ព័ត៌មានជាតិ
ជាអតីតនិស្សិតខ្មែរពីអាមេរិក លោក កែវ រ៉េមី បានដឹកនាំស្ថាប័នសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាល
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស ដែលគណៈកម្មាធិការនេះ បាននិងកំពុងបំពេញតួនាទី និងភារកិច្ចយ៉ាងសកម្មក្នុងបុព្វហេតុការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ លោក កែវ រ៉េមី ត្រូវបានរាជរដ្ឋាភិបាល នីតិកាលទី៧ បន្តប្រគល់ភារកិច្ចជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស និងត្រូវដំឡើងមុខតំណែងជាទេសរដ្ឋមន្ត្រី។

ស្ថិតក្នុងចំណោមទេសរដ្ឋមន្ត្រីប្រមាណជាង២០រូប នៃសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ក្នុងនីតិកាលទី៧នេះ លោក កែវ រ៉េមី គឺជាឥស្សរជនជាន់ខ្ពស់មួយរូប ដែលត្រូវបានជ្រើសរើសឱ្យកាន់តំណែងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជួយនាយករដ្ឋមន្ត្រីលើការសម្របសម្រួលកិច្ចការសិទ្ធិមនុស្ស ដោយទទួលដឹកនាំផ្ទាល់ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ លោក កែវ រ៉េមី បានដឹកនាំស្ថាប័នសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាលនេះ ចាប់ពីឆ្នាំ២០១៦ ជំនួសប្រធានចាស់ គឺលោក ម៉ក់ សម្បត្តិ។
ក្នុងវ័យ៦០ឆ្នាំ លោក កែវ រ៉េមី ក៏ជាអ្នកនយោបាយខ្មែរមួយរូប ដែលបានចូលប្រឡូកក្នុងឆាកនយោបាយ តាំងពីអំឡុងឆ្នាំ ១៩៩៣ ដោយដំបូងឡើយ លោក បានចូលរួមនយោបាយជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច។ តែ នៅក្នុងឆ្នាំ១៩៩៥ លោក បានចាកចេញពីគណបក្សរាជានិយមមួយនេះ មកបង្កើតគណបក្សថ្មីមួយ គឺគណបក្សខ្មែររួបរួមជាតិ ហើយក្រោយមកក្លាយជាគណបក្ស សម រង្ស៊ី ដែលជាការរួមគ្នាជាមួយលោក សម រង្ស៊ី។ ក្នុងដំណើរការបោះឆ្នោតជាតិ នីតិកាលទី២ ឆ្នាំ ១៩៩៨ លោក កែវ រ៉េមី បានជាប់ឆ្នោតជាសមាជិករដ្ឋសភាមណ្ឌលរាជធានីភ្នំពេញ ហើយក្នុងនីតិកាលទី៣ ឆ្នាំ២០០៣ លោក ក៏បានបន្តជាប់ឆ្នោតជាថ្មីម្តងទៀត និងមានតួនាទីជាអនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា។

តែយ៉ាងណា នៅក្នុងឆ្នាំ២០០៧ ជីវិតនយោបាយរបស់លោក កែវ រ៉េមី ក៏បានឈានជើងដើរចេញពីគណបក្ស សម រង្ស៊ី ហើយទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។ រួមផ្លូវនយោបាយជាមួយលោក កឹម សុខា មិនបាន១ឆ្នាំផង អ្នកនយោបាយរូបនេះ ក៏បានមកសុំរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ហើយពេលនោះ លោក កែវ រ៉េមី ត្រូវបានតែងតាំងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី។ ជាបន្តបន្ទាប់ លោក កែវ រ៉េមី ក៏ទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំ ដោយបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនថែមទៀត ជាអាទិ៍៖ ជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលលើអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងមក ទល់បច្ចុប្បន្ន លោក ក៏ជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

មុនទទួលបានការជ្រើសឱ្យកាន់តំណែងជាទេសរដ្ឋមន្ត្រី សម្រាប់នីតិកាលថ្មីនេះ លោក កែវ រ៉េមី មានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលត្រូវបានអង្គព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងក្នុងនីតិកាលទី៦ ឆ្នាំ២០១៨។ ក្រៅពីមុខតំណែង និងតួនាទីទាំងនេះ ទេសរដ្ឋមន្ត្រីរូបនេះ ក៏កំពុងធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ផងដែរ។
លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ចប់ការសិក្សាកម្រិតសញ្ញាបត្រអនុបណ្ឌិតច្បាប់សាធារណៈ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា និងសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រនយោបាយ នៅរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក ព្រមទាំងបានចូលរួមវគ្គសិក្សាប្រជាធិបតេយ្យ និងនីតិវិធីបោះឆ្នោត ក៏ដូចជាវគ្គសិក្សារដ្ឋបាល នៅប្រទេសថៃ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ