Connect with us

ព័ត៌មានជាតិ

មេទ័ពវៀតណាម៖ កម្ពុជា-វៀតណាម មិនអនុញ្ញាតឱ្យកម្លាំងអមិត្តប្រើទឹកដីប្រទេសទាំងពីរ ប្រឆាំងប្រទេសដទៃឡើយ

បានផុស

នៅ

ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានប្តេជ្ញាបន្តពង្រឹងការកសាងទំនាក់ទំនងកម្ពុជា​ និងវៀតណាម ឱ្យកាន់តែស៊ីជម្រៅថែមទៀត ដោយប្រទេសទាំងពីរ មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាប្រើប្រាស់ទឹកដីនៃប្រទេសនីមួយៗ ដើម្បីប្រឆាំងនឹងប្រទេសដទៃឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើងនៅចំពោះមុខលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងជំនួបទ្វេភាគី នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្នុងឱកាសដែលលោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។

ក្នុងជំនួបនេះ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងនូវស្ថានភាពមួយចំនួននៅកម្ពុជា ដែលបច្ចុប្បន្នមានសន្តិភាពពេញលេញ ស្ថិរភាព សណ្តាប់ធ្នាប់ល្អ ដោយក្នុងនោះ រាជរដ្ឋាភិបាល បានសម្រេចស្នាដៃធំៗជាច្រើន ដូចជា ការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ាន ប៉ារ៉ាហ្គេម ការរៀបចំបោះឆ្នោត និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី ជាដើម។

ជុំវិញនៃទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពកម្ពុជា នៅវៀតណាមពេលនេះ ត្រូវបាននាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា គឺដើម្បីពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណីរវាងកងទ័ពប្រទេសទាំងពីរ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ហើយប្រទេសទាំងពីរ តែងរួមសុខរួមទុក្ខជាមួយគ្នានៅគ្រប់ដំណាក់កាល។ ដូច្នេះ តាមរយៈជំនួបពិភាក្សាគ្នាពេលនេះ លោកនាយកឧត្តមសេនីយ៍ ជឿជាក់ថា នឹងបន្តជំរុញលើកកម្ពស់ចំណងមិត្តភាព ភាតរភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត សំដៅរួមចំណែកការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល។

លោកនាយឧត្ដមសេនីយ៍ សង្កត់ធ្ងន់ថា កងយោធពលខេមរភូមិន្ទ នឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងពិធីសារដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរ កន្លងមក ដោយក្នុងនោះ បន្តការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូនៅគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មានចារកិច្ច សហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងការចូលរួមបង្កលក្ខណៈងាយស្រួលភារកិច្ចកំណត់ខណ្ឌសីមា និងការបោះបង្គោលព្រំដែន តាមផែនការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ឆ្លើយតបនឹងការលើកឡើងរបស់ភាគីកម្ពុជា លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានវាយតម្លៃខ្ពស់ ហើយចាត់ទុកជំនួបនេះ ជាឱកាសដើម្បីពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលមានទំនាក់ទំនងជាប្រពៃណី មានកិច្ចសហប្រតិបត្តិការស្អិតរមួត ក្នុងនាមជាបងប្អូន និងអ្នកជិតខាងល្អ។

ឧត្តសេនីយ៍ឯក ង្វៀន តឹងគឿង បានបញ្ជាក់ពីស្ថានភាពពិភពលោក និងតំបន់ដែលបន្តវិវត្តន៍ និងស្មុគស្មាញ ក្នុងបរិបទបច្ចុប្បន្ននេះ ដែលទាមទារឱ្យប្រទេសទាំងពីរ ប្តេជ្ញាចិត្តរួមគ្នាជំរុញសកម្មភាព ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពឱ្យកាន់តែរឹងមាំ ស្របតាមចក្ខុវិស័យរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេសកិច្ចព្រមព្រៀងកិច្ចប្រជុំកំពូលវៀតណាម-កម្ពុជា ឆ្នាំ២០២៣។

លោកប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានប្តេជ្ញាថា នឹងបន្តពង្រឹងការកសាងទំនាក់ទំនង និងទំនុកចិត្តទឹកចិត្តឱ្យកាន់តែមានប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលជំហររបស់ប្រទេសទាំងពីរ មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាប្រើប្រាស់ទឹកដីរបស់ប្រទេសនីមួយៗ ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសដទៃឡើយ។ ដោយហេតុនេះ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យយោធា គឺជាកត្តាចាំបាច់ ជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីរវាង វៀតណាម​ និងកម្ពុជា។

ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរ ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការពហុភាគី ៣ប្រទេស កម្ពុជា-វៀតណាម-ឡាវ ផងដែរ ដែលកន្លងមកធ្លាប់បានធ្វើលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយនៅប្រទេសឡាវដោយជោគជ័យ ហើយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ នឹងមានការរៀបចំជំនួបប្រាស្រ័យមិត្តភាពថ្នាក់រដ្ឋមន្ត្រីការពារជាតិ៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅតំបន់ត្រីកោណមរកត និងធ្វើលំហាត់សុខាភិបាលរួមគ្នានៅវៀតណាម ផង ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម