដាប់ដោយខ្វែវ ១ដើម ចេញពីផ្ទះនៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម មករកគូទំនាស់នៅចំណុចតូបលក់បាយកន្លែងកើតហេតុ ព្រោះជនរងគ្រោះជាគូទំនាស់ តែងតែដេកនៅទីនោះរៀងរាល់យប់។ ពេលទៅដល់រូបគេបានចុះពីម៉ូតូកាប់ជនរងគ្រោះ ដោយប្រើដៃទាំងសងខាង កាប់ចំក ផ្នែកខាងមុខចំនួន ១ខ្វែវ ខណៈដែលជនរងគ្រោះដេកផ្ងា ភ្លាមនោះជនរងគ្រោះបានប្រកាច់ចេញពីតូបលក់បាយទៅទិសខាងត្បូងផ្លូវជាតិលេខ៦ ហើយដួលផ្កាប់មុខនៅចិញ្ចើមផ្លូវ ហើយរូបគេបានកាប់បន្ថែមចំត្រង់ស្លាបប្រជៀងផ្នែកខាងស្តាំ ផ្នែកខាងក្រោយ ចំនួន ១ខ្វែវ និងកាប់ចំត្រង់ចង្កេះខាងស្តាំ ចំនួន១ខ្វែវទៀត បន្ទាប់មកបានឲ្យប្រពន្ធជួយលើកជនរងគ្រោះបោះចូលទៅ ក្នុងថ្លុកទឹកមាត់ប្រឡាយ ហើយបើកម៉ូតូគេចទៅផ្ទះវិញ ដោយយកក្រណាត់ជូនសម្អាតឈាមចេញពីខ្វែវ លុះព្រឹកឡើង រូបគេបានសំលៀង និងលាងសំអាតខ្វែវ ហើយយកទៅសៀតនៅលើធ្នឹមផ្ទះ។

បន្ទាប់មកទើបយកក្រណាត់ដែលប្រឡាក់ឈាមដាក់ដុតជាមួយគំនរសំរាមក្បែរផ្ទះ លុះដល់វេលាម៉ោង១២និង០០នាទី ថ្ងៃដដែល ក៏ត្រូវបានសមត្ថកិច្ចចុះនាំខ្លួនតែម្តង។ ចំណែក ឈ្មោះ កឿម កាន ភេទស្រី អាយុ ២៨ឆ្នាំ បានសារភាពថា នៅវេលាម៉ោង២១ និង០០នាទីយប់ មុនថ្ងៃកើតហេតុមួយសប្តាហ៍ ប្តីរបស់ខ្លួនមានទំនាស់ និងប្រើហិង្សាជាមួយជនរងគ្រោះខាងលើ ខណៈកំពុងអង្គុយផឹកស្រាជុំគ្នា ហើយនៅយប់កើតហេតុវេលាម៉ោង០២និង០០នាទី រំលងអាធ្រាត ប្តីបានបើកម៉ូតូឌុបរូបនាងប្រដាប់ដោយខ្វែវ ១ដើម មកធ្វើសកម្មភាពកាប់លើគូទំនាស់តែម្តង ក្នុងនោះរូបនាង ក៏បានជួយលើកជនរងគ្រោះបោះចូលក្នុងថ្លុកទឹកផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជុន កុសល

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?