ព័ត៌មានជាតិ
ការរៀបចំបែងចែកម្ហូបអាហារ ក្រោយព្រះសង្ឃឆាន់រួច នៅតាមវត្តអារាមនានា កំឡុងភ្ជុំបិណ្ឌប្រពៃណីខ្មែរ
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរ គឺជាពិធីបុណ្យធំជាងគេមួយ ក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនានៅកម្ពុជា។ ជារៀងរាល់ឆ្នាំ ពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូន កូនចៅ និងសាច់ញាតិសន្ដានទាំងអស់ ទោះទីជិត ឬ ទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសជួបឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់ យកទៅប្រគេនព្រះសង្ឃគង់នៅវត្តអារាម។

វត្តមួយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានអនុវត្តការរៀបចំម្ហូបអាហារយ៉ាងល្អ សម្រាប់ចែកជូនដល់សាធារណជន ឬ អ្នកទីទាល់ក្រ បានពិសា បន្ទាប់ពីព្រះសង្ឃនិមន្តឆាន់រួច កំឡុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដែលមានរយៈពេល ១៥ ថ្ងៃ។

ព្រះភិក្ខុធម្មវង្ស ពុំ រតនៈ គង់នៅវត្តលង្កាព្រះកុសុមារាម មានសង្ឃដីកាប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ន វត្តលង្កា មានការរៀបចំម្ហូបអាហារក្រោយពីព្រះសង្ឃនិមន្តឆាន់រួច សម្រាប់ចែកជូនដល់សាធារណជន ពិសេសជនក្រីក្រ ឬ អ្នកសុំទាន ដើម្បីឲ្យពួកគាត់បានទទួលអាហារទាំងនេះទុកបរិភោគ និងយកទៅផ្ទះចែកកូនចៅផ្សេងៗទៀតបានបរិភោគ ដូចគេឯងដែរ។

ព្រះភិក្ខុធម្មវង្ស ពុំ រតនៈ មានសង្ឃដីកា បន្ថែមថា ចង្ហាន់ ឬ ម្ហូបអាហារ ដែលនៅសល់បន្ទាប់ពីព្រះសង្ឃឆាន់រួចនោះ ត្រូវបានបែងចែកបន្តទៀតទៅដល់សាធារណជនផ្សេងៗទៀត ក្នុងនោះរួមមាន ៖ អ្នកបោសសម្អាតបរិស្ថាន អ្នករត់ម៉ូតូឌុប ឬ កង់បី និងកម្មករសំណង់ ជាដើម។ ក្រៅពីនេះ ព្រះភិក្ខុ អង្គនេះ បានមានសង្ឃដីកា បញ្ជាក់ថា សម្រាប់វត្តលង្កា ជារៀងរាល់ឆ្នាំ តែងតែបានរៀបចំចង្ហាន់ ឬ ម្ហូបអាហារ ទាំងនេះជាលក្ខណៈមួយដែលមានរបៀបរៀបរយ មិនខ្ជះខ្ជាយ ខណៈពេលសេដ្ឋកិច្ចក៏មានការប្រែប្រួលទៀតនោះ ម្ល៉ោះហើយយើងគ្រប់គ្នាត្រូវតែចេះសន្សំសំចៃ ទើបអាចទប់ទល់នឹងស្ថានភាពបែបនេះបាន។

ចំណែក លោក សុវណ្ណ មករា យុវជនសម្ព័ន្ធក្មេងវត្ត និងជាអ្នករៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ក៏បានប្រាប់កម្ពុជាថ្មីដែរថា សម្រាប់ពេលនេះ លោកសង្កេតឃើញថា នៅតាមវត្តអារាមមានការរៀបចំម្ហូបអាហារបានយ៉ាងត្រឹមត្រូវ មានរបៀបរៀបរយល្អ មិនដូចកាលពីមុននោះឡើយ។ លោក បន្ថែមថា ជាក់ស្ដែង នៅវត្តលង្កា គ្រប់គណៈកម្មការ អាចារ្យ ក្មេងវត្ត សុទ្ធសឹងតែមានវិន័យត្រឹមត្រូវ និងមានភារកិច្ចបម្រើព្រះសង្ឃ។ ម្យ៉ាងទៀត បន្ទាប់ពីព្រះសង្ឃនិមន្តឆាន់រួចហើយ ក្រុមគណៈកម្មការ អាចារ្យ និងក្មេងវត្តទាំងអស់ បាននាំគ្នាចាត់ចែងម្ហូបអាហារទាំងអស់នេះ សម្រាប់ផ្ដល់ជូនដល់អ្នកខ្វះខាត មានដូចជា ៖ អ្នកសុំទាន កម្មករសំណង់ អ្នករត់ម៉ូតូឌុប ដើម្បីឲ្យពួកគាត់អាចយកអាហារទៅបរិភោគរួចបានមួយពេលៗ និងកាត់បន្ថយការចំណាយទៅលើអាហារហូបចុកប្រចាំថ្ងៃបានយ៉ាងច្រើនគួរសម ក្នុងកំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដែលមានរយៈពេល ១៥ ថ្ងៃនេះ៕
អត្ថបទ ៖ សួស សិត



-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត