ព័ត៌មានជាតិ
ទូតសហភាពអឺរ៉ុប៖ បើរដ្ឋបាលរាជធានីភ្នំពេញមានអ្វីពឹងពាក់នោះ សហភាពអឺរ៉ុបនឹងជួយ
“បើមានអ្វីត្រូវពឹងពាក់សហភាពអឺរ៉ុបឱ្យជួយនោះ សហភាពអឺរ៉ុប នឹងជួយរដ្ឋបាលរាជធានីភ្នំពេញ”។ នេះគឺជាការអះអាងរបស់លោក អុីហ្គោរ៍ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា នៅចំពោះមុខអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ លោកបានអះអាងដូច្នេះនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងសាលារាជធានីភ្នំពេញ។

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ក៏បានគូសបញ្ជាក់ដល់លោក ឃួង ស្រេង ថា ការជួបពិភាក្សាការងារនាពេលនេះ គឺសំដៅពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀតជាមួយរដ្ឋបាលរាជធានីភ្នំពេញ ពីព្រោះតាមរយៈកិច្ចសហប្រតិបត្តិការកន្លងមក រវាងសហភាពអឺរ៉ុបជាមួយរដ្ឋបាលរាជធានីភ្នំពេញ ពិតជាទទួលបានផ្លែផ្កាជាច្រើន ដែលមានទាំងការបណ្ដុះបណ្ដាលមន្ត្រី និងការសម្រេចបានជោគជ័យលើគម្រោងមួយចំនួនផងដែរ។
លោក អុីហ្គោរ៍ ទ្រីសម៉ាន់ ក៏បានរំឮកថា សហភាពអឺរ៉ុប មានទំនាក់ទំនង សហប្រតិបត្តិការ ទៅលើវិស័យកសិកម្ម អប់រំនិងធុរកិច្ច ជាមួយកម្ពុជាជាយូរមកហើយ។ លោកក៏បានអះអាងថា សហភាពអឺរ៉ុប និងបន្តសហប្រតិបត្តិការនេះឲ្យកាន់តែល្អថែមទៀត។

លោកឃួង ស្រេង ក្នុងឱកាសនោះ បានណែនាំដល់លោក អុីហ្គោរ៍ ទ្រីសម៉ាន់ អំពីទីតាំងភូមិសាស្ត្រ និងប្រវត្តិខ្លះៗរបស់រាជធានីភ្នំពេញ ដោយលោកបញ្ជាក់ថា រាជធានីភ្នំពេញ បានឆ្លងកាត់នូវសង្គ្រាមយ៉ាងច្រើន ពិសេសនៅក្នុងរបបប៉ុលពត កម្ពុជាបានធ្លាក់ដល់ចំណុចសូន្យ។ ក៏ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ក្រៅពីរំដោះប្រទេសពីរបបប៉ុលពតហើយនោះ នូវបានដឹកនាំប្រទេសដ៏កំសត់មួយនេះ ឲ្យមានភាពរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ ដោយរាជធានីភ្នំពេញមានប្រជាពលរដ្ឋស្នាក់នៅនិងចេញចូលរកស៊ីប្រមាណជា៣លាននាក់ មានរថយន្តប្រមាណ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង២លាន២សែនគ្រឿង ដែលធ្វើអោយរាជធានីមួយនេះ ប្រឈមទៅនឹងការកកស្ទះបរាចរណ៍រាល់ថ្ងៃ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាង ស្ពានអាកាស និងស្ពានឆ្លងទន្លេជាដើម។ ជាទិសដៅខាងមុខ រដ្ឋបាលរាជធានីចង់បង្កើតឲ្យមានផ្លូវអាទិភាពមួយសម្រាប់រថយន្តក្រុង ដើម្បីឲ្យប្រជាពលរដ្ឋបែរមកប្រើប្រាស់សេវារថយន្តក្រុង ដែលវានឹងអាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍។

លោកឃួង ស្រេង បានគូសបញ្ជាក់អំពីសកម្មភាពរាជរដ្ឋាភិបាលកម្ពុជា ចំពោះយកចិត្តទុកដាក់លើសុខមាលភាពប្រជាពលរដ្ឋ តាមរយៈការបង្កើតឱ្យមានមន្ទីរពេទ្យរដ្ឋចំនួន១០កន្លែង ការបង្កើតនូវមន្ទីរពេទ្យថ្មីមួយទៀត គឺមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលមានរហូតដល់១ម៉ឺនគ្រែ ដែលគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយ លោក អុីហ្គោរ៍ ទ្រីសម៉ាន់ បានលើកឡើងថា លោកធ្លាប់បានមករាជធានីភ្នំពេញចំនួន ៣លើកមកហើយ។ លោក ក៏បានសម្គាល់ឃើញថារាជធានីភ្នំពេញពិតជាមានភាពស្រស់ស្អាត ហើយក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានរៀបកិច្ចប្រជុំកំពូលអាស៊ានបានយ៉ាងល្អប្រសើរថែមទៀត លោក អុីហ្គោរ៍ ទ្រីសម៉ាន់ ក៏បានសំណូមពរ ឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីជិះកង់មួយ ដែលរៀបចំឡើងនៅក្នុងរដូវប្រាំង៕
អត្ថបទដោយ៖ ស្រីរ័ត្ន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ