ព័ត៌មានជាតិ
លោក កើត រិទ្ធ ៖ នៅពេលចោទប្រកាន់ ឬឃុំខ្លួនជនល្មើសមានសញ្ជាតិ ២ មិនត្រូវជូនដំណឹងទៅស្ថានទូតបរទេសទេ
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ថា នៅពេលចោទប្រកាន់ ការស៊ើបសួរ ឬការឃុំខ្លួនជនល្មើសដែលមានសញ្ជាតិ ២ មិនត្រូវជូនដំណឹងទៅស្ថានទូតបរទេស ដោយផ្អែកតាមអនុសញ្ញាទីក្រុងវីយ៉ែនទេ ព្រោះត្រូវចាត់ទុកជនល្មើសនោះជាជនជាតិខ្មែរ។

ការបញ្ជាក់នេះ នៅពេលដែលលោក កើត រិទ្ធ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់លោក ហុក វ៉ាន់ធីណា ជាប្រធានសាលាដំបូងខេត្តសៀមរាប ជំនួសលោក ជឺ សុខ ដែលត្រូវបានផ្ទេរភារកិច្ច ទៅជាប្រធានសាលាដំបូងខេត្តកណ្តាលវិញ។
នៅក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានណែនាំ និងផ្តាំផ្ញើដល់លោក ហុក វ៉ានធីណា ដែលត្រូវចូលកាន់តំណែង ជាប្រធានសាលាដំបូងខេត្តសៀមរាប ក៏ដូចជាចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការចាត់ការឲ្យបានម៉ឺងម៉ាត់ តឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាព នូវសំណុំរឿងនានា។
ជាពិសេស សំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន, បទល្មើសសម្អាតប្រាក់, បទល្មើសជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ ប្លន់ និងការចាប់ជំរិត ដើម្បីរួមចំណែកក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម ព្រមទាំង ការធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត “គោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព”។
ចំពោះជនបរទេស ដែលបានប្រព្រឹត្តបទល្មើសទាំងនេះ ត្រូវអនុវត្តទោសបន្ថែម ដូចជាការអនុវត្តវិធានការបណ្តេញចេញពីកម្ពុជា ក្រោយបញ្ចប់ការអនុវត្តទោសពន្ធនាគារ។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា នៅពេលចោទប្រកាន់ ការស៊ើបសួរ ឬការឃុំខ្លួនជនល្មើសដែលមានសញ្ជាតិ ២ (ដែលមានសញ្ជាតិមួយជាសញ្ជាតិខ្មែរ) សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ មិនត្រូវធ្វើការជូនដំណឹងទៅស្ថានទូតបរទេស ដោយផ្អែកតាមអនុសញ្ញាទីក្រុងវីយ៉ែនទេ ព្រោះត្រូវចាត់ទុកជនល្មើសនោះជាជនជាតិខ្មែរ។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសង្កត់ធ្ងន់ថា ការជូនដំណឹងទៅស្ថានទូតបរទេស មានន័យស្មើនឹងការឲ្យតម្លៃដល់សញ្ជាតិគេ ជាងសញ្ជាតិខ្មែរ។ ក្នុងន័យនេះ លោកក៏ស្នើឲ្យមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ កំណត់អត្តសញ្ញាណរបស់ ជនល្មើស ឲ្យបានច្បាស់លាស់៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?