ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តអ្នកវិនិយោគជប៉ុន បង្កើនសកម្មភាពវិនិយោគបន្ថែមទៀត នៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុន បង្កើនសកម្មភាពវិនិយោគបន្ថែមទៀតនៅកម្ពុជា និងជួយរកទីផ្សារនាំទំនិញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុនផងដែរ។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក គូម៉ូរ៉ា ម៉ាសាហីកូ អតីតរដ្ឋមន្រ្តីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន កាលពីព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ នេះ។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះលោក គូម៉ូរ៉ា ពិសេសនៅពេលដែលសម្តេចធ្លាប់បានជួប និងស្គាល់លោកចាប់តាំងពីឆ្នាំ ១៩៩៨ ដែលជាទស្សនកិច្ចលើកដំបូងរបស់លោក មកកាន់លំនៅដ្ឋានរបស់សម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងមានទំនាក់ទំនងរហូតមកដល់បច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន បន្តថា រាល់ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីក្រុងតូក្យូ គឺតែងតែមានវត្តមានលោក គូម៉ូរ៉ា ទទួលស្វាគមន៍ចំពោះសម្តេចជារៀងរហូត ហើយពេលនេះបើទោះបីជាសម្តេចលែងជានាយករដ្ឋមន្រ្តីក៏ពិតមែន តែនៅជួបពិភាក្សាគ្នា ក្នុងនាមសម្តេចជាឪពុករបស់នាយករដ្ឋមន្រ្តី។ សម្តេចតេជោ ហ៊ុន ម៉ាណែត បានបន្តទៀតថា រយៈពេលជាង ២ខែកន្លងមកនេះ នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា គឺសម្តេចមហាបវេធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរប្រកបដោយស្ថេរភាព និងមានថាមពលយូរអង្វែងសម្រាប់កម្ពុជា។

ជាការឆ្លើយតបលោក គូម៉ូរ៉ា បានវាយតម្កៃខ្ពស់ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាវិរៈជនតែម្នាក់គត់ ដែលបានរួមជាមួយឥស្សរជនកម្ពុជាជាច្រើនរូបទៀត រំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហម ប៉ុលពត និងដឹកនាំប្រទេសឲ្យមានការរីកចម្រើន មានសុខសន្តិភាព និងសង្រ្គោះប្រជាជនកម្ពុជានៅទូទាំងប្រទេស។

លោក ក៏បានសម្ដែងការភ្ញាក់ផ្អើល ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា បន្ទាប់ពីទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់កម្ពុជា កាលពីជាង ២៥ឆ្នាំកន្លងមក ដែលនោះបង្ហាញពីស្នាដៃរបស់សម្តេចតេជោ និងឥស្សរជនកម្ពុជាដទៃទៀត ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រជាជន រហូតមានការអភិវឌ្ឍគួរឲ្យស្ងប់ស្ងែងនេះ។
លោកអតីតរដ្ឋមន្រ្តីការបរទេសជប៉ុន ដែលអមដំណើរដោយលោក ភីឌីអូ អូគុប៊ុក ជាអគ្គនាយកក្រុមហ៊ុនសាជីវកម្មហ៊្វរវ៉ើល និងជាប្រធានមូលនិធិស៊ីសេស ដែលជាអ្នកជំនួញ និងជាអ្នកសេដ្ឋកិច្ចមួយរូប ដែលបានមកកាន់ប្រទេសកម្ពុជា រយៈពេលជាង ១០ឆ្នាំកន្លងមក បានឧទ្ទេសនាមពីការងារ ដែលរូបលោក បានចូលមករួមចំណែកក្នុងការកសាងសេដ្ឋកិច្ច ជាទីប្រឹក្សាសេដ្ឋកិច្ច ជាទីប្រឹក្សាផ្តល់យោបល់នៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានសំណូមពរឲ្យលោក អូគុប៊ុក បន្តការវិនិយោគ និងលើកទឹកចិត្តឲ្យអ្នកវិនិយោគជប៉ុន បង្កើនសកម្មភាពថែមទៀតនៅកម្ពុជា និងជួយរកទីផ្សារនាំទំនិញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន។
ដោយសារឆ្នាំ ២០២៣នេះ គឺជាខួប ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ភាគីទាំងពីរ នឹងប្រារព្ធកម្មវិធីរួមគ្នាជាច្រើន រួមទាំងការបាញ់កាំជ្រួច នៅមុខព្រះបរមរាជវាំង ដែលគ្រោងធ្វើនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន និងលោក គូម៉ូរ៉ា បានសម្ដែងការពេញចិត្ត និងរីករាយចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានឈានដល់ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងរីករាយចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ និងពង្រីកលើគ្រប់វិស័យ។ ក្នុងនោះដែរ ប្រទេសទាំងពីរមានការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាតំបន់ និងអន្តរជាតិ ហើយកម្ពុជាគាំទ្រជប៉ុន ជាសមាជិកអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅពេលមានការកែទម្រង់។
លោក គូម៉ូរ៉ា បានកោតសរសើរចំពោះតួនាទីរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាបាននូវទំនាក់ទំនងទ្វេភាគីនេះ ឲ្យកាន់តែល្អប្រសើរ និងរីកចម្រើនរឹងមាំ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះលោក គូម៉ូរ៉ា ដែលជាឥស្សរជនជប៉ុនមួយរូប ដែលបានរួមចំណែកក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា និងធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរ មានការរីកចម្រើន ជាដៃគូដ៏ល្អ ពោលគឺចាប់តាំងពីឆ្នាំ ១៩៩០មក។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ពីតួនាទីរបស់ជប៉ុន ក្នុងការដើរតួនាទីសំខាន់ ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ពិសេសជប៉ុនបានដើរតួនាទី និងផ្តល់មូលនិធិច្រើនជាងគេ នៅអង្គការសហប្រជាជាតិ ដែលសក្តិសមទទួលបាននូវតួនាទីកំពូលនោះ។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ថ្វីត្បិតតែសម្តេចលែងកាន់អំណាច តែសម្តេចនៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មិនមាននយោបាយប្រែប្រួល ក្នុងនយោបាយការបរទេសរបស់ខ្លួន ចំពោះប្រទេសជប៉ុននោះទេ។ កម្ពុជានៅតែរក្សាទំនាក់ទំនង និងគោលនយោបាយល្អប្រសើរ និងពង្រឹងពង្រីកថែមទៀត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កម្ពុជាគាំទ្រគោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វីក សេរី និងបើកចំហ ដែលគំនិតផ្តួចផ្តើមនោះ ឈរលើគោលដៅសំខាន់ ៣ គឺទី ១. បម្រើឲ្យសន្តិភាព និងការអភិវឌ្ឍ ទី២. មិនប្រឆាំងនឹងប្រទេសណាមួយ និងទី ៣. គាំទ្រចំពោះមជ្ឈភាពរបស់ប្រទេសអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បើទោះបីជាឆ្លងកាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ ការវិនិយោគរបស់ជប៉ុនមានការកើនឡើង។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ជប៉ុននឹងបន្តជួយកម្ពុជាថែមទៀត ទៅលើវិស័យហេដ្ឋរចនាសម្ព័ន្ធចាំបាច់។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរឲ្យមានការជំរុញការអភិវឌ្ឍ នៅកំពុងផែក្រុងព្រះសីហនុ ធ្វើយ៉ាងណាឲ្យជម្រៅទឹកជ្រៅ ដើម្បីអាចឲ្យនាវាធំៗ ដឹកទំនិញចូលដល់កំពុងផែក្រុងព្រះសីហនុ ដើម្បីឲ្យកំពុងផែក្រុងព្រះសីហនុ អាចមានសមត្ថភាពប្រកួតប្រជែងខ្លាំង រួមទាំងការពន្លឿនការតភ្ជាប់ទាំងផ្លូវទឹក ផ្លូវគោគ និងផ្លូវអាកាស៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត