ព័ត៌មានជាតិ
តំណាងកម្ពុជាប្រចាំ UN ៖ លំហពលរដ្ឋ និងនយោបាយនៅកម្ពុជា មានភាពសេរី និងបើកចំហរ
ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) បានលើកឡើងថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជា មានភាពសេរី និងបើកចំហរ ដោយស្ដែងឡើងតាមរយៈតួនាទីដ៏រស់រវើករបស់វត្តមានអង្គការ-សង្គម និងអង្គភាពសារព័ត៌មានយ៉ាងច្រើន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣នេះ។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា គណៈប្រតិភូសរុបចំនួន ៣២ប្រទេស បានចូលរួមកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្ដីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៩ និងទី ១០ ខែតុលា ឆ្នាំ ២០២៣ អំឡុងសម័យប្រជុំលើកទី ៥៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ។
នៅកិច្ចសន្ទនានេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក៏ថ្លែងតបជាមួយនឹងអ្នករាយការណ៍ពិសេស លើប្រធានបទមួយចំនួនដូចជា៖ ទី១. ក្នុងដំណើរឆ្ពោះទៅការបោះឆ្នោតឃុំសង្កាត់ និងសភា ក្នុងឆ្នាំ ២០២២ និង ២០២៣ លំហពលរដ្ឋ និងនយោបាយត្រូវបានពង្រីក។ ក្នុងនោះ បម្រាមសកម្មនយោបាយរបស់បុគ្គលជាង ១០០នាក់ ក្នុងចំណោមទណ្ឌិតដែលជាប់ពាក់ព័ន្ធនឹងការបង្កអសន្តិសុខជាតិ ត្រូវបានរំសាយបញ្ចប់។ ពួកគេបានបង្កើត និងចូលរួមគណបក្សនយោបាយផ្សេងៗដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតថ្មីៗនេះ។ ទណ្ឌិតប្រមាណ ៣០នាក់ បានទទួលការលើកលែង ទោស និងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។
ទី២. ការបោះឆ្នោតសកលនាពេលថ្មីៗនេះ មានអត្រាវត្តមានអ្នកចូលរួមបោះឆ្នោតខ្ពស់រហូតដល់ ៨៤,៥៩ភាគរយ ដើម្បីជ្រើសរើសគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ១៨ និងមេដឹកនាំអនាគតដែលប្រជាជនជឿជាក់ថា អាចបន្តដឹកនាំជាតិលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ កិច្ចដំណើរការបោះឆ្នោត ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ពីសំណាក់អ្នកសង្កេតការណ៍ឯករាជ្យជាតិ និងអន្តរជាតិជិតមួយពាន់នាក់ ដែលបានវាយតម្លៃយ៉ាងទូលំទូលាយថា ការបោះឆ្នោតបានប្រព្រឹត្តិទៅដោយសេរី ត្រឹមយុត្តិធម៌ និងដោយសន្តិវិធី។ ការផ្ទេរអំណាចត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមដំណើរប្រជាធិបតយ្យប្រកបដោយភាពហ្មត់ចត់ ទាំងក្នុងកម្រិតគណបក្ស ការបោះឆ្នោត និងសភា។
ទី៣. អវត្តមានគណបក្សនយោបាយចំនួនពីរ ក្នុងដំណើរការបោះឆ្នោត ដោយសារការមិនគោរពតាមច្បាប់ មិនអាចបដិសេធលក្ខណៈនៃសេរីភាព ពហុភាព និងប្រជាធិបតេយ្យរបស់កម្ពុជា បានឡើយ។ ដើម្បីធានាបរិយាកាសរស់រវើក និងប្រកបដោយក្តីស្ថាបនាសម្រាប់គណបក្សនយោបាយទាំងអស់ដែលមានបំណងចង់ចូលរួមជាមួយរដ្ឋាភិបាលថ្មី តាមរយៈការផ្តល់គំនិត និងការពិគ្រោះយោបល់ ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ជាន់ខ្ពស់ ត្រូវបានបង្កើតឲ្យដំណើរការឡើងវិញជាផ្លូវការ។ កន្លងមកនេះ គណបក្សនយោបាយចំនួន ៣០ បានដាក់បេក្ខភាពជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ជាន់ខ្ពស់។
-ជាប្រការមិនអាចប្រកែកបាន ដែលលំហពលរដ្ឋ និងនយោបាយមានភាពសេរី និងបើកចំហរ ស្ដែងឡើងតាមរយៈតួនាទីដ៏រស់រវើក របស់វត្តមានអង្គការមិនមែនរដ្ឋាភិបាលជាង ៦០០០ និងអង្គភាពសារព័ត៌មានទាំងឌីជីថល និងប្រពៃណីជាង ២០០០ ប្រតិបត្តិការដោយគ្មានការរឹតត្បិត។ ជាងនេះទៅទៀត រដ្ឋាភិបាល នៅតែប្តេជ្ញាចិត្តបន្តវេទិកាសន្ទនាភាពជាដៃគូជាមួយ អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើឡើង ២ដង ក្នុងមួយឆ្នាំ ដើម្បីដោះស្រាយសេចក្តីព្រួយបារម្ភ រួមទាំងវិសោធនកម្មច្បាប់ ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាបន្តបន្ទាប់។
-ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ មានឧទាហរណ៍ជាច្រើន បង្ហាញថា អ្នកគាំទ្រ និងសមាជិកបក្សកាន់អំណាច ក៏ត្រូវបានកាត់ទោសដោយតុលាការ តែមួយដូចគ្នានោះ។ សម្ព័ន្ធភាពជាមួយគណបក្សនយោបាយ សហជីព ឬអង្គភាពដែល ប្រកាសថា ធ្វើការលើសិទ្ធិណាមួយនោះ ពុំមែនជាអាជ្ញាប័ណ្ណឲ្យបុគ្គលណាម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។
តំណាងអចិន្ត្រៃយ៍កម្ពុជា បានថ្លែងបញ្ចប់ដោយគូសបញ្ជាក់ នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ជាប្រទេសដែលបានផ្តល់សច្ចាប័ន លើលិខិតូបករណ៍សិទ្ធិមនុស្សអន្តរជាតិសំខាន់ៗ ស្ទើរតែទាំងអស់ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សទៅតាមរដ្ឋធម្មនុញ្ញ និងនៅក្នុងក្របខណ្ឌនៃនីតិរដ្ឋ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ថែរក្សាសន្តិភាព ដែលសម្រេចបានដោយលំបាក និងដើម្បីបន្តដំណើរប្រជាធិបតេយ្យប្រកបដោយពហុនិយម ដោយឥតថយក្រោយ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ