ព័ត៌មានជាតិ
ពិធីបុណ្យអុំទូកឆ្នាំនេះ នឹងប្រារព្ធធំ បន្ទាប់ពីខកខានប៉ុន្មានឆ្នាំ
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ និងត្រូវត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូកឱ្យបានធំ និងបានល្អប្រសើរ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បន្ទាប់ពីខកខានប៉ុន្មានឆ្នាំកន្លងមក។

ការណែនាំនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយការចូលរួមពី ស្នងការដ្ឋានរាជធានី ទីបញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១៤ និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍ថា អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយសារថា ក្នុងពិធីបុណ្យនេះ ពួកគាត់ភាគច្រើនទៅស្រុកកំណើត ឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ ដែលយើងត្រូវមើលថែទ្រព្យសម្បត្តិជំនួសពួកគាត់។ កិច្ចការពារសន្តិសុខនេះក៏ត្រូវបន្តរហូតដល់ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រោយពីព្រះរាជពិធីនេះបានអាកខានអស់ជាច្រើនឆ្នាំ ដោយសារការរាត្បាតដោយជំងឺកូវីដ-១៩។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំជាគណៈកម្មការរួចរាល់ហើយ ដើម្បីឱ្យព្រះរាជពិធីបុណ្យអុំទូកនេះ ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ។

ក្នុងកិច្ចប្រជុំនេះ ក៏បានបង្ហាញពីគម្រោង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះផងដែរ ដោយបើតាមគម្រោង ព្រះរាជពិធីឆ្នាំនេះនឹងមាន ទូកង ចូលរួមប្រណាំងប្រមាណជាង ៣០០ទូក (រាជធានីភ្នំពេញមានប្រមាណជាង ៤០ទូក) មានកីឡាករ កីឡាការិនីចំណុះទូកប្រមាណជិត ២ម៉ឺននាក់ និងមានប្រទីបចូលរួមប្រមាណជាង ២០ប្រទីប។ ចំពោះទីតាំងសម្រាប់ការស្នាក់នៅរបស់កីឡាករចំណុះទូក ត្រូវបានបែងចែកជា ២ទីតាំង ក្នុងនោះ នៅអតីតឃ្លាំងសាំងក្នុងខណ្ឌឫស្សីកែវ មួយទីតាំង និងនៅខាងកើតទន្លេសាបក្នុងដីអភិវឌ្ឍន៍ OCIC ខាងជើងរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វា មួយទីតាំងទៀត ហើយទីតាំងទាំង ២នេះនឹងការរៀបចំបណ្តាញទឹក ភ្លើង និងបង្គន់អនាម័យយ៉ាងល្អប្រសើរផងដែរ។

គួររម្លឹកថា មួយទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានខកខានប្រារព្ធពិធីបុណ្យអុំទូកនេះ ជាច្រើនដង ដោយសារការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ត្រូវបង្ការកូវីដ-១៩ កិច្ចប្រជុំកំពូលអាស៊ាន ទឹកគោករាក់នៅឆ្នាំខ្លះជាដើម។ គណៈកម្មធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញផែនការណែនាំស្តីពី ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព្រះរាជពិធីបុណ្យ នឹងប្រព្រឹត្តទៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជារាស្ត្រ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរយើង ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដោយមានបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈ ទាំង ៣រាត្រី៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី