ព័ត៌មានជាតិ
បទពិសោធន៍ នៃការទទួលចិញ្ចឹមឆ្កែ ដែលត្រូវបានសង្គ្រោះពីការជួញដូរសាច់ឆ្កែ
ម្ចាស់ថ្មីរបស់មានមានបានបញ្ជាក់ថា “ពួកយើងពិតជាត្រេកអរក្នុងការទទួលយក មានមាន មកចិញ្ចឹម ហើយក៏រីករាយនឹងផ្ដល់ភាពកក់ក្ដៅដល់នាង។ វាជារឿងសំខាន់ណាស់ ដែលយើងគួរយល់ថាឆ្កែជាសត្វដែលយល់ចិត្តបំផុតរបស់មនុស្ស មិនគួរយកគ្នាទៅជួញដូរ ឬបរិភោគទេ។”
បទពិសោធន៍របស់គ្រួសារដែលទទួលយក មានមាន ទៅចិញ្ចឹមឆ្កែ នៅរាជធានីភ្នំពេញ

ក្នុងឆ្នាំ2021 លោកស្រី លី ណែត និងគ្រួសាររបស់គាត់បានទទួលយកឆ្កែឈ្មោះ Natasha មកចិញ្ចឹម ក្រោយពីបានឃើញផុសមួយស្វែងរកផ្ទះថ្មីសម្រាប់ Natasha នៅលើទំព័រហ្វេសប៊ុកអង្គការ FOUR PAWS។ គ្រាន់តែឃើញរូប Natasha ភ្លាម ពួកគាត់មានអារម្មណ៍ថាស្រឡាញ់ និងចង់បាននាងមកចិញ្ចឹម។ ពួកគាត់បានយក Natasha ទៅចិញ្ចឹម និងដាក់ឈ្មោះថ្មីឱ្យថា មានមាន។

ជាទម្លាប់ប្រចាំថ្ងៃ លោកស្រីណែតមានភារកិច្ចមើលការខុសត្រូវអាជីវកម្មរបស់គាត់ ដែលធ្វើឱ្យរវល់ទាំងក្នុង និងក្រៅផ្ទះ។ ពេលមានមានចូលទៅនៅដំបូង នាងមានការស្ទាក់ស្ទើរក្នុងការលេងជាមួយសមាជិកគ្រួសារ និង ឆ្មា 2ក្បាលទៀតរបស់លោកស្រី។ លោកស្រីបានទុកមានមានក្នុងផ្ទះ ដើម្បីឱ្យនាងស៊ាំជាមួយនឹងបរិយាកាសទីនោះ។ ក្នុងរយៈពេលតែ 2 ទៅ 3 ថ្ងៃប៉ុណ្ណោះ មានមានក៏ចាប់ផ្ដើមស្គាល់ និងមានភាពស្និទ្ធស្នាលជាមួយគ្រប់គ្នានៅផ្ទះនោះ។
ថ្វីត្បិតតែ មានមាន ជាឆ្កែអៀនច្រើន និងចូលចិត្តភាពស្ងប់ស្ងាត់ក៏ដោយ ក៏នាងមានមនោសញ្ចេតនាស៊ីជម្រៅ ហើយតែងតែការពារសមាជិកគ្រួសារលោកស្រីណែតជានិច្ច។ លោកស្រី និងគ្រួសាររបស់គាត់តែងដឹក មានមានលើម៉ូតូ ឬឡានដើរលេងមើលទីក្រុងជារៀងរាល់ថ្ងៃក្រោយរួចដៃពីការងារ ហើយគាត់មើលដឹងថាមានមានក៏ចូលចិត្តបែបហ្នឹងដែរ។ ពេលនេះគ្រួសារលោកស្រីចាត់ទុកមានមានដូចជាសាច់ញាតិជិតដិតម្នាក់ទៀតអញ្ចឹងដែរ។
លោកស្រី ណែត បានប្រាប់មកកាន់អង្គការ FOUR PAWS ថា មានមាន ពិតជាស្រួលចិញ្ចឹម និងថែទាំមែនទែន។ គាត់បានបង្ហាញអារម្មណ៍រីករាយ ដែលមានមានត្រូវបានសង្គ្រោះពីការជួញដូរទាន់ពេលវេលា និងត្រូវបានគាត់យកទៅចិញ្ចឹម។ ឆ្កែ ដែលត្រូវបានសង្គ្រោះទាំងប៉ុន្មានសុទ្ធតែមានសុខភាពល្អ និងស្លូតបូត ដែលគ្រាន់តែត្រូវការថ្នាក់ថ្នមស្រឡាញ់ពីគ្រួសារដ៏កក់ក្ដៅមួយប៉ុណ្ណោះ។ លោកស្រីជឿជាក់ថាគ្រប់គ្នាក៏អាចជារួមចំណែកក្នុងការបញ្ឈប់ការជួញដូរសាច់ឆ្កែ និងជួយសង្គ្រោះសត្វទាំងអស់នេះ ដើម្បីជួយឱ្យប្រទេសយើងកាន់តែប្រសើរជាងមុន។
បទពិសោធន៍របស់អ្នករចនាក្រាហ្វិកក្នុងការទទួលយក អូឌីន មកចិញ្ចឹម
លោក សុជា គឺអ្នករចនាក្រាហ្វិក និងគ្រួសាររបស់លោកជាគ្រួសារក៏សាមញ្ញ និងគួរឱ្យរាប់អានមួយនៅទីក្រុងភ្នំពេញ។ ក្នុងឆ្នាំ 2021 ហើយក៏ជាឆ្នាំដែលឆ្កែទាំងនេះត្រូវបានសង្គ្រោះ គាត់ និងគ្រួសារគាត់បានស្វាគមន៍ឆ្កែញីមួយឈ្មោះ អូឌីន ចូលមកកាន់គ្រួសារគាត់យ៉ាងកក់ក្ដៅ។ លោក សុជា បានចែករំលែកនូវការយល់ដឹង និងបទពិសោធន៍របស់គាត់ទាក់ទងនឹងដំណើរការនៃការយកឆ្កែថ្មីមកចិញ្ចឹមក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់។

នៅពេលយកអូឌីនមកថ្មី លោក សុជា ត្រូវការបង្កើតទំនាក់ទំនងជាមួយអូឌីន។ នាងជាសត្វចិញ្ចឹមដែលចូលចិត្តប្រឡែងលេងជាមួយកូនរបស់គាត់។ មិនថាក្នុងអំឡុងពេលលេងរីករាយ ឬលំបាកក៏ដោយ ក៏អូឌីនមិនដែលបង្ហាញការខឹង និងទ្រាំបានគ្រប់សកម្មភាពជានិច្ច។ បញ្ហាជាមួយអូឌីនមានតិចតួចបំផុត គឺនាងចូលចិត្តកកេរប្រដាប់ក្មេងលេង និងស្បែកជើងកូនគាត់ដែលទុកចោលនៅលើឥដ្ឋ ឬគ្រែ។ លោក សុជា បានលើកបញ្ហនេះមកពិភាក្សាជាមួយបុគ្គលិកអង្គការ FOUR PAWS ហើយក៏ទទួលបានដំណោះស្រាយមួយ។ ដើម្បីដោះស្រាយបញ្ហានេះ ម្ដាយក្មេកគាត់បានទិញប្រដាប់ក្មេងលេងទុកឱ្យអូឌីនកកេរ ដោយជឿថាវានឹងមានប្រយោជន៍ដល់ពួកគាត់។ លោក សុជា តែងតែនាំអូឌីនទៅដើរលេងក្នុងសួន ឬទៅផ្ទះអ្នកជិតខាងរាល់ពេលដែលគាត់ទំនេរ។ ទោះបីជាគាត់រវល់ជាមួយការងារនៅការិយាល័យគាត់ មិនសូវមានពេលច្រើនជាមួយអូឌីនក៏ដោយ ក៏នាងអាចលេងបានជាមួយសមាជិកដទៃទៀតក្នុងគ្រួសារគាត់ដែរ។ ការស្រលាញ់ និងការយកចិត្តទុកដាក់ពីគ្រួសារគាត់បានផ្ដល់អារម្មណ៍សុវត្ថិភាព និងក្តីស្រឡាញ់ពេញលេញមួយទៅដល់អូឌីន។

លោក សុជា បាននិយាយពីអារម្មណ៍គាត់មកពួកយើងថា “ខ្ញុំសប្បាយចិត្តណាស់ ដែលមានអូឌីនជាសមាជិកម្នាក់ទៀតក្នុងគ្រួសារខ្ញុំ។ ខ្ញុំនៅតែមិនយល់ថាហេតុអ្វីបានជាមនុស្សមួយចំនួននៅតែបន្តបរិភោគសាច់ឆ្កែ។ ឆ្កែក៏ប្រៀបដូចជាមនុស្សយើង គួរណាតែទទួលបានក្ដីស្រឡាញ់ និងក្ដីមេត្តា។ ខ្ញុំស្ទើរតែមិនជឿថា ម្ចាស់ឆ្កែមួយចំនួនសុខចិត្តលក់ឆ្កែខ្លួនឯង ប្ដួរយកលុយ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ។”
ព័ត៌មានខ្លះពីឆ្កែ និងការស្នើសុំឆ្កែយកទៅចិញ្ចឹមពីអង្គការ FOUR PAWS
នៅខែកុម្ភៈ ឆ្នាំ 2021 អង្គការ FOUR PAWS បានធ្វើការយ៉ាងយកចិត្តទុកដាក់់ជាមួយអាជ្ញាធរខេត្តសៀមរាប និងដៃគូសហការក្នុងប្រទេស បានមកជួយសង្គ្រោះសត្វឆ្កែទាំងនេះ ដែលត្រូវបានដឹកជញ្ជូនទៅកាន់ទីសត្តឃាត ខណៈដែលខេត្តសៀមរាបបានហាមឃាត់ការជួញដូរនេះអស់រយៈពេលជាច្រើនខែមុនរួចមកហើយ។
សត្វឆ្កែសរុបចំនួន 61 ក្បាលត្រូវបានជួយសង្គ្រោះ ថែទាំ និងបង្វឹកនៅមជ្ឈមណ្ឌលចិញ្ចឹមរបស់អង្គការ FOUR PAWS ក្នុងខេត្តសៀមរាប។ បន្ទាប់ពីទទួលបានការថែទាំ និងបង្វឹកយ៉ាងយកចិត្តទុកដាក់ ពេលនេះពួកវាមានសុខភាពល្អ និងសុទ្ធសឹងជាសត្វចិញ្ចឹមដែលស្ដាប់បង្គាប់។ ខណៈ ឆ្កែមួយចំនួនក្នុងចំណោម 61ក្បាលនោះ បានរកឃើញផ្ទះថ្មីដ៏កក់ក្ដៅក្នុង និងក្រៅប្រទេស ក៏នៅមានសត្វឆ្កែដ៏គួរឱ្យស្រឡាញ់ចំនួន 9 ក្បាលទៀតនៅតែរង់ចាំយ៉ាងអន្ទះសារសម្រាប់គ្រួសារថ្មី។ ដូច្នេះហើយ យើងកំពុងស្វែងរកគ្រួសារថ្មីសម្រាប់សត្វឆ្កែ ដែលនៅសេសសល់ទាំងនេះក្នុងប្រទេសកម្ពុជា។ សូមទស្សនាវីដេអូអំពីការសង្គ្រោះរបស់យើង។
វីដេអូ៖ https://www.facebook.com/fourpaws.kh/videos/631597101570826/
ដើម្បីស្វែងយល់បន្ថែមអំពីការទទួលយកទៅចិញ្ចឹមសត្វឆ្កែឆ្លាតៗគួរឱ្យស្រលាញ់ទាំងនេះ សូមធ្វើការទំនាក់ទំនងអ្នកសម្របសម្រួលរបស់មជ្ឈមណ្ឌលចិញ្ចឹមតាមរយៈ WhatsApp ឬ លេខទូរសព្ទ +85517714552 ឬ តាមរយៈអ៊ីមែល [email protected]។
តើអ្នកអាចចូលរួមចំណែកតាមវិធីណាទៀត?
ការជួញដូរសាច់ឆ្កែផ្ដល់ផលវិបាកយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់ទាំងសត្វ និងមនុស្ស។ វាក៏ជាមូលហេតុបង្កនៃជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗដែរ។ ប្រសិនបើការជួញដូរនេះនៅតែបន្ត វានឹងបង្កឱ្យមានផលប៉ះពាល់ដ៏គ្រោះថ្នាក់ដល់សុខភាពសាធារណៈ។
មនុស្សរាប់លាននាក់មកពីជុំវិញពិភពលោកបានស្នើសុំឱ្យមានការហាមឃាត់លើសកម្មភាពជួញដូរនេះ។ លើសពីនេះទៅទៀត ការស្ទង់មតិរបស់យើងបានរកឃើញថា ប្រជាជនកម្ពុជាភាគច្រើនក៏ចង់ឱ្យមានការហាមឃាត់សកម្មភាពនេះដែរ។ សូមចូលរួមបញ្ចេញមតិរបស់អ្នកក្នុងការអំពាវនាវឱ្យបញ្ឈប់ការជួញដូរសាច់ឆ្កែនៅកម្ពុជា តាមរយៈតំណរភ្ជាប់នេះ https://bit.ly/Fourpaw និងតាមដានទំព័រហ្វេសប៊ុក FOUR PAWS សម្រាប់ព័ត៌មានបន្ថែម https://www.facebook.com/fourpaws.kh

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ