ព័ត៌មានជាតិ
ពលរដ្ឋស្នើដោះស្រាយការលិចលង់ ខណៈការដ្ឋានស្ពានអាកាសព្រះមុនីវង្ស ហូរទាំងទឹកនិងថ្មចូលភូមិដ្ឋាន
ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន ប្រមាណជិត ១០ នាក់បានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញជួយលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិដ្ឋានរបស់ពួកគាត់ ដែលមានដូចជាការសុំជួយធ្វើផ្លូវ ប្រព័ន្ធលូ ដោះស្រាយការលិចលង់ និងការសុំបង្គោលភ្លើងបំភ្លឺសាធារណៈជាដើម។

ការស្នើឡើងនេះធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីអាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌចំការមន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីតំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

វេទិកានេះ ប្រជាពលរដ្ឋបានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយស្ថាបនាផ្លូវ ដាក់លូ ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ បុកស៊ីផាយនៅប្រឡាយបឹងត្របែក និងការជួយដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង ខណៈដែលការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាសមានរង្វង់មូលនៅលើអាកាស កំពុងដំណើរការសាងសង់ ហើយបានហូរទាំងទឹកនិងថ្ម ចូលទៅក្នុងភូមិដ្ឋានរបស់ពួកគាត់បណ្តាលឲ្យលិចលង់។
ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរស្ពានអាកាសព្រះមុនីវង្សបានលើកឡើងថា កាលពីមិនទាន់មានការដ្ឋានស្ពានអាកាសព្រះមុនីវង្ស ភូមិដ្ឋានរបស់ពួកគាត់ត្រូវបានទប់ទំនប់ការពារតែខណៈដែលការដ្ឋានស្ថាបនាស្ពានអាកាសព្រះមុនីវង្សបានដំណើរការ ក្រុមការងាររបស់ការដ្ឋានបានកាយទំនប់ដែលទប់ទឹកនោះចេញអស់ធ្វើឲ្យទឹកភ្លៀងហូរចូលភូមិដ្ឋានរបស់ពួកគាត់ ថែមទាំងនាំទាំងម្ទេចថ្មរបស់ការដ្ឋានចូលទៅជាមួយថែមទៀត។ ពលរដ្ឋស្នើឲ្យអាជ្ញាធរក៏ដូចជាមន្ទីពាក់ព័ន្ធជួយដោះស្រាយជូនពួកគាត់ផង។

ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិដ្ឋានក្បែរការដ្ឋានស្ពានអាកាសព្រះមុន្នីវង្សមានស្ថានភាពទាបខ្លាំង ដែលងាយនឹងទទួលរងការលិចលង់។ ទោះបីជាយ៉ាងក្តី មន្ទីរនឹងដាក់ក្រុមការងារបច្ចេកទេសចុះទៅពិនិត្យជាក់ស្ដែងនិងរិះរកគ្រប់វិធីដើម្បីដោះស្រាយជូនឬក៏អាចប្រើប្រាស់ម៉ាស៊ីនបូមទឹកតែម្ដង។
លោកស្រី កែវ សុខពិសី បានលើកឡើងថា វេទិកានេះមានប្រជាពលរដ្ឋលើកឡើងជាសំណើរនិងសំណូមពរដោយផ្ទាល់មាត់ចំនួន ៨ នាក់ស្មើ ១៣ បញ្ហា និងសំណើរជាលាយលក្ខណ៍អក្សរចំនួន ១២ ច្បាប់ ហើយរាល់សំណើរនិងសំណូម ដោយផ្ទាល់មាត់នេះត្រូវបានដោះស្រាយស្ទើរទាំងអស់។
ចំពោះសំណើដែលដោះស្រាយមិនទាន់បាន ក្រុមការងារនឹងចុះទៅសិក្សាស្នើសុំគោលការណ៍សម្រេចពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឬពិនិត្យលទ្ធភាពដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ ៣ ឆ្នាំរំកិល។

លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយឆ្នាំម្តងសម្រាប់ខណ្ឌនីមួយៗ ដើម្បីស្វែងយល់ពីតម្រូវការអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ តាមរយៈវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនទៅប្រជាពលរដ្ឋតាមរយៈការស្នើសុំនិងការលើកជាសំណូមពរផ្សេងៗ។
លោកបន្តថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធិផលដែលសម្រេចបាន និងបញ្ហាប្រឈមជាមួយនឹងការប្រាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានីភ្នំពេញ និងស្តាប់ពីសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយជូនពួកគាត់។
លោកម៉ប់ សារិន បានបញ្ជាក់ថា ការបង្កើតឲ្យមានវេទិកានេះឡើងគឺក្នុងគោលបំណងសំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រងរាជធានីកាន់តែល្អប្រសើរតាមរយៈការចូលរួមពីប្រជាពលរដ្ឋ។
សម្រាប់ផែនការ អភិវឌ្ឍរាជធានីភ្នំពេញឆ្នាំ២០២៤ អាជ្ញាធររាជធានីភ្នំពេញបានដាក់ចេញជាផែនការរួចហើយ មានថវិកាប៉ុន្មាន ទិសដៅអភិវឌ្ឃន៍យ៉ាងណា ហើយក៏បានបង្ហាញជូនប្រជាពលរដ្ឋឲ្យបានដឹងបានឭនិងឃើញតាមរយៈរបាយការណ៍ដែលបានចែកជូននៅក្នុងវេទិកានេះហើយ។ ការធ្វើបែបនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋដែលជាម្ចាស់របស់រាជធានីភ្នំពេញដែរនោះ បានចូលរួមធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញកាន់តែមានការអភិវឌ្ឍរីកចំរើន និងស្របទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ស្រីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ