ព័ត៌មានជាតិ
លោក លី ធុជ៖ ការសង្គ្រោះជនរងគ្រោះដោយសារ មីន មិនត្រឹមជារឿងមនុស្សធម៌ទេ តែជារឿងសិទ្ធិមនុស្ស
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា កិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន មិនមែនត្រឹមជាកិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ តែជាកិច្ចការសិទ្ធិមនុស្ស។ លោកទេសរដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងពិធីបើកសន្និសីទ សកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-1025-1024x682.png)
សន្និសីទសកលលើកទី៣នេះ សហការរៀបចំដោយអាជ្ញាធរមីន និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ គោលបំណងនៃសន្និសីទកលនេះ ផ្តល់ជាធាតុចូលសម្រាប់ផែនការសកម្មភាពនៃអនុសញ្ញាអូតាវ៉ា និងផ្តល់ជាវេទិកាកម្រិតសាកល ដើម្បីឱ្យសហគមន៍ និងជនទទួលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ បង្ហាញពីក្តីកង្វល់ និងបញ្ហារបស់ខ្លួន រួមទាំងការចែករំលែកបទពិសោធន៍ ចំណេះដឹង បច្ចេកវិទ្យា និងគំនិតថ្មីៗក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះនានា។
សន្និសីទសាកលនេះ មានការចូលរួមពីជនរងគ្រោះ អ្នកជំនាញក្នុងវិស័យកិច្ចសង្គ្រោះជនរងគ្រោះ ពិការភាព សិទ្ធិមនុស្ស សុខាភិបាល ការងារ អភិវឌ្ឍន៍ និងវិស័យផ្សេងៗទៀតសរុបប្រមាណ២០០នាក់ មកពី៤៥ប្រទេស ដែលជាសមាជិក និងមិនមែនជាសមាជិកនៃអនុសញ្ញាអូតាវ៉ា។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-1026-1024x682.png)
ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត លោកទេសរដ្ឋមន្ត្រី លី ធុជ បានស្វាគមន៍ និងអំណរគុណដល់សមាសភាពចូលរួមទាំងដែលមកពីប្រទេសនានាក្នុងពិភពលោក ដែលបានចូលរួមក្នុងសនិ្នសីទសកលនេះ និងបានអរគុណដល់សហភាពអឺរ៉ុប ដែលបានគាំទ្រជាថវិកាសម្រាប់ការរៀបចំសន្និសីទនេះឡើង។ លោកទេសរដ្ឋមន្ត្រី បញ្ជាក់ថា ការរៀបចំ ក៏ដូចជាការចូលរួមក្នុងសន្និសីទសកលនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋភាគីក្នុងការបំពេញកតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ា និងជាពិសេសកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងភាពចាំបាច់ក្នុងការបញ្ចូលកិច្ចសង្គ្រោះជនរងគ្រោះ ចូលទៅក្នុងគោលនយោបាយ និងផែនការជាតិ ព្រមទាំងក្របខ័ណ្ឌច្បាប់នានា ដើម្បីធានាថា ជនរងគ្រោះទាំងអស់ទទួលបានសិទ្ធិ និងការគាំទ្រពេញលេញ។ លោក ថា កិច្ចសង្គ្រោះជនរងគ្រោះនេះ ក៏បានឆ្លុះបញ្ចាំងពីកតព្វកិច្ចនៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-1027-1024x682.png)
លោកទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា មិនត្រូវសម្លឹងមើលជនរងគ្រោះដោយសារមីនត្រឹមតែជាទិន្នន័យនោះទេ តែត្រូវសម្លឹងមើលពួកគេជាមនុស្សមានជីវិត ជាម្តាយដែលចិញ្ចឹមបីបាច់កូនៗ ជាឳពុកដែលត្រូវការពារក្រុមគ្រួសារខ្លួន ជាក្មេងដែលមានក្តីស្រមៃ ជាកសិករដែលខិតខំប្រឹងប្រែងដើម្បីជីវិតខ្លួន និងជាបុគ្គលដែលគ្មានកំហុស តែត្រូវទទួលរងជោគវាសនាដ៏អាក្រក់បែបនេះ។ គ្រាប់មីនបានបន្សល់ទុកស្លាកស្នាម ទាំងនៅលើរាងកាយ និងក្នុងចិត្តរបស់ពួកគេ ហើយជីវិតរបស់ពួកគេ ត្រូវរងការបំផ្លិចបំផ្លាចខ្ទេចខ្ទាំក្នុងមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ។
ក្នុងន័យនេះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា កិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ មិនមែនត្រឹមជាកិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ តែវាជាកិច្ចការសិទ្ធិមនុស្ស និងកិច្ចការសុខាភិបាលសាធារណៈ។ បើតាមលោកទេសរដ្ឋមន្ត្រី កិច្ចការនេះទាមទារការប្តេជ្ញាចិត្តខ្ពស់ ការគាំទ្រ និងសកម្មភាពរួមគ្នាពីគ្រប់មជ្ឍដ្ឋាន ជាពិសេសពីរដ្ឋភាគីនៃអនុសញ្ញា ដើម្បីធានាថា អាចជួយសង្គ្រោះដល់ជនរងគ្រោះនៅក្នុងគ្រាដែលពួកគេត្រូវការបំផុត និងជួយឱ្យជីវិត ជនរងគ្រោះទូទាំងពិភពលោក រួមទាំងក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ កាន់តែប្រសើរឡើង។
លោកទេសរដ្ឋមន្ត្រី ជឿជាក់ថា សន្និសីទនេះ មិនត្រឹមតែជាវេទិការចែករំលែកបទពិសោធន៍ និងចំណេះដឹងប៉ុណ្ណោះទេ តែវាជាពេលវេលាសម្រាប់ការបង្ហាញពីទឹកចិត្តក្នុងការរួបរួមគ្នាក្នុងការបំពេញកតព្វកិច្ចសង្គ្រោះជនរងគ្រោះសកល។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-1028-1024x682.png)
ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី លី ធុជ ក៏បានលើកឡើងអំពីវឌ្ឍនភាព និងសមិទ្ធផលក្នុងសកម្មភាពមីននៅកម្ពុជា ដោយក្នុងនោះ លោក បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក និងជំនួយរបស់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានប្តេជ្ញាចិត្តរួមគ្នាជួយឱ្យកម្ពុជាសម្រេចបានសម្មិទ្ធផលទាំងនេះ។ លោក អះអាងថា សកម្មភាពមីននៅកម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍មេត្តាធម៌ និងមិនទុកជនរងគ្រោះណាម្នាក់ចោលនោះឡើយ ហើយកម្ពុជា បាន ប្តេជ្ញាចិត្តខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីន ដាក់ចេញនូវកម្មវិធីសង្គ្រោះជនរងគ្រោះដែលមានភាពគ្រប់ជ្រុងជ្រោយ និងបានបង្កើតក្តីសង្ឃឹមជាថ្មីសម្រាប់ជនដែលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ។
លោកទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សមាសភាពចូលរួមទាំងអស់ឱ្យបន្តរក្សាទំនាក់ទំនងដែលបានសាងក្នុងអំឡុងពេលនៃសន្និសីទ និងបន្តសម្រេចឱ្យបាននូវក្តីស្រមៃរួម និងប្រែក្លាយការប្តេជ្ញាចិត្តទាំងអស់គ្នាឱ្យទៅជាសកម្មភាព ដើម្បីផ្លាស់ប្តូរជីវិតជនរងគ្រោះ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ។ នៅពេលដែលជនរងគ្រោះទាំងឡាយមានភាពរឹងមាំ សង្គមជាតិទាំងមូលនឹងកាន់តែមានភាពរឹងមាំផងដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-1029-1024x682.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច