Connect with us

ព័ត៌មានជាតិ

មក​ដឹង​លក្ខណៈសម្បត្តិ​ការ​ជ្រើសរើស​ប្រធាន អនុប្រធានមណ្ឌល​សំណេរ​ប្រឡង​បាក់ឌុប

បានផុស

នៅ

ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ (បាក់ឌុប) កាន់​តែ​ខិត​ជិត​មកដល់។ ក្រសួង​អប់រំ យុវជន​និង​កីឡា ​បាន​រៀបចំកម្រង​ភារកិច្ច​គណៈមេប្រយោគ និង​​គណៈកម្មការ​នានា​ដើម្បី​គ្រប់គ្រង​ដំណើរការ​នៃ​ការ​ប្រឡង។

តើ​ប្រធាន អនុប្រធាន​មណ្ឌលសំណេរមាន​តួនាទី​និង​ការ​ទទួល​ខុសត្រូវ​យ៉ាងណា​ខ្លះ​សម្រាប់​គ្រប់គ្រង​ការ​ប្រឡង?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. សមាសភាព

ប្រធាន​មណ្ឌល​សំណេរ ត្រូវ​ជ្រើសរើស​ក្នុងចំណោម​ប្រធាន អនុ​ប្រធាន​ការិយាល័យ​ថ្នាក់​ជាតិ​មួយចំនួន ប្រធាន ​អនុប្រធានការិយាល័យ​នៃមន្ទីរអប់រំយុវជន​និង​កីឡា​មួយចំនួន ប្រធាន​ការិយាល័យ​អប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុកខណ្ឌមួយចំនួន និង​បុគ្គលិក​អប់រំ​តាម​អង្គភាព​ថ្នាក់ជាតិ​មួយ​ចំនួន ដែល​មាន​សមត្ថភាព សុចរិតភាព បទពិសោធ ស្នាដៃល្អ និងឈ្លាសវៃ។

អនុប្រធានមណ្ឌលសំណេរ ត្រូវជ្រើសរើសក្នុងចំណោម​ប្រធាន អនុប្រធានការិយាល័យ​ថ្នាក់ជាតិមួយ​ចំនួន ប្រធាន អនុប្រធានការិយាល័យ​នៃមន្ទីរអប់រំ យុវជន និងកីឡា​មួយចំនួន ប្រធាន អនុ​ប្រធាន​ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌមួយចំនួន នាយក​នាយិកា នាយករង នាយិការង វិទ្យាល័យមួយចំនួន និង​បុគ្គលិក​អប់រំ​តាមអង្គភាពថ្នាក់​ជាតិ​មួយចំនួន​ដែលមាន​សមត្ថភាព សុចរិតភាព បទពិសោធ ស្នាដៃ​ល្អ និងឈ្លាសវៃ។

ប្រធាន អនុប្រធានមណ្ឌលសំណេរត្រូវបានស្នើឡើងដោយប្រធានអង្គភាព​ចំណុះ​ទីស្តីការ​ក្រសួង​អប់រំ យុវជន និងកីឡា ប្រធាន​មន្ទីរអប់រំ យុវជន និងកីឡា តាមរយៈប្រធាននាយកដ្ឋាន​កិច្ចការប្រឡង​ដើម្បីជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យ និងសម្រេចតាមឋានានុក្រម។

មណ្ឌលសំណេរនីមួយៗ ត្រូវគ្រប់គ្រងដោយប្រធាន ១ នាក់ និងអនុប្រធានមួយចំនួន​តាមនិយាមកំណត់។

សមាសភាពជាក់ស្ដែង កំណត់ដោយលិខិត​ឧទ្ទេសនាមរបស់រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា។

២. តួនាទី

ប្រធាន​មណ្ឌលសំណេរ មានតួនាទីជាសេនាធិការឱ្យក្រសួងអប់រំ យុវជន និងកីឡា​នៅក្នុងមណ្ឌល សំណេរ​របស់ខ្លួន ហើយ​ទទួលខុសត្រូវទាំងស្រុង​ចំពោះមុខគណៈមេប្រយោគ​ទូទាំងប្រទេស និង​ក្រសួងអប់រំ យុវជន និងកីឡាចំពោះការប្រព្រឹត្តទៅ នៃ​ដំណើរការវិញ្ញាសា​សរសេរ​ទាំង​ផ្នែក​បច្ចេកទេស និងរដ្ឋបាល។

ក្នុងករណីមានភាពមិនប្រក្រតីនៅក្នុងមណ្ឌលប្រឡង ប្រធាន​មណ្ឌល​សំណេរ ត្រូវអនុវត្ត​ការងារ​តាមការ​សម្រេច​របស់ក្រុមប្រឹក្សា​វិន័យ​ប្រចាំ​មណ្ឌល​សំណេរ​ដែល​មាន​គណៈមេប្រយោគ​ទូទាំង​ប្រទេស ឬ ប្រធាន​គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស​ប្រចាំ​មណ្ឌល​ជា​ប្រធាន។

៣. ភារកិច្ច

ដើម្បីឱ្យដំណើរការ​វិញ្ញាសា​សរសេរប្រព្រឹត្តទៅបានល្អ ប្រធានមណ្ឌល​សំណេរ​ត្រូវសិក្សា​ស្វែងយល់​ឱ្យ​បាន​ស៊ីជម្រៅ​លើ​ខ្លឹមសារ​លិខិត​បទដ្ឋាន​គតិយុត្តនានា​ដែលពាក់ព័ន្ធ​នឹងការងារប្រឡង។

ប្រធានមណ្ឌលសំណេរ ត្រូវបែងចែកភារកិច្ច​ជូនអនុប្រធាន​មណ្ឌល ដើម្បី​ចាត់ចែង និង​គ្រប់គ្រង​ដំណើរការ​វិញ្ញាសា​សរសេរឱ្យមាន​ប្រសិទ្ធភាព ប្រធានមណ្ឌលសំណេរ ត្រូវ​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​តាម​ដំណាក់កាលនីមួយៗ​ដូចខាងក្រោម ៖

ក. មុនថ្ងៃដំណើរការវិញ្ញាសា​សរសេរ ៖

– ពិនិត្យ​ឯកសារ និងសម្ភារៈចាំបាច់សម្រាប់​ដំណើរការវិញ្ញាសា​សរសេរ
– ចុះហត្ថលេខាលើ​បញ្ជីរាយនាមបេក្ខជនតាមបន្ទប់ មុននឹងបិទផ្សាយប្រើប្រាស់ជាផ្លូវការ
– ចុះពិនិត្យមណ្ឌលសំណេរដើម្បី៖
+​សិក្សាពីស្ថានភាពជាក់ស្ដែងនៃទីក្រុងមណ្ឌល​ហើយ​លើកវិធានការសម្រាប់​បង្ការនិងទប់ស្កាត់​រាល់​បាតុភាព​ដែលអាចកើតមានឡើងជាយថាហេតុ
+ពិនិត្យ​បន្ទប់ ទ្វារ បង្អួច ដំបូល តុ កៅអី ក្ដារខៀន និង​សម្ភារៈផ្សេងទៀត សម្រាប់ដំណើរការ​វិញ្ញាសា​សរសេរ។ ក្នុង​ករណី​នៅមាន​កង្វះខាត ឬមិនទាន់សមស្រប ដែលមិនអាច​ដំណើរការ​វិញ្ញាសា​សរសេរ​បាន​ល្អ ត្រូវសហការជាមួយ​សមាជិកគណៈមេប្រយោគ តំណាង​សាលារៀន​ដែលយកធ្វើជា​មណ្ឌល​សំណេរ ដើម្បីដោះស្រាយជាបន្ទាន់។
– ទាក់ទង​អាជ្ញាធរដែនដី ដើម្បីសុំកម្លាំងសម្រាប់ជួយរក្សារ​បៀបរៀបរយ និង​សណ្ដាប់ធ្នាប់ ជុំវិញ​មណ្ឌល​សំណេរ​តាំងពីពេលចាប់ផ្តើម​រហូតដល់ចប់ដំណើរការ​វិញ្ញាសាសរសេរ
– ធ្វើលិខិតបង្គាប់ការ​បែងចែក​ភារកិច្ចសមាជិក​គណៈមេប្រយោគ​ក្រោមឱវាទ​ជា​លាយលក្ខណ៍ អក្សរ និង​ត្រៀម​រៀបចំឯកសារ​ដទៃ​ទៀត​ដូចជា៖ ធ្វើប្លង់តុ ប្លង់បន្ទប់ ព្រម​ទាំងឯកសារ​ដែល​ត្រូវ​បិទ​ផ្សាយ
– ក្នុង​ជួរ​គណៈកម្មការ​កណ្ដាល ត្រូវ​ចាត់តាំង​ឱ្យ​មាន​អ្នករៀបចំដី​ស ហ្វឹត ម្ជុលខ្ទាស់ វាយ​ត្រា​លើ​សន្លឹក​ក្រដាស​ព្រាង កម្រង​សលាកបត្រ​ឯកត្តជន បញ្ជី​ស្រង់​វត្តមាន​បេក្ខជន ប្លង់​តុ ក្រប សន្លឹក​កិច្ចការ​បេក្ខជន និង​ទទួល​សន្លឹក​កិច្ចការ​របស់​បេក្ខជន អ្នក​ស្រង់​វត្តមាន​អនុរក្ស និង​អវត្តមាន​បេក្ខជន​តាម​បន្ទប់ និង​តាម​មុខវិជ្ជា អ្នក​វាយជួង អ្នកទទួល​បន្ទុក​សន្តិសុខ លេខា​កត់ត្រា (មើល​ភារកិច្ច​លម្អិត​គណៈកម្មការ​កណ្ដាល)។ ធ្វើ​តារាងបែងចែកភារកិច្ច​អ្នកត្រួតពិនិត្យ​តាមអគារ និង​អនុរក្ស​ដោយមាន​ចុះ​មុខវិជ្ជា​ឯកទេស​គណៈមេប្រយោគ​ទាំងនោះផង ហើយ​ចុះឈ្មោះ​ផ្លាស់ប្តូរ​គ្នា ទទួល​ខុសត្រូវ​តាម​អគារ និងតាម​បន្ទប់ក្នុងពេល​នីមួយៗ
– ពេលព្រឹក​មុនថ្ងៃដំណើរការវិញ្ញាសា​សរសេរមួយថ្ងៃ៖ ត្រូវ​បិទបញ្ជី​រាយនាម​បេក្ខជន តារាងប្រព្រឹត្ត​ទៅនៃវិញ្ញាសា​ប្រឡង សេចក្តីជូនដំណឹង​ដល់បេក្ខជនបទប្បញ្ញត្តិប្រឡង បទប្បញ្ញត្តិ ចំពោះ​បេក្ខជន និង​បុគ្គលិកអប់រំក្នុងការ​ប្រើប្រាស់​ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិក​គ្រប់ ប្រភេទ​ក្នុង​មណ្ឌលប្រឡង និង​ប្លង់បន្ទប់ និងស្លាកលេខបន្ទប់នៅតាមបន្ទប់ប្រឡង​ជាដើម​។
– ពេលរសៀលមុនថ្ងៃដំណើរការវិញ្ញាសាសរសេរមួយថ្ងៃ៖ ប្រជុំគណៈមេប្រយោគក្រោមឱវាទ និង តំណាង​អាជ្ញាធរដែនដី កងកម្លាំងការពារ​មណ្ឌល ណែនាំពីភារកិច្ចលម្អិតរបស់គណៈកម្មការ នីមួយៗ និង​ត្រៀមសម្ភារៈ​សម្រាប់​ដំណើរការវិញ្ញាសាសរសេរ សម្រាប់​ព្រឹកថ្ងៃ​បន្ទាប់។ ពេល​ប្រជុំ​ត្រូវ​ប្រមូល​ទិដ្ឋាការ ដោយ​ផ្ទៀងផ្ទាត់ជាមួយ​វិញ្ញាបនបត្ររដ្ឋបាល ដែលមាន​បិទរូបថត ឬអត្ត សញ្ញាណ បណ្ណ​សមាជិករបស់ខ្លួនឱ្យបានត្រឹមត្រូវ
– ប្រធានមណ្ឌលត្រូវណែនាំអនុរក្សពីវិធីម្ចាស់សន្លឹកកិច្ចការបេក្ខជនឱ្យឯកភាពគ្នា គឺត្រូវលា​សន្លឹកទី១ ដាក់លើសន្លឹកទី២ រួច​ខ្ទាស់ម្ជុលទទឹង​ក្រដាស​ចំកណ្ដាល​ក្បាល​សន្លឹកកិច្ចការ ១ កន្លែង និង ចំកណ្ដាលខ្លួនសន្លឹកកិច្ចការ១កន្លែងទៀត
– ប្រធានមណ្ឌលត្រូវចាត់តាំងអន្ទងបានដើម្បីយកប្លង់តុបេក្ខជន
– រៀបចំ​បង្កើតក្រុមប្រឹក្សាវិន័យដោយ​លើសការជាមួយគណៈកម្មការអប្បមាទ​ទូទាំងប្រទេស ប្រចាំ​មណ្ឌល និងមានលិខិ​បង្គាប់​ការ​ក្នុង​ដំណើរការ​សំណេរ​
– រៀបចំចាត់តាំងគណៈកម្មការពិសេស ក្នុង​ការដកហូតសំណៅឯកសារផ្សេង ៗ ឧបករណ៍ អេឡិចត្រូនិក
– ប្រធាន អនុប្រធានមណ្ឌល និងគណៈកម្មការសន្តិសុខត្រូវមកដល់​មណ្ឌលមួយ​ម៉ោង​មុន ដំណើរការ​សរសេរ។

ខ. ថ្ងៃដំណើរការវិញ្ញាសាសរសេរ ៖

–ពាក់ស្លាកសញ្ញា​ដែលមានសរសេរ​ឈ្មោះសាមីខ្លួន នៅពេលមកដល់មាត់ទ្វារមណ្ឌលសំណេរនិង​ពេលបំពេញភារកិច្ចក្នុងមណ្ឌលសំណេរ
– មកដល់មណ្ឌលប្រឡងឱ្យបាន ១ ម៉ោងមុន ដើម្បីរៀបចំដំណើរការវិញ្ញាសាសរសេរ និងចេញក្រោយ​គេដើម្បីពិនិត្យរៀបចំបង្ហើយការងារ និងត្រៀមកិច្ចការសម្រាប់ពេលបន្ទាប់
– ណែនាំ​និងឧស្សាហ៍ក្រើនរំឭកឱ្យគណៈកម្មការនីមួយៗ បំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវចៀសវាង​ការ​ថ្លោះធ្លោយ
– ណែនាំអនុរក្សឱ្យហៅឈ្មោះបេក្ខជនចូលអង្គុយតាមលេខ​របស់ខ្លួន ក្នុងមួយថ្ងៃពីរដង (មុន ពេលដំណើរការ​វិញ្ញាសាសរសេរ ពេលព្រឹកមួយដង និងពេលរសៀលមួយដង )
– ចាត់វិធានការការពារសុវត្ថិភាពមណ្ឌល​ឆែក​យកសំណៅឯកសារ និងសម្ភារៈ​ដែលហាមឃាត់ ជាពិសេស​ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិកផ្សេងៗពីបេក្ខជន មុនពេលចូលបន្ទប់ប្រឡង និង ក្នុងពេលដំណើរការ​វិញ្ញាសាសរសេរ
– ពិនិត្យតារាងប្រព្រឹត្តទៅនៃវិញ្ញាសា នឹងបើកហឹបប្រធានវិញ្ញាសា​ជាមួយ​នឹងស្លាកមុខវិជ្ជា​ដែល​គូស​រង្វង់បិទនៅលើហឹបមុន
– បើកហឹបវិញ្ញាសា​នៅក្នុងបន្ទប់ប្រឡងណាមួយ ដែលនៅជិតបន្ទប់គណៈកម្មការកណ្តាលមុន ម៉ោង​កំណត់​ដែលមានចែងក្នុងតារាងប្រព្រឹត្តទៅនៃវិញ្ញាសាពី១០ ទៅ ២០នាទី អាស្រ័យ​ទៅ តាម​ទីតាំង​អគារ និង​ចំនួនបន្ទប់ប្រឡង
– អញ្ជើញ​គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី​ខេត្ត គណៈកម្មការអប្បមាទទូទាំង ប្រទេស​ទាំងអស់​មកចូលរួមក្នុងការបើកហឹបវិញ្ញាសា។ ដើម្បី​ជម្រះមន្ទិល​សង្ស័យ ត្រូវលើក ស្រោម​វិញ្ញាសា​បង្ហាញ និងឱ្យបេក្ខជនពិនិត្យ​ភាពបិទជិត និងត្រាលើស្រោមវិញ្ញាសា ព្រមទាំង ឱ្យបេក្ខជន​នោះកត់​លេខបន្ទប់ លេខតុ ឈ្មោះ និងចុះហត្ថលេខាលើស្រោមវិញ្ញាសា។ បន្ទាប់ មកត្រូវកាត់​ស្រោមវិញ្ញាសា​តាមគែមទទឹង ស្រោម (រក្សាទុក២ស.មខាងចុង) នៅ​ចំពោះមុខ បេក្ខជន​រួចប្រគល់​ជូនគណៈកម្មការ​ត្រួតពិនិត្យតាមអគារ រាប់ចំនួនបែងចែក​តាមបន្ទប់ ហើយ​ចុះហត្ថលេខា និង​ឈ្មោះ​លើ​ស្រោមវិញ្ញាសាផង រួចយកវិញ្ញាសា​ទៅចែក​អនុរក្សតាមបន្ទប់ដែល​ខ្លួនទទួលបន្ទុកត្រួតពិនិត្យ
– កត់ពេលវេលាបើកស្រោមវិញ្ញាសារ​ កត់​លេខ​បន្ទប់ លេខ​តុ​បេក្ខជន ដែល​បានពិនិត្យ​ស្រោម វិញ្ញាសា​ដើម្បីទុកចុះនៅក្នុងកំណត់ហេតុ​ដំណើរវិញសរសេរ
– ប្រមូលប្រធានវិញ្ញាសាដែលនៅសល់ឱ្យបានគ្រប់ចំនួន
– ប្រមូលប្រធាន​វិញ្ញាសា កត់លើក្តារខៀនមកវិញ​ទាំងអស់ ក្រោយពេលកត់ចប់ និង​ផ្ទៀងផ្ទាត់រួច
– ប្រមូលប្រធានវិញ្ញាសា ឱ្យបានគ្រប់ចំនួនមកវិញនៅពេលចប់វិញ្ញាសានីមួយៗ
– ទប់ស្កាត់មិនឱ្យប្រធានវិញ្ញាសា​ចេញក្រៅ និងមិនឱ្យសំណៅ​ចម្លើយធ្លាក់ដល់ដៃបេក្ខជន
– បិទទ្វារ ចាក់សោគ្រប់ច្រកចេញ ចូលនៅពេលដំណើរការវិញ្ញាសាសរសេរ
– ត្រួតពិនិត្យមើលគ្រប់សកម្មភាពគណៈកម្មការ និងចូលរួមដោះស្រាយឱ្យបានទាន់ពលវលា រាល់​បញ្ហា​អសកម្មផ្សេងៗ
– ហាមអ្នកគ្មានភារកិច្ច មិនអនុញ្ញាតឱ្យចូល​និងនៅក្នុងមណ្ឌលសំណេរ
– ស្នើផ្លាស់ប្តូរសមាជិកគណៈមេប្រយោគ ឬ បញ្ឈប់មិនឱ្យចូលរួមក្នុងការប្រឡងភ្លាមៗ និងស្នើ ដាក់​វិន័យ​ក្នុងករណីមានកំហុសធ្ងន់ធ្ងរ។ ស្នើ​ទម្លាក់និងដាក់វិន័យដល់បេក្ខជន​ដែលខុសឆ្គង ចំពោះ​បទប្បញ្ញត្តិប្រឡង​ទៅគណៈមេប្រយោគទូទាំងប្រទេស (ផ្អែកតាមរបាយការណ៍​របស់ អនុរក្ស និង​អ្នកត្រួតពិនិត្យ​តាមអគារ)
– ស្នើ​ផ្ទេរ​បន្ទប់ប្រឡងពីអគារមួយទៅអគារមួយទៀតក្នុងករណីចាំបាច់
– ត្រួតពិនិត្យការ​ប្រមូលកិច្ចការ​របស់បេក្ខជន និង​ទុកដាក់​ឱ្យ​បាន​គត់ហ្មត់​ត្រឹមត្រូវតាមលក្ខការណ៍ នៃ​ការប្រឡង
– ចូលរួមពិនិត្យផ្ទៀងផ្ទាត់កិច្ចការរបស់បេក្ខជនក្នុងករណីចាំបាច់ មុននឹងសម្រេចឱ្យធ្វើការវេចខ្ចប់
– ចុះហត្ថលេខាបិទសម្ងាត់ (Sceller)លើកញ្ចប់សន្លឹកកិច្ចការរបស់បេក្ខជន ដើម្បីរក្សាសុវត្ថិភាព។

គ. ក្រោយពេលចប់វិញ្ញាសាសរសេរ

ប្រគល់​សន្លឹកកិច្ចការបេក្ខជន និងឯកសារនានា​ដែល​ទាក់ទងនឹង​ដំណើរការ​វិញ្ញាសា​សរសេរ រួមមាន របាយការណ៍​ស្តីពីដំណើរការវិញ្ញាសាសរសេរ សម្រង់​វត្តមាន​របស់​គណៈមេប្រយោគ សម្រង់​អវត្តមាន​បេក្ខជន បញ្ជីវត្តមាន​បេក្ខជនតាមបន្ទប់ ប្លង់តុ និង​បំណែងចែក​ភារកិច្ច គណៈមេប្រយោគ​មណ្ឌល​សំណេរ ជូន​គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស​ប្រចាំ​មណ្ឌល ដើម្បី​ដឹក​មក​កាន់​មណ្ឌល​កំណែ​ប្រមូល​ផ្តុំនៅរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ក្រោយ​បទ​ឈប់បាញ់​អនុវត្ត ហ្គាហ្សា​ទទួល​បាន​ជំនួយ​ច្រើន​ជាង ២ ៤០០​ឡាន​​ក្នុង​រយៈពេល​៣ថ្ងៃ

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រសួងសុខាភិបាលគ្រោងរៀបចំសេចក្តីព្រាងផែន​ការ​សកម្មភាពពហុវិស័យបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា

ព័ត៌មានជាតិ១៩ នាទីutes មុន

ខេត្តកំពង់ឆ្នាំងត្រូវបានប្រកាសថាខេត្តដែល «គ្មានសំរាម និងសំណល់ប្លាស្ទិកតាមទីសាធារណៈ»

កីឡា២ ម៉ោង មុន

ថ្ងៃនេះក្រុមលីគកំពូលកម្ពុជា២គូជួបគ្នាវគ្គ១៦ក្រុមជើងទី១​ ពានសម្តេច​តេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមបណ្ណាល័យគំនិតរៀបចំពិព័រណ៌សៀវភៅលើកទី១ នៅរាជធានីភ្នំពេញចុងសប្ដាហ៍នេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

Sokha Hotels

ព័ត៌មានពេញនិយម