ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ទទួលស្គាល់លោក ឈឿង ចាន់ ធឿន ជាប្រធានស្ដីទីគណបក្សខ្មែរក្រោក
ក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់លោក ឈឿង ចាន់ធឿន ជាប្រធានស្ដីទីគណបក្សខ្មែរក្រោក ពោល គឺក្រោយពេលគណៈកម្មាធិការអចិន្ត្រៃគណបក្សនេះបានសម្រេច នាពេលកន្លងទៅ។ នេះបើតាមលិខិតរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ តែទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅពេលនេះ។

ការណ៍ដែលលិខិតត្រូវបានទម្លាយពេលនេះ ទំនងដោយសារថ្មីៗនេះ គណបក្សខ្មែរក្រោក ហាក់មានជម្លោះផ្ទៃក្នុងបក្ស រហូតនាំឱ្យប្រធានគណបក្សនេះ គឺលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីល្លាម ហ្គ័ង ដែលកំពុងជាប់ឃុំនៅពន្ធនាគារ បានចោទលោក ឈឿង ចាន់ធឿន ថា កំពុងធ្វើបក្សប្រហារ។ លោក វីល្លាម ហ្គ័ង អះអាងពីក្នុងពន្ធនាគារ ថា ប្រធានស្ដីទីគណបក្សខ្មែរក្រោក បច្ចុប្បន្ន គឺលោក មាស សុភ័ក្ត្រ ដែលលោកបានចុះហត្ថលេខាប្រគល់សិទ្ធិឱ្យដឹកនាំគណបក្ស ។ ប៉ុន្តែ ក្រោយការបញ្ចេញសារនយោបាយពីពន្ធនាគារបែបនេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារ ដាក់ពិន័យ ដែលបានប្រព្រឹត្តល្មើសនឹងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។

ជុំវិញភាពចម្រូងចម្រាសនៃផ្ទៃក្នុងគណបក្សខ្មែរក្រោកនេះ អាចជាមូលហេតុដែលនាំឱ្យមានការទម្លាយលិខិតរបស់ក្រសួងមហាផ្ទៃនេះ ដែលចុះកាលបរិច្ឆេទ តាំងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ មកម្ល៉េះ។ លិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា ក្រសួងមហាផ្ទៃ បានពិនិត្យ និងសម្រេចទទួលស្គាល់នូវលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខ្មែរក្រោក ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៣ ដែលបានសម្រេចជ្រើសតាំងលោក ឈឿង ចាន់ធឿន ជាប្រធានគណបក្សស្តីទី។ តាមរយៈលិខិតនេះ គឺបានបញ្ជាក់ថា ការទទួលស្គាល់លោក ឈឿង ចាន់ធឿន ជាប្រធានស្ដីទីគណបក្សខ្មែរក្រោក គឺដោយសារលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសតាមរយៈសាលក្រមលេខ៥៧៤ “ថ”ក្រ៦ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ លើសំណុំរឿងព្រហ្មទណ្ឌ កាលពីឆ្នាំ២០២១។

តែយ៉ាងណាមិញ ក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យគណបក្សខ្មែរក្រោក ត្រូវជ្រើសរើសសមាសភាពក្បាលម៉ាស៊ីនដឹកនាំគណបក្សឱ្យស្របតាមរចនាសម្ព័ន្ធកំណត់ក្នុងលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយជាកំណត់៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល