ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសប្រេស៊ីល អះអាងថា ប្រទេសរបស់ខ្លួន គ្រោងបើកស្ថានទូតប្រចាំកម្ពុជានៅឆ្នាំ ២០២៤ខាងមុខ
រដ្ឋមន្ត្រីការបរទេសប្រេស៊ីល បានអះអាងថា ប្រទេសរបស់ខ្លួន គ្រោងបើកស្ថានឯកអគ្គរដ្ឋទូតប្រចាំកម្ពុជានៅឆ្នាំ ២០២៤ ខាងមុខ ហើយក៏សាទរផងដែរ ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប្រេស៊ីល។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/001-9-725x1024.jpg)
ការអះអាងនេះ គឺនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក ម៉ៅរូ វីអេរ៉ា រដ្ឋមន្ត្រីការបរទេសប្រេស៊ីស និងគណៈប្រតិភូ នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣នេះ។
ជាកិច្ចចាប់ផ្ដើមក្នុងជំនួបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ របស់លោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសទាំងពីរ ព្រមជាមួយនឹងក្តីសង្ឃឹមថា ទំនាក់ទំនងដ៏ល្អនេះ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ខណៈពេលដែលកម្ពុជា មានរាជរដ្ឋាភិបាលថ្មី។ ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-ប្រេស៊ីល នៅរក្សាដដែល។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/002-6-1024x684.jpg)
ចំណែកឯលោក ម៉ៅរូ វីអេរ៉ា បានប្រគល់ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នូវលិខិតអបអរសាទររបស់លោកប្រធានាធិបតីប្រេស៊ីល ក្នុងឱកាសដែលសម្តេចធិបតី ចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានបញ្ជាក់់នូវបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម, អប់រំ, សុខាភិបាល និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/003-4-1024x681.jpg)
លោករដ្ឋមន្ត្រី ក៏បានសាទរចំពោះការសម្រេចចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសប្រេស៊ីល ហើយក៏បានជម្រាបផងដែរថា ប្រេស៊ីលក៏គ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួននៅរាជធានីភ្នំពេញ ក្នុងឆ្នាំ ២០២៤ ខាងមុខនេះ ស្របពេលនៃខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងការទូតកម្ពុជា-ប្រេស៊ីល។
បន្ថែមពីលើនេះទៀត លោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បានអរគុណចំពោះកម្ពុជា ដែលបានគាំទ្រប្រទេសប្រេស៊ីល ឲ្យក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន នៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ ។
ក្នុងនោះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍, កសិកម្ម, និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានពិភាក្សាអំពីបញ្ហាមួយចំនួនទៀត ដែលជាផលប្រយោជន៍រួម។
មុននឹងបញ្ចប់ជំនួប លោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល បានគោរពអញ្ជើញសម្តេចធិបតី ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសប្រេស៊ីល ក្នុងពេលវេលាសមស្របណាមួយ។ ជាការឆ្លើយតប សម្តេចធិបតី បានទទួលយកការអញ្ជើញនេះ ដោយក្តីរីករាយ និងបានបង្ហាញអំពីបំណងក្នុងការអញ្ជើញលោកប្រធានាធិបតីប្រេស៊ីល មកបំពេញទស្សនកិច្ចនៅកម្ពុជាវិញ ជាពិសេសនៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះ ដែលជាឆ្នាំនៃការប្រារព្ធខួបលើកទី ៣០ នៃចំណងការទូតផ្លូវការកម្ពុជា-ប្រេស៊ីល ព្រមជាមួយការបើកដំណើរការស្ថានអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅកម្ពុជាផងដែរ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?