ព័ត៌មានជាតិ
នារីទេសចរសិង្ហបុរី មកលេងកម្ពុជាដំបូងចាប់អារម្មណ៍ពីលក្ខណៈពិសេសរបស់កម្ពុជា
Anna Chew មានដើមកំណើតម៉ាឡេស៊ីកំពុងរស់នៅប្រទេសសិង្ហបុរីបានចាប់អារម្មណ៍នឹងអត្តសញ្ញាណពិសេសប្លែករបស់ប្រទេសកម្ពុជានៅពេលមកដើរកម្សាន្តនៅកម្ពុជាលើកដំបូង។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/ANNA-CHEW-1024x683.jpg)
តើស្ត្រីរូបនេះនិយាយអ្វីខ្លះពីកម្ពុជា សូមតាមដានបទសម្ភាសពិសេស រវាងសារព័ត៌មានកម្ពុជាថ្មី និង Anna ដូចខាងក្រោម៖
សំណួរ: ជាដំបូង ខ្ញុំសូមឲ្យអ្នកនាងណែនាំខ្លួនឲ្យអ្នកទស្សនាបានស្គាល់ផង។
ANNA: ខ្ញុំឈ្មោះ Anna។ ខ្ញុំមកពីប្រទេសសិង្ហបុរី។ នេះជាលើកទី១ដែលខ្ញុំមកប្រទេសកម្ពុជា។ ពេលនេះ ខ្ញុំជាអ្នកទេសចរ តែខ្ញុំធ្វើការជាអ្នកបង្កើតមាតិការព័ត៌មាន។ ខ្ញុំមកលេងទីក្រុងភ្នំពេញ ពីព្រោះខ្ញុំចង់ស្វែងយល់ពីវប្បធម៌ប្រពៃណី លក្ខណៈពិសេសរបស់កម្ពុជា អីចឹងហើយជម្រើសល្អ ខ្ញុំធ្វើដំណើរតែម្នាក់ឯង។
សំណួរ: តើអ្នកនាងចាប់អារម្មណ៍លើកម្ពុជាយ៉ាងណាដែរ នៅពេលមកដល់ដំបូង?
ANNA: ខ្ញុំស្រឡាញ់កម្ពុជា។ ពេលយន្តហោះកំពុងចុះ ខ្ញុំបានសម្លឹងមើលទៅក្រោម អូ! ពិតជាស្រស់ស្អាត មានពណ៌បៃតងគួរឲ្យចូលចិត្ត។ ពេលខ្ញុំដើរចេញពីយន្តហោះ ខ្ញុំបានជួបមនុស្សនៅអាកាសយានដ្ឋាន ពួកគាត់ជួយខ្ញុំ ណែនាំ មានរថយន្តឈ្នួលទទួល។ ពេលធ្វើដំណើរ ពួកគាត់បានជួយខ្ញុំ។ ពួកគាត់ចូលចិត្តទំនាក់ទំនងជាមួយខ្ញុំ ទោះជាអ្នកខ្លះមិនអាចនិយាយអង់គ្លេស។ អ្វីដែលពួកគាត់ធ្វើគឺមានអ្នកបកប្រែជួយទំនាក់ទំនងជាមួយខ្ញុំ។ ខ្ញុំពិតជាពេញចិត្តខ្លាំង។ ខ្ញុំរកឃើញថា ប្រជាជននៅទីនេះកក់ក្តៅ។ ពេលខ្ញុំទៅដល់សណ្ឋាគារ អ្វីដែលកើតឡើងគឺត្រូវការប្រើប្រាក់រៀល។ អីចឹង ខ្ញុំបានរកគេឲ្យជួយដូរលុយ។ ពួកគាត់ជួយដូរលុយឲ្យខ្ញុំដោយមិនសួរនាំ។ ទាំងនេះជារឿងដ៏ល្អដែលខ្ញុំបានឃើញនៅកម្ពុជា។
សំណួរ: ប្រៀបធៀបជាមួយប្រទេសដទៃដែលអ្នកនាងធ្លាប់ទៅ តើអ្វីជាលក្ខណៈពិសេសអំពីកម្ពុជា?
ANNA: ខ្ញុំបានដើរច្រើនប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក។ កម្ពុជាលេចធ្លោជាងគេគឺប្រជាជនពោរពេញដោយភាពកក់ក្តៅ។ ខ្ញុំចូលចិត្តរបៀបរស់នៅរបស់កម្ពុជា។ នេះជាជម្រើសផ្ទាល់ខ្លួនរបស់អ្នកស្រុកដែលយល់ពីគ្នាក្នុងការរស់នៅគឺពិតជាឲ្យចាប់អារម្មណ៍។
សំណួរ: មុនពេលមកកម្ពុជា តើអ្នកនាងធ្លាប់បានដឹងអ្វីខ្លះពីកម្ពុជាទេ?
ANNA: មានគេប្រាប់ខ្ញុំថា នៅតាមជនបទក្នុងប្រទេសកម្ពុជាស្រស់ស្អាតណាស់។ នោះមិនពាក់ព័ន្ធនឹងពិភពខាងក្រៅ។ គេប្រាប់ពីរឿងរ៉ាវដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រ។ មានគេនិយាយថា ខ្ញុំប្រហែលជាចង់ទៅលេងវៀតណាមជាងកម្ពុជា ខ្ញុំនិយាយថា ហេតុអីមិនអាច។ ខ្ញុំចង់ស្គាល់តើអ្វីទៅជាកម្ពុជា? ខ្ញុំក៏បានសម្រេចចិត្ត និងចង់ឃើញផ្ទាល់ភ្នែក អីចឹងហើយបានជាខ្ញុំមក។
ខ្ញុំគិតថា កម្ពុជាជាប្រទេសដ៏ស្រស់ស្អាត។ សូមរក្សាឲ្យល្អបន្តទៀត ជាលក្ខណៈពិសេសផ្ទាល់ខ្លួន។ អីចឹងសូមកុំប្រែប្រួល។ អ្វីមួយដែលខ្ញុំចាប់អារម្មណ៍នោះគឺមានប្រជាជនវ័យក្មេងច្រើន។ នោះជារឿងដ៏ល្អបំផុតនៅក្នុងប្រទេសមួយ។ ពេលយើងមានមនុស្សវ័យក្មេង យើងបន្តអភិវឌ្ឍប្រទេសជាតិ អីចឹងការអភិវឌ្ឍប្រទេសមិនចាំបាច់មនុស្សចាស់ទេ។
មុនពេលខ្ញុំមកលេងកម្ពុជា មិត្តភក្តិរបស់ខ្ញុំនៅប្រទេសម៉ាឡេស៊ី មិត្តភក្តិនៅឥណ្ឌូណេស៊ី នៅវៀតណាម នៅហ្វីលីពីន ពួកគេបានប្រាប់ខ្ញុំថា កុំទៅលេងកម្ពុជា ពីព្រោះមានការជួញដូរមនុស្ស។ ព័ត៌មានបែបនេះបានសាយភាយខ្លាំង។ ខ្ញុំចង់និយាយថា រឿងនេះ ប្រហែលជាពីរបីខែមុន។ ខ្ញុំមិនដឹងថា ពិតឬយ៉ាងណាទេ តែមុនពេលខ្ញុំមក សូម្បីក្រុមគ្រួសារក៏ប្រាប់ មិនឲ្យខ្ញុំមកកម្ពុជាដែរ។
សំណួរ: បន្ទាប់ពីត្រឡប់ទៅវិញ តើអ្នកនាងប្រាប់ក្រុមគ្រួសារយ៉ាងណាអំពីកម្ពុជា?
ANNA: តាមពិតទៅកម្ពុជាជាកន្លែងដ៏អស្ចារ្យគួរតែមក។ ការជួញដូរមនុស្សមិនមែនជាការពិតទេ ហោចណាស់ក៏ខ្ញុំមកផ្ទាល់គឺគ្មានអ្វីគួរឲ្យបារម្ភ។ ខ្ញុំបានឃើញមនុស្សម្នា ពួកគាត់សប្បាយរីករាយ។ ខ្ញុំបានឃើញប្រជាជនធ្វើការ ពួកគាត់ប្រឹងប្រែងរកស៊ីដើម្បីជីវិតរស់នៅប្រចាំថ្ងៃ។
សំណួរ: ពេលស្ថិតនៅកម្ពុជា តើអ្នកនាងបានចាប់អារម្មណ៍ ឬឃើញអ្វីគួរឲ្យភ្ញាក់ផ្អើលទេ? តើអ្នកនាងមានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ឬ ឃើញកន្លែងណាមួយដែលពិសេសប្លែកខុសពីប្រទេសផ្សេងដែលអ្នកនាងធ្លាប់ទៅមុនៗទេ?
ANNA: លក្ខណៈពិសេសបំផុតក្នុងប្រទេសនេះគឺខ្ញុំគិតថា ប្រវត្តិសាស្ត្រ។ វាលពិឃាតជាកន្លែងប្លែកជាងគេ សូម្បីទីក្រុងភ្នំពេញក៏ប្លែក។ កម្ពុជាមានកន្លែងដ៏ស្រស់ស្អាតបំផុតគឺប្រាសាទអង្គរវត្តនៅខេត្តសៀមរាប។ ទាំងនេះជាអ្វីដែលកម្ពុជាមានលក្ខណៈពិសេសប្លែកជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។
សំណួរ: មុនពេលមកកម្ពុជា អ្នកនាងបានដឹងអំពីរបបប្រល័យពូជសាសន៍ ពិតទេ? តើអ្នកនាងចង់ណែនាំមិត្តភក្តិឲ្យមកទីនេះដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រកម្ពុជា?
ANNA: ចាស៎! ដោយសារប្រវត្តិបានធ្វើឲ្យកម្ពុជាមានលក្ខណៈពិសេសប្លែក។ ប្រវត្តិសាស្ត្រប្រហែលជាមិនមែនជារឿងដ៏រុងរឿងបំផុតទេ ប៉ុន្តែប្រជាពលរដ្ឋដែលរួចផុតពីសោកនាដកម្មពីសម័យនោះគឺពិតជាអស្ចារ្យណាស់។
សំណួរ: តើអ្នកនាងនឹងប្រាប់អ្នកផ្សេង ជាពិសេសប្រជាជនសិង្ហបុរី ឬម៉ាឡេស៊ី ឲ្យមកលេងនៅកម្ពុជាទេ?
ANNA: ពិតណាស់ ខ្ញុំនឹងប្រាប់ពួកគាត់ អាហារនៅទីនេះឆ្ងាញ់។ ខ្ញុំត្រូវតែនិយាយថា មកលេងកម្ពុជាដោយបើកចិត្តទូលាយ ស្វែងយល់ពីកម្ពុជា។ ខ្ញុំក៏ចង់និយាយថា កម្ពុជាកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។ បើអ្នកមិនមកកម្ពុជាទេ អ្នកនឹងមិនបានឃើញភាពស្រស់ស្អាតរបស់កម្ពុជាឡើយ។
សំណួរ: តើថ្ងៃក្រោយ អ្នកនាងមានគម្រោងមកលេងកម្ពុជាទៀតទេ?
ANNA: ខ្ញុំបានប្រាប់មិត្តភក្តិរបស់ខ្ញុំរួចហើយ ខ្ញុំនឹងមកកម្ពុជាទៀត។ ខ្ញុំនឹងដូរលុយរៀលឲ្យបានច្រើនមុនពេលខ្ញុំមកទីនេះម្តងទៀត។ អូ! ខ្ញុំចង់និយាយថា សេវាម៉ាស្សានៅទីនេះល្អ។ ពិតជាងស្ចារ្យ។ មនុស្សកាន់តែច្រើនកំពុងរស់នៅក្នុងពិភពលោកតែមួយ។ យើងនឿយហត់ពីការងារ ធុញថប់នឹងការងារប្រចាំថ្ងៃ អីចឹងមកលេងកម្ពុជា សម្រាកលំហែកាយ ទៅម៉ាស្សា ស្ប៉ា នឹងធ្វើឲ្យយើងធូរស្បើយ ស្រស់ស្រាយ។ គ្រប់ស្ប៉ានៅកម្ពុជាប្រកបដោយវិជ្ជាជីវៈ។ ពួកគេដឹងពីចំណុចដែលត្រូវចាប់សង្កត់។ ពួកគេដឹងពីផ្នែកដែលជាធម្មតាធ្វើឲ្យមានការសម្រួលដល់សាច់ដុំ។ ខ្ញុំចង់និយាយថា នៅទីនេះជាកន្លែងម៉ាស្សាដ៏ល្អ។
សំណួរ: តើអ្នកនាងបានទទួលទានម្ហូបខ្មែរខ្លះហើយឬនៅ?
ANNA: អូចាស៎! ខ្ញុំបានញាំអាម៉ុក និងឡុកឡាក់។ ខ្ញុំបានញាំគុយទាវនៅផ្សារទួលទំពួង។ ខ្ញុំចូលចិត្ត។ ខ្ញុំនឹងព្យាយាមញាំឲ្យបានច្រើនមុខទៀត។ ម្ហូបខ្មែរឆ្ងាញ់ ខ្ញុំចូលចិត្ត។
សំណួរ: និយាយអីចឹង តើអ្នកនាងបានទៅទស្សនាប្រាសាទអង្គរវត្តហើយឬនៅ?
ANNA: ខ្ញុំមិនទាន់បានទៅទេ តែខ្ញុំបានឃើញព័ត៌មានច្រើនអំពីប្រាសាទអង្គរវត្ត។ ដូចខ្ញុំប្រាប់ខាងដើមអីចឹង មកលើកក្រោយខ្ញុំនឹងទៅសៀមរាប។
សំណួរ: ចុងក្រោយតើអ្នកនាងមានអ្វីចង់និយាយ ក្រៅពីអ្វីដែលខ្ញុំបានសួរ?
ANNA: ខ្ញុំចង់និយាយថា កម្ពុជាមានលក្ខណៈពិសេសផ្ទាល់ខ្លួន។ ជាអ្វីដែលប្រជាជនកម្ពុជាគួរមានមោទនភាព ដូចជាប្រពៃណី វប្បធម៌ ភាសាគឺពិតជាគួរឲ្យសរសើរ។ សូមកុំឲ្យពិភពខាងក្រៅមានឥទ្ធិពលលើ។ ខ្ញុំគិតថា អ្វីដែលកម្ពុជាមានគឺពិសេសប្លែក និងលេចធ្លោ។ គ្មានអ្វីដែលជំនួសបានឡើយ ហើយក៏មិនមាននរណាជំនួសបានដែរ។ សូមបន្តរក្សាប្រពៃណីឲ្យគង់។ ខ្ញុំបានទៅដល់ទីកន្លែងផ្សេងៗគ្នាជាច្រើន នៅប្រទេសកំពុងអភិវឌ្ឍ ខ្ញុំចាប់អារម្មណ៍ថា ពួកគេកំពុងចាប់ផ្តើមបាត់បង់អត្តសញ្ញាណផ្ទាល់ខ្លួន នៅពេលពួកគេបានក្លាយជាតំបន់ទំនើប ស្តង់ដា និងចម្រុះ។ សូមរក្សាការពារអ្វីដែលអ្នកមាន៕
អត្ថបទ៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?