ព័ត៌មានជាតិ
៤ថ្ងៃនៅចិន តើសម្តេច ហ៊ុន ម៉ាណែត សម្រេចបានសមិទ្ធផលការទូត និងសេដ្ឋកិច្ចអ្វីខ្លះ?
ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបំពេញទស្សនិកិច្ចនៅក្នុងប្រទេសចិន ដើម្បីចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ តាមការអញ្ជើញរបស់លោក ស៊ី ជីន ពីង ប្រធានាធិបតីចិន។ ទស្សនកិច្ចរយៈពេល៤ថ្ងៃ ប្រមុខរដ្ឋាភិបាលកម្ពុជា មានជំនួបចំនួន១៣ ដែលក្នុងនោះ មានជំនួបចំនួន៣សំខាន់ៗ ជាមួយថ្នាក់ដឹកនាំចិន ជំនួបចំនួន៨សំខាន់ៗជាមួយមេដឹកនាំក្រុមហ៊ុនវិនិយោគចិន និងជំនួបក្រៅផ្លូវការចំនួន២ជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីមន្ត្រីឡាវ។

តាមរយៈជំនួបទាំង១៣ ក្នុងរយៈពេល៤ថ្ងៃនេះ គឺសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បាននាំមកនូវសមិទ្ធផលការទូត និងសេដ្ឋកិច្ចដូចខាងក្រោម៖
+ ជំនួបនយោបាយ និងសមិទ្ធផលដែលសម្រេចបាន
ជំនួបទី១៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ តាមរយៈជំនួបដ៏សំខាន់នេះ ថ្នាក់ដឹកកម្ពុជា សម្រេចបានការឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងកម្រិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ ជាពិសេស តាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើត «ច្រករបៀងមច្ឆា និងអង្ករ» និង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» បន្តពង្រឹង មិត្តភាពដែកថែប តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍ ថាមពល ពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេស បានឯកភាពកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ដើម្បីជំរុញកំណើនវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក។

ជំនួបទី២៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ ផលចំណេញនៃជំនួបនេះ គឺសម្ដេចធិបតី សម្រេចបានការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន១០ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពផលិត ការវិនិយោគ ការអភិវឌ្ឍបៃតង ការអភិវឌ្ឍខ្សែបញ្ជូនអគ្គិសនីជនបទ គម្រោងជួសជុលប្រាសាទព្រះវិហារ គម្រោងផ្លូវជនបទ ការអភិវឌ្ឍផ្លូវរថភ្លើង ការសាងសង់សួនឧស្សាហកម្ម ការអភិវឌ្ឍវារីអគ្គិសនីបូមទឹកស្តុកទុក និងការពង្រឹងកិច្ចសហប្រតិបត្តិការលើបរិវត្តកម្មឌីជីថល។

ជំនួបទី៣៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយ លោក ឆាយ លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន។ តាមរយៈជំនួបនេះ មេដឹកនាំកម្ពុជា សម្រេចបានការបញ្ជាក់អំពីឆន្ទៈរបស់លោក ឆាយ លី ក្នុងការបន្តសហការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។

+ ជំនួបសេដ្ឋកិច្ច និងសមិទ្ធផលដែលសម្រេចបាន
ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំមហាយក្សចិន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបប្រធានក្រុមហ៊ុនចិនលំដាប់អន្តរជាតិសរុបចំនួន៨។ ប្រធានក្រុមហ៊ុនទាំងនោះ បានបញ្ជាក់ពីអំពីគម្រោងទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពង្រីកសក្ដានុពលវិនិយោគដែលមានស្រាប់ និងសិក្សាលើគម្រោងថ្មីៗបន្ថែមទៀត លើវិស័យថាមពល ទឹកស្អាត ធនាគារ ការចិញ្ចឹមសត្វ អចលនទ្រព្យ សុខាភិបាល ផ្កាយរណប ការគ្រប់គ្រងប្រព័ន្ធទិន្នន័យរដ្ឋបាលអេឡិចត្រូនិក ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងក្នុងវិស័យគមនាគមន៍ មានដូចជា គម្រោងផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និងភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅកាន់រាជធានីភ្នំពេញ និង គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត។ ជាមួយគ្នានេះ ក្រុមហ៊ុនធំៗចំនួន៣ ក៏បានជម្រាបជូនសម្ដេចធិបតី អំពីការបន្ថែមទឹកប្រាក់សរុបចំនួនជិត៩ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍គម្រោងបន្ថែមរបស់ពួកគេ។
ជំនួបទី១៖ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ខាង ហ៊ូពាវ អគ្គនាយកក្រុមហ៊ុន Genertec International Holding Co., Ltd. ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China National Energy Engineering & Construction Co., Ltd. (CNEE) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក ខាង ហ៊ូពាវ បានជម្រាបសម្ដេចធិបតី អំពីភាពជាដៃគូរវាងក្រុមហ៊ុន CNEE របស់ចិន និងក្រុមហ៊ុន Royal Group របស់កម្ពុជា។
ជំនួបទី២៖ ជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd.។ លទ្ធផលនៃជំនួបនេះ ក្រុមហ៊ុន China Datang Corporation Ltd. បានប្តេជ្ញាបង្កើនទុនវិនិយោគចំនួន ៦០០ លានដុល្លាអាមេរិក ដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជំនួបទី៣៖ ជំនួបរវាងសម្ដេចធិបតី និងប្រធានក្រុមប្រឹក្សាភិបាលនៃ “ធនាគារចិនគ្រុប។ ជំនួបនេះ ប្រធានក្រុមប្រឹក្សាភិបាលធនាគារចិនគ្រុប បានជម្រាបសម្ដេចធិបតីអំពីគម្រោងការជំរុញសកម្មភាពវិនិយោគពីប្រទេសចិនមកកម្ពុជា និងគម្រោងមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ តាមរយៈការនាំមកនូវផលិតផលហិរញ្ញវត្ថុថ្មីៗ។
ជំនួបទី៤៖ ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយយប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Machinery Engineering Corporation(CMEC)។ ក្នុងជំនួបនេះ ក្រុមហ៊ុន CMEC បានជម្រាបអំពីគម្រោងសហការវិនិយោគជាមួយក្រុមហ៊ុនកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៣.០០០ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស។
ជំនួបទី៥៖ សម្តេច ហ៊ុន ម៉ាណែត ទទួលជួបជាមួយអគ្គនាយករងជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) ដែលជំនួបនេះ ក្រុមហ៊ុន(CP Group) ជម្រាបជូនសម្តេច ហ៊ុន ម៉ាណែត អំពីបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេស ក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប។
ជំនួបទី៦៖ ជំនួបរវាងសម្ដេចធិបតី ជាមួយប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group។ សម្រាប់ជំនួបនេះ ក្រុមហ៊ុន China Metro Group បានជម្រាបជូននាយករដ្ឋមន្ត្រីកម្ពុជា ពីគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និងគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅកាន់រាជធានីភ្នំពេញ និងការសិក្សាអំពីលទ្ធភាពផ្សេងៗ ក្នុងការជួយសម្រាលបន្ទុកចរាចរណ៍នៅកម្ពុជាផងដែរ។
ជំនួបទី៧៖ ជំនួបជាមួយក្រុមហ៊ុន China Railway Construction Corporation (CRCC) ដោយក្រុមហ៊ុន (CRCC) បានជម្រាបសម្ដេចនាយករដ្ឋមន្ត្រី អំពីគម្រោងវិនិយោគនៅកម្ពុជាសរុបចំនួន ៥៣ ជាមួយនឹងដើមទុនប្រមាណ ៥.៣០០ លានដុល្លារអាមេរិក។
ជំនួបទី៨៖ ជំនួបជាមួយក្រុមហ៊ុនហ៊ុន Alibaba។ តាមរយៈជំនួបនេះ គឺកម្ពុជា-Alibaba បានចុះហត្ថលេខាលើ “អនុស្សារណៈនៃការយោគយល់ (MOU) រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងក្រុមហ៊ុន Alibaba របស់ប្រទេសចិន” ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន។

ក្រៅតែពីជំនួបចំនួន៨នេះ សម្ដេចធិបតី ក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន៣ គឺទី១. អនុស្សរណ:ភាពជាដៃគូនៃវេទិកាពាណិជ្ជកម្មពិភពលោកបែបអេឡិចត្រូនិច (eWTP) ជាមួយក្រុមហ៊ុនដ៏ធំរបស់ចិន Alibaba លេីថ្នាលបច្ចេកវិទ្យាកម្ពុជា ដេីម្បីលេីកកម្ពស់ការនាំចេញ, ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច, ការកសាងសមត្ថភាព និងបច្ចេកវិទ្យាឌីជីថល និងវិស័យទេសចរណ៍។ ទី២.ពិធីចុះហត្ថលេខារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន ហួវៃ ថេកណូឡជី ខូអិលធីឌី (Huawei Technologies Co., Ltd.) ។ ទី៣. ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ»រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន។

+ ជំនួបទ្វេភាគីក្រៅផ្លូវការជាមួយមេដឹកនាំវៀតណាម និងឡាវ លើទឹកដីចិន
ទី១៖ ជំនួបរវាងសម្ដេចប្រមុខរាជរដ្ឋាភិបាល ជាមួយប្រធានាធិបតីវៀតណាម។ ជំនួបនេះ សម្ដេចធិបតី បានស្នើភាគីវៀតណាមឱ្យពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដើម្បីជាការសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។

ទី២៖ ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយប្រធានរដ្ឋឡាវ។ លទ្ធផលដែលសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពីជំនួបនេះ គឺភាគីឡាវបានគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)”។

ក្រោយបញ្ចប់ទស្សនកិច្ចការងារនៅលើទឹកដីចិនរយៈពេល៤ថ្ងៃ សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើដំណើរចាកចេញពីប្រទេសចិន។ ចាកចេញពីប្រទេសចិនក៏ពិតមែន តែមិនមែនសំដៅមកមាតុភូមិកំណើតភ្លាមៗទេ ពោល គឺប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំំពូលអាស៊ាន-ក្រុមប្រឹក្សាឈូងសមុទ្រតាមការអញ្ជើញរបស់ព្រះមហាក្សត្រអារ៉ាប៊ី សាអូឌីត។ អំឡុងចូលរួមកិច្ចប្រជុំនេះ សម្ដេចធិបតី ក៏មានជំនួបជាមួយឥស្សរជនបរទេសផ្សេងៗ ជាមួយប្រទេសជាសមាជិកនៃក្រុមប្រឹក្សាឈូងសមុទ្រផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៦ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម