ព័ត៌មានជាតិ
លោក ប៉ែន សុវិជាតិ៖ កម្ពុជា អាចនឹងបន្តឡើងថ្លៃប្រេង ខណៈប្រេងឆៅអន្តរជាតិឡើងថ្លៃ
តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិនៅតែបន្តឡើងថ្លៃ បង្កឡើងដោយសង្គ្រាមនៅអ៊ីស្រអែល និងវិបត្តិរួមផ្សំផ្សេងៗទៀត ដែលធ្វើឱ្យប្រេងដែលបានចម្រាញ់ហើយ ក៏ឡើងថ្លៃដូចគ្នា។

ដោយឡែកទីផ្សារប្រេងលក់រាយនៅកម្ពុជា ក៏អាចនឹងបន្តឡើងថ្លៃ ប្រសិនបើប្រេងឆៅនៅលើទីផ្សារអន្តរជាតិឡើងថ្លៃ ជាពិសេសប្រេងនៅប្រទេសដែលកម្ពុជាចូលមានដូចជា ថៃ វៀតណាម និងសិង្ហបុរី។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការកើតឡើងចម្បាំងរវាងហាម៉ាស់ និងអ៊ីស្រអែល ដែលជាប្រទេសនាំចេញប្រេង ធ្វើឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការផលិតប្រេង។ នៅពេលដែលទីផ្សារប្រេងរងការប៉ះទង្គិចដោយសារឥទ្ធិពលអវិជ្ជមានពីសង្គ្រាម ផលិតកម្មត្រូវកាត់បន្ថយ តម្រូវការទីផ្សារកើនឡើង នឹងជំរុញឱ្យប្រេងឆៅអន្តរជាតិហក់ឡើងថ្លៃ ធ្វើឱ្យតម្លៃប្រេងដែលបានចម្រាញ់ហើយ ក៏ឡើងថ្លៃផងដែរ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសនាំចូលប្រេងសុទ្ធសាធ គឺត្រូវពឹងផ្អែកតម្លៃលក់នៅលើទីផ្សារអន្តរជាតិ។ «ជារួម បើកាលណាប្រេងនៅប្រទេសសិង្ហបុរីមានតម្លៃកើនឡើង តម្លៃប្រេងលក់រាយនៅក្នុងប្រទេសកម្ពុជា យើងក៏ឡើងថ្លៃដូចគ្នា»។ នេះជាការបន្ថែមរបស់លោក ប៉ែន សុវិជាតិ។
ជាក់ស្តែងក្រសួងពាណិជ្ជកម្ម បានប្រកាសនៅថ្ងៃទី ២១ តុលា ពីតម្លៃប្រេងលក់រាយនៅកម្ពុជា បន្តកើនឡើង ៥០រៀល ស្មើនឹង ៤៣៥០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតរក្សាតម្លៃ ដដែល គឺ ៤៦៥០រៀល។ ដោយតម្លៃនេះ អនុវត្តចាប់ពីថ្ងៃទី ២១-៣១ ខែ តុលាឆ្នាំ ២០២៣។ ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក។
លោក ប៉ែន សុវិជាតិ បានអះអាងថា តម្លៃប្រេងអាចនឹងបន្តឡើងថ្លៃថែមទៀត ព្រោះប្រេងនៅលើទីផ្សារអន្តរជាតិបន្តឡើងជាលំដាប់ ដូច្នេះកម្ពុជាជៀសមិនផុតពីការឡើងថ្លៃនោះទេ។ ទោះយ៉ាងណា លោក បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នឹងធ្វើការអន្តរាគមន៍ប្រសិនបើតម្លៃប្រេងហក់ឡើងដល់ចំណុចខ្ពស់បំផុតមួយ ដោយមិនធ្វើឱ្យបង្កផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋនោះទេ។

សូមបញ្ជាក់ថា ប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់បច្ចុប្បន្ននេះ បាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លីមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។
បើតាមលោក ប៉ែន សុវិជាតិ បញ្ជាក់ថា ក្រុមហ៊ុនភីធីធី មានបំណងពង្រីកពោងស្តុកប្រេងបន្ថែមទៀត ដែលជាសញ្ញាល្អក្នុងការគ្រប់គ្រងតម្លៃប្រេងនៅកម្ពុជា៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា