ព័ត៌មានជាតិ
BREAKING NEWS: កុមារីអាយុ២ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី (H5N1)
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នារាត្រីទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បានប្រកាសថា មានកុមារីអាយុ២ឆ្នាំម្នាក់ រស់នៅក្នុងភូមិឆ្មាលោត ឃុំស្នោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានបាត់បង់ជីវិត និងត្រូវបានបានបញ្ជាក់ថាវិជ្ជមានជំងឺផ្ដាសាយបក្សី (H5N1)។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានសរសេរអះអាងថា តាមការសាកសួរ នៅផ្ទះកុមារដែលបាត់បង់ជីវិតនេះ គឺមានសត្វមាន់ងាប់ជាហូរហែ។

ជាមួយគ្នានេះ នៅមុនការស្លាប់របស់កុមារីដែលរស់នៅខេត្តព្រៃវែងរយៈពេលពីរថ្ងៃ ក៏មានដែរនូវការស្លាប់របស់ម្នាក់វ័យ៥០ឆ្នាំ រស់នៅក្នុងភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀងបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី (H5N1) កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។
សម្រាប់មូលហេតុ ដែលនាំឱ្យបុរសដែលរស់នៅខេត្តស្វាយរៀងឆ្លងជំងឺផ្ដាសាយបក្សីរហូតបាត់បង់ជីវិតនោះ គឺមានផ្ទះអ្នកជិតខាងបុរសខាងលើ បានទិញមាន់មកស្តុកទុកលក់ បន្ទាប់មកក៏ឃើញមាន់នៅផ្ទះរបស់គាត់ និងផ្ទះអ្នកក្បែរខាងចាប់ផ្តើមងាប់ប្រមាណជាង ៥០ ក្បាល បុរសដែលវ័យ៥០ឆ្នាំ ក៏យកមាន់ងាប់ចែកចាយឱ្យបងប្អូន យកទៅបរិភោគ។
ក្រសួងសុខាភិបាលបានអះអាងថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺកំពុងអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្ដាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសាររបស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ទាំងផ្នែកសុខាភិបាល និងបសុពេទ្យ ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នក ដទៃទៀត ក្នុងសហគមន៍ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាល ក៏បានព្រមានជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាព ប្រជាពលរដ្ឋជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។
ជារួម ករណីដែលបានស្លាប់នេះ គឺជាករណីផ្តាសាយបក្សីទី៥៩ ហើយក្នុងនោះមានអ្នកស្លាប់ចំនួន៤០នាក់ រាប់ចាប់តាំងបីជំងឺផ្ដាសាយបក្សី កើតមានលើមនុស្សចាប់តាំងពីឆ្នាំ ២០០៥ មក ។ នេះជាករណីទី៣ហើយ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣។
តាមសន្និដ្ឋានរបស់ក្រសួងសុខាភិបាល ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាវាចម្លងរវាងសត្វបក្សីឈឺទៅបក្សីផ្សេងទៀត ប៉ុន្តែជួន កាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនដល់អាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ