Connect with us

ព័ត៌មានជាតិ

អ្នកលក់កាហ្វេតាមម៉ូតូមានកំណើន ខណៈហាង ធំៗមួយចំនួនថយទីផ្សារនិងបិទទ្វារ

បានផុស

នៅ

អ្នកប្រកបមុខរបរលក់កាហ្វេតាមម៉ូតូមានកំណើនរីកដុះដាលជាច្រើននៅរាជធានីភ្នំពេញ​ ខណៈគេកត់សម្គាល់ឃើញថា មានហាងកាហ្វេធំៗមួយចំនួនបានបាត់បង់ទីផ្សារ និងបិទទ្វារ ជាដើម។

លោក ជុំ សារាជ្យ ជាអ្នកលក់កាហ្វេតាមម៉ូតូ នៅក្បែរសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបរាប់ថា លោកបាននឹក ឃើញគំនិតលក់កាហ្វេតាមម៉ូតូនេះ តាំងពី ២ឆ្នាំមុនមកម្លេះ ប៉ុន្តែទើបតែចាប់ផ្តើមនាពេលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាបុគ្គលិក Part time នៅក្រុមហ៊ុនសេវាកម្មមួយ លោក សារាជ្យ បានប្រាប់កម្ពុជាថ្មីថា «ខ្ញុំធ្វើការនៅក្រុមហ៊ុនមួយ ពេលរសៀល តែពេលព្រឹកទំនេរ ក៏នឹកឃើញចាប់មុខរបរលក់កាហ្វេតាមម៉ូតូនេះ ដើម្បីបន្ថែមចំណូលប្រចាំថ្ងៃពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចំណែកថ្ងៃ សៅរ៍ និងអាទិត្យ អាចលក់បានពេញមួយថ្ងៃ»។

លោក សារាជ្យ បានឱ្យដឹងថា ការលក់នេះជាមធ្យមបានប្រមាណ ៤០ កែវ ក្នុងមួយថ្ងៃ ដោយទទួលបានចំណូលពី ១២ម៉ឺន ទៅ ១៥ម៉ឺនរៀល។ បើតាមលោក រាជ្យ ក្នុងមួយកែវ លោកលក់ ៣ពាន់រៀល។

ដូចគ្នានេះដែរ លោក ជីម វ៉េងសៀង អ្នកលក់កាហ្វេតាមម៉ូតូម្នាក់ទៀត នៅក្បែរវិទ្យាល័យបាក់ទូ លើកឡើងថា សម្រាប់ មុខរបរនេះ លោកទើបតែចាប់ផ្ដើមលក់បានប្រហែលជាង ១ខែ ដ្បិតលោក វ៉េងសៀង ធ្លាប់លក់កាហ្វេនៅផ្ទះអស់រយៈ ពេលជាង ៣ឆ្នាំមកហើយ។

លោក ជីម វ៉េងសៀង បានរៀបរាប់បន្តថា នៅក្នុងមួយថ្ងៃជាមធ្យមលក់បានប្រមាណជាង ៥០កែវ ដែលទទួលបាន ចំណូលចន្លេះពី ១៥ម៉ឺន ទៅ ២០ម៉ឺនរៀល នៅក្នុងមួយថ្ងៃ។​ មិនត្រឹមតែប៉ុណ្ណោះ លោក ជីម វ៉េងសៀង មានទទួល បង្រៀនឆុងកាហ្វេ និងលក់សម្ភារៈសម្រាប់កាហ្វេផងដែរ។

លោក ជា វុទ្ធី អ្នកចូលចិត្តទទួលទានកាហ្វេមួយរូប បានកត់សម្គាល់ឃើញថា មុខរបរលក់កាហ្វេតាមម៉ូតូនេះ រីកដុះដាល ខ្លាំង។ លោក វុទ្ធី បានលើកឡើងថា កាហ្វេតាមម៉ូតូបច្ចុប្បន្នមាន អនាម័យ តម្លៃសមរម្យ និងមានរសជាតិឆ្ងាញ់ មិន ចាញ់កាហ្វេប្រេននោះទេ ជាពិសេសចំណេញពាក់កណ្តាលបើធៀបនឹងកាហ្វេតាមហាង។

កាហ្វេតាមម៉ូតូ មានតម្លៃចន្លោះពី ៣ ពាន់រៀល ទៅ ៥ពាន់រៀល ទៅតាមការម៉ង់របស់អតិថិជន។ ការលក់កាហ្វេតាម ម៉ូតូនេះ បាននិងកំពុងក្តោបបានទីផ្សារចំពោះអ្នកមានចំណូលតិច និងមធ្យម។ ដោយឡែកអ្នកមានចំណូលខ្ពស់មួយ ចំនួន ក៏បានងាកមកចាប់អារម្មណ៍រសជាតិកាហ្វេតាមចិញ្ចើមផ្លូវ ឬតាមម៉ូតូនេះដែរ ដោយសារបានកាត់បន្ថយការ ចំណាយ ខណៈស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នមិនសូវល្អប្រសើរ។

ដោយឡែករាជរដ្ឋាភិបាល ក៏បាននិងកំពុងជំរុញលើកកម្ពស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។ វិស័យមីក្រូធុនតូច និង មធ្យម បានរួមចំណែកក្នុងចរន្តសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍដូច កម្ពុជាជាដើម៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម