ព័ត៌មានជាតិ
លោក លី ធុជ ជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein លើការរៀបចំសន្និសីទសកលលើកទី ៣ ស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន
កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេស នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស និងគណៈប្រតិភូ នៃអនុសញ្ញាអូតាវ៉ា លើការងាររៀបចំសន្និសីទសកលលើកទី ៣ ស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទសិទ្ធិជនមានពិការភាព ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី ១៧-១៩ ខែតុលា ឆ្នាំ ២០២៣ និងការត្រៀមធ្វើជាប្រធានដឹកនាំកិច្ចប្រជុំ និងម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្ដីពីពិភពលោកដែលគ្មានមីន ក្នុងឆ្នាំ ២០២៤ ក្រោមក្របខណ្ឌ នៃអនុសញ្ញាអូតាវ៉ា។
ក្នុងកិច្ចពិភាក្សា និងសន្និសីទសារព័ត៌មាន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន បានមានប្រសាសន៍ថា កម្ពុជា មានមោទនភាពបានទទួលធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំសន្និសីទសកលលើកទី ៣ ស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន ព្រមទាំងស្វាគមន៍ចំពោះព្រះវត្តមានព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein និងគណៈប្រតិភូអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា ដែលបានចំណាយពេលវេលាចូលរួមផ្តល់នូវខ្លឹមសារដ៏មានសារៈសំខាន់ និងសហការរៀបចំដំណើរការ នៃសន្និសីទសកលទី ៣ ទាំងមូល។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់ព្រះអង្គម្ចាស់ Mired ដែលបានចំណាយពេល ១៩ ឆ្នាំ ក្នុងបុព្វហេតុជំរុញសកម្មភាពមីនឆ្ពោះទៅរកពិភពលោកមួយគ្មានមីន។
លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា ក្នុងដំណើរការសន្និសីទសកលលើកទី ៣ ដែលមានតំណាងប្រទេសចំនួន ៤៥ និងមានជំនាញការជាច្រើនចូលរួម នឹងលើកយកនូវលទ្ធផល និងបញ្ហាប្រឈមនានាក្នុងការអនុវត្តអនុសញ្ញានាពេលកន្លងមក ដើម្បីយកមកធ្វើការពិភាក្សាគ្នា និងជំរុញលើកកម្ពស់ការអនុវត្តអនុសញ្ញាឲ្យកាន់តែល្អប្រសើរជាងមុនក្នុងកិច្ចជួយសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងសិទ្ធិជនមានពិការភាព។ អង្គសន្និសីទនេះ នឹងបង្កើតឲ្យមាននូវផែនការសកម្មភាពរយៈពេល ០៥ ឆ្នាំ សម្រាប់ការអនុវត្តអនុសញ្ញាទៅមុខទៀត។
លោកបានបន្តទៀតថា អង្គសន្និសីទទាំងមូល នឹងពិភាក្សាគ្នាផងដែរលើគោលដៅទៅមុខដែល កម្ពុជា នឹងក្លាយជាប្រធានដឹកនាំកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្ដីពីពិភពលោកគ្មានមីន ក្នុងខែធ្នូ ឆ្នាំ ២០២៤។ ក្នុងនាមកម្ពុជាជាប្រធានដឹកនាំកិច្ចប្រជុំកំពូលក្នុងឆ្នាំ ២០២៤ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ពីផែនការសកម្មភាពអាទិភាពចំនួន ៤ ដែលនឹងត្រូវយកពិភាក្សា រួមមាន ៖ ទី១/. ការផ្សព្វផ្សាយជំរុញការអនុវត្តអនុសញ្ញាអូតាវ៉ា ទី២/.ជំរុញការងារបោសសម្អាតមីនដើម្បីឆ្ពោះទៅរកពិភពលោកគ្មានមីន ទី៣/.ជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងទី៤/.កិច្ចសង្គ្រោះជនមានពិការភាពដោយសារគ្រាប់មីន សហគមន៍រងគ្រោះ និងសិទ្ធិជនមានពិការភាព។
ប្រេសិតពិសេស នៃអនុសញ្ញាអូតាវ៉ា ព្រះអង្គម្ចាស់ Mired បានបង្ហាញពីការពេញចិត្ត នៃការធ្វើជាម្ចាស់ផ្ទះ និងបានចូលរួមក្នុងសន្និសីទសកលលើកទី ៣ របស់កម្ពុជា ហើយព្រះអង្គម្ចាស់បានបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្ដីពីពិភពលោកដែលគ្មានមីន ក្នុងខែធ្នូ ឆ្នាំ ២០២៤ ផងដែរ។ ព្រះអង្គម្ចាស់ Mired បានលើកឡើងបន្ថែមអំពីដំណើរការ នៃការរៀបចំសន្និសីទសកលលើកទី ៣ ដែលនឹងផ្ដោតសំខាន់លើកិច្ចជួយសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងជំរុញការយកចិត្តទុកដាក់ឲ្យកាន់តែប្រសើរឡើង ហើយការងារនេះនឹងបន្តពិភាក្សាគ្នាបន្ថែមទៀតក្នុងកិច្ចប្រជុំកំពូលនៅខេត្តសៀមរាប។
ព្រះអង្គម្ចាស់ សង្ឃឹមថា រដ្ឋមិនមែនភាគី នឹងបន្តចូលរួមជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា ហើយទាំងរដ្ឋភាគី និងរដ្ឋមិនមែនភាគី នឹងបន្តចូលរួមជាមួយគ្នាពិភាក្សាលើបញ្ហាដែលនៅសេសសល់ និងធ្វើឲ្យមានភាពប្រសើរឡើងដល់កិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសិទ្ធិជនមានពិការភាព៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ