ព័ត៌មានជាតិ
ក្រុមហ៊ុនចិន មានទិសដៅអភិវឌ្ឍគម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) មានទិសដៅអភិវឌ្ឍគម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត ស្របនឹងគំនិតរបស់សម្តេច ហ៊ុន ម៉ាណែត ដែលមានទិសដៅការអភិវឌ្ឍប្រព័ន្ធផ្លូវដែកកម្ពុជា ដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស។

ការបង្ហើបពីទិសដៅរបស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) ធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៧ តុលា ក្នុងឱកាសដែលសម្តេចធិបតី ចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងជំនួបនេះ លោក វ័ន ជៀនភីង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានផ្តល់ឱកាសដល់រូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ក៏ដូចជាចំពោះការគាំទ្រ និងការលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ក្នុងរយៈកាលកន្លងមក។ ក្នុងឱកាសនោះដែរ លោក វ័ន ជៀនភីង ក៏បានជម្រាបជូន សម្តេចធិបតី អំពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុននៅកម្ពុជា ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន CRCC មានគម្រោងវិនិយោគសរុបចំនួន ៥៣ ជាមួយនឹងដើមទុនប្រមាណ ៥.៣០០ លានដុល្លារអាមេរិក។ ចំពោះទិសដៅអនាគត ក្រុមហ៊ុនក៏មានផែនការវិនិយោគលើគម្រោងធំៗចំនួន ៣ បន្ថែមទៀត រួមមាន៖ ទី១ មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទិន្នន័យសម្រាប់គាំទ្រដល់រដ្ឋាភិបាលអេឡិចត្រូនិក, ទី២ គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត និងទី៣ គម្រោងផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាខេត្តស្របដងទន្លេមេគង្គ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CRCC នាឱកាសនេះ ព្រមទាំងបានថ្លែងអំណរគុណ និងគាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសការវិនិយោគក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែក ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងវិស័យឡូជីស្ទីក ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រីកការវិនិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានបទពិសោធន៍ និងមានលទ្ធភាព។ ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវដែក ដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើគោលដៅចំនួនពីរ គឺ ទី១ ការពិនិត្យលទ្ធភាពលើការជួសជុល និងទំនើបកម្មផ្លូវដែកដែលមានស្រាប់ និងទី២ ការសិក្សាលើការតភ្ជាប់ប្រព័ន្ធផ្លូវដែកពីភ្នំពេញ-បាវិត និងប៉ោយប៉ែត-សៀមរាប ក៏ដូចជាការតភ្ជាប់រហូតដល់ព្រំដែនវៀតណាម ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ចាប់ពីថ្ងៃទី១៦-១៩ តុលា ២០២៣ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន បានជួបថ្នាក់ដឹកនាំកំពូលចិន និងក្រុមហ៊ុនធំៗជាច្រើន រួមទាំងវិស័យធនាគារផងដែរ។ អ្នកជំនាញរំពឹងថា ជំនួបរវាងសម្តេចធិបតី ជាមួយក្រុមធុរជនទាំងអស់នេះ គឺជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគចិនឱ្យចូលមកដាក់ទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត៕


-
ចរាចរណ៍២៣ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់