ព័ត៌មានជាតិ
សម្ដេចសង្ឃ យ៉ន សេងយៀត ដែលទើបតែងតាំងថ្មី បានរៀនចប់ថ្នាក់ក្រោយបណ្ឌិត ពីអាមេរិក
ក្រោយការលាចាកសិក្ខាបទរបស់អតីតសម្ដេចសង្ឃ ឃី សុវណ្ណរតនា នៅពេលកន្លងទៅ, នៅពេលនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ដំឡើងភិក្ខុសង្ឃមួយអង្គឱ្យឡើង ជាសម្ដេចសង្ឃជំនួស ពោល គឺព្រះមុនីកោសល យ៉ន សេងយៀត ដែលជាភិក្ខុសង្ឃខ្មែរដំបូងបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតរដ្ឋ ពីសាកលវិទ្យាល័យហាតវឺដ (Harvard)។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដែលទើបផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី១៧ ខែតុលានេះ បានសម្រេចត្រាស់បង្គាប់តែងតាំងគោរមងារព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រះរាជាគណៈថ្នាក់ទោ ឱ្យឡើងជា «សម្ដេចព្រះមហាអរិយវង្ស» គណៈមហានិកាយនៃកម្ពុជា។ ពេលកន្លងទៅ សម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ក៏ត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ចជាព្រះសាកលវិទ្យាធិការរង ទទួលបន្ទុកដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជំនួសអតីតសម្តេចសង្ឃ ឃី សុវណ្ណរតនា។
សម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ជាបញ្ញវន្តសង្ឃនិកាយថេរវាទទី១ ដែលទទួលបានសក្ខីបត្រថ្នាក់បណ្ឌិតរដ្ឋ ពីសាកលវិទ្យាល័យហាតវឺដ (Harvard) ដ៏ល្បីឈ្មោះកម្រិតពិភពលោករបស់សហរដ្ឋអាមេរិក។ សម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ទទួលបានសក្ខីបត្រថ្នាក់បណ្ឌិតជាផ្លូវការ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ដោយសម្ដេចបានសិក្សាលើឯកទេសទស្សនវិជ្ជាព្រះពុទ្ធសាសនា រយៈពេល ៤ឆ្នាំ ពោល គឺសិក្សា និងស្រាវជ្រាវបញ្ចប់ថ្នាក់ក្រោយបណ្ឌិត លើប្រធានបទ «មាគ៌ាអរិយជន» គឺផ្ដោតសំខាន់អំពីតួនាទីព្រះសង្ឃក្នុងការកសាង និងថែរក្សាសន្តិភាព។ ការសិក្សានៅសាកលវិទ្យាល័យហាតវឺដ នេះទៀតសោត ត្រូវបានជ្រើសរើសតាមរយៈការផ្ដល់អាហារូបករណ៏ឱ្យទៅបន្តការសិក្សានៅទីនោះ។

ជុំវិញការទទួលសក្ខីបត្រថ្នាក់បណ្ឌិតរដ្ឋ ពីសាកលវិទ្យាល័យកម្រិតពិភពលោកនេះដែរ សម្ដេចសង្ឃ យ៉ន សេងយៀត ធ្លាប់មានថេរដីកាថា វាពិតជាមិនងាយស្រួលនៅក្នុងការសិក្សាកម្រិតថ្នាក់ក្រោយបណ្ឌិតនេះទេ ពោល គឺការសិក្សាមានលក្ខខណ្ឌច្បាស់លាស់ណាស់ ហើយខាងសាកលវិទ្យាល័យ ក៏មិនមានសញ្ញាបត្រប្រគល់ជូនបេក្ខជននោះដែរ គឺមានតែសក្ខីបត្រមួយសន្លឹកគត់ ដែលផ្ដល់ជូនសម្រាប់តែបញ្ជាក់អំពីភាពជោគជ័យនៅក្នុងការស្រាវជ្រាវលើឯកទេសរបស់ខ្លួនប៉ុណ្ណោះ។
មុនឈានមកដល់ចំណុចនេះ សម្ដេចបណ្ឌិត យ៉ន សេងយៀត បានឆ្លងកាត់ជីវិតតស៊ូជាច្រើន ទាំងជីវិតជាភេទអ្នកបួស ទាំងការតស៊ូក្នុងការស្វែងរកចំណេះវិជ្ជា។ សម្ដេចបណ្ឌិត យ៉ន សេងយៀត បានប្រសូតក្នុងគ្រួសារកសិករ នៅឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានបងប្អូនបង្កើតចំនួន៥នាក់ សម្ដេចជាកូនទី២ នៃគ្រួសារ។ សម្ដេច បានសាងផ្នួស និងសិក្សាក្នុងជំរំជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ១៩៩១ ហើយបានចូលនៅសាលាបឋមសិក្សា ដែលមានគ្រូឧទ្ទេសាចារ្យ ប្រាក់ ឃុន ជាអ្នកបង្ហាត់បង្រៀនផ្ទាល់។ ក្រោយមក ក៏និមន្តបន្តការសិក្សានៅពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ដែលសម្ដេចមានឱកាសរៀនសូត្រនូវធម៌វិន័យ ភាសាបាលី និងភាសាអង់គ្លេស។

ក្នុងឆ្នាំ២០០៣ សម្ដេច យ៉ន សេងយៀត បាននិមន្តចាកចេញពីប្រទេសកំណើត ដើម្បីទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសស្រីលង្កា ពោល គឺសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទស្សនវិជ្ជា នៅសាកលវិទ្យាល័យពុទ្ធសាសនា និងបាលីភាសា ថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យកល្យាណី និងសញ្ញាបត្រទំនាក់ទំនងអន្តរជាតិ ពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិ (BCIS) នាទីក្រុងកូឡំបូ។
ក្រោយបញ្ចប់នៅប្រទេសស្រីលង្កា អស់រយៈពេលជាង៦ឆ្នាំមក សម្ដេចសង្ឃ យ៉ន សេងយៀត ក៏បាននិមន្តត្រឡប់មកមាតុប្រទេសកំណើតវិញ។ នៅដើមខែតុលា ឆ្នាំ២០១៦ សម្ដេចសង្ឃ យ៉ន សេងយៀត ក៏បាននិមន្តចាកចេញពីប្រទេស កំណើតជាថ្មីម្ដងទៀត ដើម្បីទៅសហរដ្ឋអាមេរិកបន្តការសិក្សាសា្រវជ្រាវថ្នាក់ក្រោយបណ្ឌិត នៅសាកលវិទ្យល័យហាវឺដ Harvard ដែលសម្ដេច ជាបេក្ខជនខ្មែរតែមួយអង្គគត់ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនេះ។ ដោយការព្យាយាមសិក្សាស្រាវជ្រាវទាំងយប់ទាំងថ្ងៃក្នុងវិស័យពុទ្ធចក្រ តាំងពីកុមារភាពមក ធ្វើឱ្យសម្ដេច មានសមត្ថភាព ចំណេះដឹង ជំនាញផ្នែកកិច្ចការសិក្សាអប់រំព្រះសង្ឃកម្រិតឧត្តមសិក្សានៃក្រសួងធម្មការ និងសាសនា។

ស្ថិតក្នុងជីវិតជាបព្វជិតនៃព្រះពុទ្ធសាសនាជាង៣០ឆ្នាំមកនេះ សម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត តែងតែលះ បង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីរួមចំណែកយ៉ាងសកម្មលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ដោយក្នុងនោះ សម្ដេច បាននិមន្តចូលរួមក្នុងកិច្ចប្រតិបត្តិការសាសនា សន្និសីទអន្តរជាតិជាច្រើនប្រទេសនៅទូទាំងពិភពលោក។ ទន្ទឹមនេះ ក្នុងកិច្ចការសាសនា និងសង្គមជាតិ សម្ដេចបណ្ឌិតរដ្ឋ តែងទទួលបានការកោតសរសើរអំពីសំណាក់ព្រះសង្ឃ ពុទ្ធបរិស័ទគ្រប់ទិសទី និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ផងដែរ។
សម្ដេចបណ្ឌិត យ៉ន សេងយៀត បានទទួលតួនាទី និងកិច្ចការសំខាន់ជាច្រើន ជាពិសេសលើការអប់រំ ដូចជា៖ ប្រធានពុទ្ធិកសមាគមសមណនិស្សិតខ្មែរ នៅប្រទេសស្រីលង្កា ជាសាស្ត្រាចារ្យពុទ្ធិកឧត្តមសិក្សាទស្សនវិជ្ជានៃក្រសួងធម្មការ និងសាសនា ព្រឹទ្ធបុរសរងភាសាអង់គ្លេសនៃសាកលវិទ្យល័យបញ្ញាសាស្ត្រកម្ពុជា សញ្ញាបត្រកម្រិតឧត្តមនៅសាលាភូមិន្ទរដ្ឋបាល និងបណ្ឌិតវិទ្យាសាស្ត្រនយោបាយនៅរាជបណ្ឌិតសភាកម្ពុជា ហើយបច្ចុប្បន្ន ជាសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

ក្រៅពីតួនាទីក្នុងវិស័យអប់រំ សម្ដេចសង្ឃ ដែលទើបតែងតាំងថ្មីអង្គនេះ ក៏មានតួនាទីជាអគ្គលេខាធិការក្រុមប្រឹក្សាអន្តរសាសនា សមាជិកប្រវត្តិនៃក្រុមប្រឹក្សាសាសនាពិភពលោកដើម្បីសន្ដិភាព នៅទីក្រុងញ៉ូយ៉ក លេខាផ្ទាល់បកប្រែភាសាថ្វាយសម្ដេចព្រះសង្ឃរាជ ទេព វង្ស ជាប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី