ព័ត៌មានជាតិ
តំណាងកម្ពុជាប្រចាំនៅ UN ស្នើបញ្ឈប់ការអនុវត្ត ស្ដង់ដារពីរ ក្រោមលេសការពារសិទ្ធិមនុស្ស
លោកស្រី អ៊ាត សោភា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ នាទីក្រុងញូយ៉ក បានស្នើឱ្យបញ្ឈប់ការអនុវត្តស្តង់ដារពីរ ឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ក្រោមហេតុផលការពារសិទ្ធិមនុស្ស។ ការស្នើនេះ គ្រាដែលលោកស្រី បានចូលរួមថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំលើកទី២៦ គណៈកម្មាធិការទី៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

កិច្ចប្រជុំគណៈកម្មាធិការទី៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិនេះ បានរៀបចំធ្វើឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ ក្រោមប្រធានបទ «ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស»។ តាមរយៈសុន្ទរកថារបស់ខ្លួន លោកស្រី អ៊ាត សោភា បានជម្រាបអង្គប្រជុំពីស្ថានភាពសិទ្ធិមនុស្ស និងការអភិវឌ្ឍនៅកម្ពុជា ជាពិសេសភាពល្អប្រសើរនៃសិទ្ធិស៊ីវិល សិទ្ធិនយោបាយ សមភាពយេនឌ័រ ការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ការលុបបំបាត់ភាពក្រីក្រ សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា។
តំណាងអចិន្ត្រៃយ៍កម្ពុជារូបនេះ បានចូលរួមជាមួយអន្តរជាតិស្នើឱ្យបញ្ឈប់ការធ្វើនយោបាយតូបនីយកម្ម ការអនុវត្តស្តង់ ដារពីរ ឬការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋផ្សេងទៀត ក្រោមហេតុផលការពារសិទ្ធិមនុស្ស ហើយលោកស្រី បានគូសបញ្ជាក់ពីការប្រឆាំងការប្រើប្រាស់វិធានការបង្ខិតបង្ខំដោយឯកតោភាគី។ លោកស្រី ចាត់ទុកកត្តានេះ អាចនាំឱ្យរារាំងដល់ការសម្រេចបាននូវរបៀបវារៈការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ នាឆ្នាំ២០៣០។

លោកស្រី អ៊ាត សោភា សង្កត់ធ្ងន់ថា ការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ជាមូលដ្ឋានគ្រឹះនៃគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយកម្ពុជា គឺជាប្រទេសដំបូងគេក្នុងទ្វីបអាស៊ី ដែលបានទទួលយក និងអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស (OHCHR) នៅក្នុងប្រទេសកម្ពុជា។ លោកស្រី បន្តថា ទន្ទឹមនេះ រាជរដ្ឋាភិបាល កម្ពុជា ក៏បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចការងាររបស់អ្នករាយការណ៍ពិសេសចំនួនប្រាំពីរប្រទេសជាប់ៗគ្នាអំពីសិទ្ធិមនុស្សនៅកម្ពុជា ខណៈគណៈប្រតិភូរបស់កម្ពុជា តែងចូលរួមជាទៀងទាត់ក្នុងការពិនិត្យឡើងវិញរបាយការណ៍ជាសកល (UPR) ដើម្បីបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្ស។
លើសពីនេះ លោកស្រី ក៏បានលើកឡើងនូវការបើកសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា ជាពិសេសការចែករំលែក ការបញ្ចេញមតិ ឬការបង្ហាញទស្សនៈនៅតាមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook ជាដើម។ ប៉ុន្តែ សេរីភាពនៃការបញ្ចេញមតិ ត្រូវតែអនុវត្តតាមច្បាប់ ដោយមិនត្រូវរំលោភសិទ្ធិបុគ្គលដទៃ ព្រមទាំងការបញ្ចេញមតិណា ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម សុវត្ថិភាពសាធារណៈ និងផលប្រយោជន៍ជាតិឡើយ។

ជាថ្មីម្ដងទៀត លោកស្រី អ៊ាត សោភា បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ និងការការពារសិទ្ធិមនុស្សបន្ថែមទៀត សំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបន្តដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ក្នុងឱកាសនោះដែរ លោកស្រី អ៊ាត សោភា ក្នុងនាមជាតំណាងអចិន្ត្រៃយ៍កម្ពុជា ក៏បានចូលរួមសម្ដែងមរណៈទុក្ខចំពោះការបាត់បង់ជីវិតប្រជាជនស៊ីវិលស្លូតត្រង់ជាច្រើននាក់នៅក្នុងការវាយប្រហារគ្នានៅមជ្ឈិមបូព៌ា នាពេលថ្មីៗនេះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ