ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ មានសសរស្ដម្ភ ២ កំពុងកែទម្រង់ក្នុងប្រព័ន្ធតុលាការ
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អះអាងថា ក្រសួង មានសសរស្ដម្ភចំនួន ២ ដែលកំពុងតែកែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការនៅកម្ពុជា ខណៈជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ នេះ។

សសរស្ដម្ភចំនួន ២ ដែលត្រូវការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅថ្ងៃខាងមុខ និងចាំបាច់រួមគ្នាសម្រេចឲ្យខាងតែបាន គឺ ទី១.ដៃម្ខាង ត្រូវកែទម្រង់តុលាការ កែឲ្យបានល្អប្រសើរចំពោះមុខ តាមរយៈការផ្តល់សេវាយុត្តិធម៌ និងទី២.ដៃម្ខាងទៀត កែទម្រង់គុណភាព នៃចំណាត់ការសំណុំរឿងក្តីរបស់តុលាការ។ នេះជាការបញ្ជាក់របស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់តំណែងព្រះរាជអាជ្ញាថ្មី នៃខេត្តកោះកុង។
លោក កើត រិទ្ធ បន្តទៀតថា ក្រសួង បានដាក់ចេញការវិនិយោគ និងប្ដេជ្ញាចិត្ត សំដៅធ្វើយ៉ាងណាស្ថាប័នតុលាការមានទំនុកចិត្ត ត្បិតត្រូវការប្រើប្រាស់ពេលវេលាច្រើនយ៉ាងបែបណាក្តី មិនកែប្រែផ្លូវមួយនេះបានទេ។ ទន្ទឹមនេះ ក្រសួង ប្រឹងប្រែងជំរុញឲ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីកុំឲ្យកកស្ទះសំណុំរឿង និងនាំឲ្យកើតមានភាពយុត្តិធម៌ក្នុងសង្គម។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានកោតសរសើរដល់ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីអ្នកច្បាប់ និងមន្ទីរស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ដែលចូលរួមសហការគ្នា ធ្វើឲ្យការងារយុត្តិធម៌មានទំនុកចិត្តពីប្រជាពលរដ្ឋ ករណីមិនកកស្ទះសំណុំរឿងក្នុងតុលាការ។
ដោយឡែកលោក រស់ សារាំ អតីតព្រះរាជអាជ្ញាខេត្តកោះកុង គូសបញ្ជាក់ថា ៤ ឆ្នាំ ១០ ខែ គិតចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ អយ្យការអមសាលាដំបូងខេត្តកោះកុង បានចំណាត់ការសំណុំរឿងព្រហ្មទណ្ឌសរុបចំនួន ២.១០៨ សំណុំរឿង ស្មើ ៩៧ ភាគរយ ចំណោមសំណុំរឿងសរុប ២.១៧៦ សំណុំរឿង និងសល់ ៦៨ សំណុំរឿង កំពុងចាត់ការ។

លោក រស់ សារាំ រំពឹងខ្ពស់ថា លោកស្រីព្រះរាជអាជ្ញាថ្មីខេត្តកោះកុង នឹងបន្តដោះស្រាយបានល្អត្រឹមត្រូវទៅថ្ងៃមុខ យកតែគុណភាព មិនយកបរិមាណ។ ឆ្លងតាមបទពិសោធន៍ការងារ ថ្វីត្បិតមានមន្ត្រីតិចតួច ប៉ុន្តែរាល់ការបំពេញភារកិច្ចស្នូលសម្រេចបានគួរជាទីមោទនភាព និងសកម្មគ្រប់បេសកកម្មការងារ មិនថាវិស័យច្បាប់ និងរដ្ឋបាលនោះទេ។
ជាមួយនោះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោក រស់ សារាំ អតីតព្រះរាជអាជ្ញាខេត្តកោះកុង ដែលរយៈកាលកន្លងមក បានបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈ និងមនសិការវិជ្ជាជីវៈ រក្សាបាននូវសាមគ្គីផ្ទៃក្នុងបានយ៉ាងល្អ។

លោកស្រីអភិបាលខេត្ត យល់ថា លោកស្រីព្រះរាជអាជ្ញាថ្មីខេត្តកោះកុង នឹងបង្កើនកិច្ចសហការយ៉ាងល្អប្រសើរ និងជិតស្និទ្ធជាមួយនឹងរដ្ឋបាលខេត្ត ដោយបានផ្តល់យោបល់លើផ្នែកច្បាប់ និងសហការចុះអនុវត្តនូវសេចក្តីសម្រេចរបស់តុលាការបន្តទៀតជាមួយស្ថាប័នពាក់ព័ន្ធ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក