Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា បន្តតាមដានយ៉ាងយកចិត្តទុកដាក់ រហូតដល់ប្រជាជនខ្មែរនៅអ៊ីស្រាអែល ទៅដល់ទីតាំងមានសុវត្ថិភាពគ្រប់ៗគ្នា

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រជាជន និងនិស្សិតខ្មែរកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល មានចំនួន ៤៥៤នាក់។ ក្នុងចំណោមនោះ មានប្រជាជន និងនិស្សិតខ្មែរចំនួន ៣២៣នាក់ ត្រូវបានចល័តទៅទីតាំងមានសុវត្ថិភាពរួចរាល់ហើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់រហូតដល់ប្រជាជនខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល បានទៅដល់ទីតាំងមានសុវត្ថិភាពគ្រប់ៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារជាសំឡេង នៅរសៀលថ្ងៃទី ១០ ខែតុលានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយគ្រួសារសពរបស់និស្សិតខ្មែរម្នាក់ ឈ្មោះ ចាន់ ឧត្ដម ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣កន្លងទៅនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៅកាន់ជនរួមជាតិ ពិសេសប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល និងក្រុមគ្រួសាររបស់ពួកគេថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសនិស្សិតខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។

ក្នុង​ន័យនេះ រាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធ ដែលមានក្រសួងការបរទេស, ក្រសួងកសិកម្ម, ក្រសួងអប់រំ, ស្ថាប័នចារកិច្ចក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានតាមដានរាល់សភាពការណ៍ទាំងអស់ ទាំងយប់ ទាំងថ្ងៃ ចាប់តាំងពីហេតុការណ៍ផ្ទុះឡើង នៅប្រទេសអ៊ីស្រាអែល នាប៉ុន្មានថ្ងៃមកនេះ។

ក្នុងនោះដែរ រាជរដ្ឋាភិបាល​ បានខិតខំធ្វើយ៉ាងណាធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពិសេសនិស្សិតខ្មែរកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែលនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចឲ្យលោក សុខ ចិន្ដាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងស្ថាប័នផ្សេងទៀតរបស់កម្ពុជា ឲ្យទំនាក់ទំនងតាមគ្រប់មធ្យោបាយជាមួយស្ថាប័នពាក់ព័ន្ធ នៃប្រទេសអ៊ីស្រាអែល ក៏ដូចជាប្រភពផ្សេងទៀត ដែលកម្ពុជាមានទំនាក់ទំនងជាមួយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីភារកិច្ចនេះថា «ក្នុងគោលដៅ ៣ ទីមួយគឺកំណត់ឲ្យបាននូវចំនួន និងអត្តសញ្ញាណរបស់ប្រជាជនខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ជាពិសេសនិស្សិតរបស់យើង ទីពីរព្យាយាមទំនាក់ទំនងជាមួយនិស្សិតយើង និងប្រជាពលរដ្ឋយើងនៅទីនោះ ឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានព័ត៌មានថា ពួកគេមានសុវត្ថិភាពឬយ៉ាងណា និងកំណត់ថា ពួកគេកំពុងតែស្ថិតនៅក្នុងតំបន់សុវត្ថិភាព ឬតំបន់ក្រហមដែលមានជម្លោះ ទីបីនៅក្នុងករណីដែលមាននិស្សិតខ្មែរ ប្រជាជនខ្មែរយើងដែលយើងកំណត់អត្តសញ្ញាណ នៅក្នុងតំបន់ក្រហម ត្រូវព្យាយាមទំនាក់ទំនង​ជាមួយអាជ្ញាធអ៊ីស្រាអែល ដើម្បីជួយសង្រ្គោះ និងជម្លៀសពួកគេចេញពីតំបន់ក្រហម ទៅកាន់តំបន់សុវត្ថិភាព ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន»។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាលទ្ធផលគិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣នេះ គឺរាជរដ្ឋាភិបាលកម្ពុជា កំណត់បានចំនួនប្រជាជន និងនិស្សិតខ្មែរកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែលចំនួន ៤៥៤នាក់។ ក្នុងចំណោម ៤៥៤នាក់នោះ គឺរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងបានទាំងអស់គ្នាតែម្ដង ដើម្បីបញ្ជាក់អំពីសុវត្ថិភាពរបស់ពួកគេ ហើយក្នុងចំណោមនោះទៀតសោត មានប្រជាជន និងនិស្សិតខ្មែរចំនួន ៣២៣នាក់ ត្រូវបានចល័តទៅទីតាំងមានសុវត្ថិភាព និង ១៣១នាក់ នៅទីតាំងដែលមានហានិភ័យនៅឡើយ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់រហូតដល់ប្រជាជនខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល បានទៅដល់ទីតាំងមានសុវត្ថិភាពគ្រប់ៗគ្នា។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ពិសេសនិស្សិតខ្មែរកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល បន្តយកចិត្តទុកដាក់អំពីសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រប់ឲ្យបានម៉ឺងម៉ាត់ ចំពោះរាល់ការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម