ព័ត៌មានជាតិ
គណៈកម្មការកណ្តាល មានតួនាទីអ្វីខ្លះនៅមណ្ឌលប្រឡងបាក់ឌុប?
ការប្រឡង គឺជាការវិនិច្ឆ័យលើកម្រិតសមត្ថភាព ចំណេះដឹង វប្បធម៌របស់បេក្ខជនដោយឈរលើ គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
តាមកម្រងភារកិច្ចរៀបចំឡើងដោយក្រសួងអប់រំយុវជន និងកីឡាសម្រាប់ដំណើរការប្រឡងបាក់ឌុប គណៈកម្មការកណ្ដាល ទោះក្នុងស្ថានភាពបែបណាក៏ត្រូវរក្សាភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

១, សមាសភាព
សមាសភាពគណៈកម្មការកណ្តាល ចាំបាច់ត្រូវជ្រើសរើសក្នុងចំណោមបុគ្គលិកទីចាត់ការ ឬ លេខាដែលយកធ្វើជាមណ្ឌលសំណេរចំនួន ០២ នាក់។ ក្រៅពីនេះអាចជាប្រធាន អនុប្រធានការិយាល័យ និងបុគ្គលិកអប់រំនៃមន្ទីរអប់រំ យុវជន និងកីឡាមួយចំនួន បុគ្គលិកទីចាត់ការនៃវិទ្យាល័យមួយចំនួន គ្រូបង្រៀនថ្នាក់ទី១២ មុខវិជ្ជាមិនប្រឡងមួយចំនួន និងបុគ្គលិកអប់រំតាមអង្គភាពថ្នាក់ជាតិមួយចំនួន ដែលមានសមត្ថភាព សុចរិតភាព បទពិសោធ ស្នាដៃល្អ និងឈ្លាសវៃ ហើយត្រូវបានស្នើឡើងដោយប្រធានអង្គភាពចំណុះទីស្តីការក្រសួងអប់រំ យុវជន និងកីឡា និងដោយប្រធានមន្ទីរអប់រំ យុវជន និងកីឡា តាមរយៈប្រធាននាយកដ្ឋានកិច្ច ការប្រឡង ជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យនិងសម្រេចតាមឋានានុក្រម។
សមាសភាពជាក់ស្ដែង កំណត់ដោយលិខិតឧទ្ទេសនាមរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
២. តួនាទី
គណៈកម្មការកណ្តាលមណ្ឌលសំណេរ មានតួនាទីជាអ្នកអនុវត្តនិងធ្វើឱ្យសម្រេចការងារតាមផ្នែក តាមចំណាត់តាំងរបស់ប្រធានមណ្ឌលសំណេរ និងត្រូវទទួលខុសត្រូវចំពោះមុខប្រធានមណ្ឌលសំណេរលើរាល់កិច្ចការក្នុងពេលដំណើរការវិញ្ញាសាសរសេរ។
៣. ភារកិច្ច
– ចូលរួមប្រជុំទទួលការណែនាំពីប្រធានមណ្ឌលសំណេរ មុនដំណើរការវិញ្ញាសាសរសេរមួយថ្ងៃ តាមលិខិតឧទ្ទេសនាមរបស់ក្រសួងអប់រំ យុវជន និងកីឡា
– ប្រគល់ទិដ្ឋាការធ្វើដំណើរ និងវិញ្ញាបនបត្ររដ្ឋបាលដែលមានបិទរូបថត ឬអត្តសញ្ញាណប័ណ្ណ ដល់ប្រធានមណ្ឌលសំណេរនៅពេលប្រជុំ
– ពាក់ស្លាកសញ្ញាដែលមានសរសេរឈ្មោះរបស់សាមីខ្លួន និងឈ្មោះមណ្ឌលនៅពេលមកដល់មាត់ទ្វារមណ្ឌលសំណេរ និងនៅក្នុងពេលបំពេញភារកិច្ច
– ចូលរួមគ្រប់កិច្ចការ ដែលប្រធានមណ្ឌលសំណេរបានចាត់តាំង និងចេះរក្សាការសម្ងាត់
– ចូលមុនចេញក្រោយពេលដូចប្រធានមណ្ឌលសំណេរ ហើយត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចតាមផ្នែកដូចតទៅ៖
ក. អ្នករៀបចំសម្ភារៈសម្រាប់ដំណើរការវិញ្ញាសាសរសេរ និងទទួលសន្លឹកកិច្ចការបេក្ខជន៖
– ទទួលខុសត្រូវរៀបចំដីស ហ្វឺត ម្ជុលខ្ទាស់ បោះត្រាលើសន្លឹកក្រដាសព្រាង កម្រងសលាកបត្រ ឯកត្តជនរបស់បេក្ខជន បញ្ជីស្រង់វត្តមានបេក្ខជន ប្លង់តុ ក្រដាសប្រឡង និងក្របសន្លឹកកិច្ចការ បេក្ខជន តាមបន្ទប់ដែលកំណត់ដោយប្រធានមណ្ឌលសំណេរ ដើម្បីទុកប្រគល់ជូនអនុរក្សតាម បន្ទប់ប្រឡង
– រៀបចំសម្ភារៈត្រៀមសម្រាប់វិញ្ញាសាបន្តបន្ទាប់
– ទទួលសន្លឹកកិច្ចការបេក្ខជនពីអនុរក្ស ពិនិត្យក្របសន្លឹកកិច្ចការ រួចពិនិត្យផ្ទៀងផ្ទាត់ក្បាល សន្លឹកកិច្ចការ ជាពិសេសលេខបន្ទប់ លេខតុ ឈ្មោះនិងហត្ថលេខារបស់បេក្ខជន និងអនុរក្ស
– រាប់ចំនួនសន្លឹកកិច្ចការបេក្ខជូនឲ្យបានត្រឹមត្រូវ ផ្ទៀងផ្ទាត់លេខតុបេក្ខជនអវត្តមាន ដែលបានចុះនៅលើក្របសន្លឹកកិច្ចការរបស់បេក្ខជន និងពិនិត្យលេខរៀងកិច្ចការបេក្ខជនតាមលំដាប់លេខរៀងកើន
– ពិនិត្យសន្លឹកកិច្ចការដែលមានសញ្ញាសម្គាល់ ឬប្រើទឹកប៊ិចខុសពីការណែនាំ ឬរហែក ឬប្រឡាក់ឬមានការសង្ស័យណាផ្សេងទៀត ត្រូវរាយការណ៍ជូនប្រធានមណ្ឌលសំណេរសម្រេច
–ពិនិត្យជាចុងក្រោយនូវការបំពេញក្រមសន្លឹកកិច្ចការរបស់អនុរក្ស រួចហើយចុះហត្ថលេខាប្រគល់និងទទួល
– ប្រគល់សន្លឹកកិច្ចការរបស់បេក្ខជនដែលបានពិនិត្យត្រឹមត្រូវ ហើយជូនទៅអនុគណៈកម្មការ ផ្ទៀងផ្ទាត់ចុងក្រោយ និងវេចខ្ចប់ដើម្បីផ្ទៀងផ្ទាត់ និងវេចខ្ចប់ដោយមានការចុះហត្ថលេខា ប្រគល់ និងទទួល
–ប្រគល់ជូនអនុគណៈកម្មការផ្ទៀងផ្ទាត់ចុងក្រោយ និងវេចខ្ចប់នូវកម្រងសាលកបត្ររបស់បេក្ខជន បញ្ជីស្រង់វត្តមាន និងប្លង់តុនៅពេលចប់វិញ្ញាសាចុងក្រោយ។
ខ. អនុគណៈកម្មការផ្ទៀងផ្ទាត់ចុងក្រោយនិងវេចខ្ចប់៖ អនុគណៈកម្មការនេះស្ថិតក្រោមការដឹកនាំផ្ទាល់របស់ប្រធាន និងអនុប្រធានមណ្ឌលសំណេរ និងមានភារកិច្ចដូចខាងក្រោម៖
–ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញជាចុងក្រោយនូវគ្រប់សន្លឹកកិច្ចការរបស់បេក្ខជន និងគ្រប់បន្ទប់
– កាលបើឃើញថាត្រឹមត្រូវហើយទើបធ្វើការវេចខ្ចប់ និងចងស្រាក់តាមលក្ខការណ៍របស់ប្រធាន ឬអនុប្រធានមណ្ឌលសំណេរ ដែលជាអ្នកទទួលខុសត្រូវផ្ទាល់ចំពោះការងារនេះ
– បិទសម្ងាត់ (Sceller) ដែលមានចុះហត្ថលេខាប្រធានមណ្ឌលសំណេរ ប្រធានអប្បមាទទូទាំង ប្រទេសប្រចាំមណ្ឌល និងគណៈមេប្រយោគទូទាំងប្រទេសប្រចាំមណ្ឌលសំណេរនោះលើចំណង កញ្ចប់សន្លឹកកិច្ចការបេក្ខជន។
គ. លេខាកត់ត្រា ៖
– ទទួលខុសត្រូវធ្វើកំណត់ហេតុនៃដំណើរការវិញ្ញាសាសរសេរ
– កត់ត្រារាល់សកម្មភាព និងហេតុការណ៍សំខាន់ៗដែលកើតមានឡើងក្នុងមណ្ឌលសំណេរ
– រៀបចំលិខិតរដ្ឋបាល របាយការណ៍ ឬធ្វើកំណត់ហេតុចាំបាច់ក្នុងករណីពិសេស។
ឃ. អ្នកស្រង់វត្តមាន៖
– ស្រង់វត្តមានអនុរក្ស និងបេក្ខជនរៀងរាល់ពេលដំណើរការវិញ្ញាសាសរសេរនៅតាមបន្ទប់ប្រឡង ដែលប្រធានមណ្ឌលសំណេរបានចាត់តាំង
– ប្រគល់បញ្ជីសម្រង់វត្តមានអនុរក្ស និងអវត្តមានបេក្ខជនមកលេខាកត់ត្រាដើម្បីធ្វើការផ្ទៀងផ្ទាត់ ជាមួយតារាងបែងចែកភារកិច្ចរបស់អនុរក្ស។
ង. អ្នកវាយជួង៖
អ្នកវាយដួង ត្រូវវាយដួងឱ្យបានត្រឹមត្រូវតាមពេលម៉ោងដែលកំណត់ដោយប្រធានមណ្ឌល៖
– ជួងទី១ (រោទិ៍៣បទ) ជាសញ្ញាឲ្យអនុរក្សហៅឈ្មោះនិងពិនិត្យសាលកបត្របេក្ខជនត្រូវចូលបន្ទប់ប្រឡង
– ដួងទី២ (១អន្លូង); ជាសញ្ញាចាប់ផ្ដើមដំណើរការវិញ្ញាសាសរសេរ
– ជួងទី៣ (១អន្លូង) ជាសញ្ញាប្រកាសដំណឹងដល់បេក្ខជនថានៅសល់រយៈពេល ១៥ នាទី ទៀត ដល់ពេលប្រមូលកិច្ចការ
– ជួងទី៤ (រោទី ១ បទ) ជាសញ្ញាឱ្យអនុរក្សប្រមូលសន្លឹកកិច្ចការបេក្ខជន ក្នុងករណីពិសេស បើ មានបញ្ហាពីប្រធានមណ្ឌលសំណេរ អ្នកវាយដួងត្រូវអនុវត្តតាមបញ្ជានោះ។ ក្រោយពេលវាយជួងតាមដំណាក់កាលនីមួយៗ ប្រធាន ឬអនុ ប្រធានមណ្ឌលត្រូវប្រកាសតាមមេក្រូបញ្ជាក់បន្ថែម។
ច. ផ្នែកសន្តិសុខ៖
សហការជាមួយកងកម្លាំងការពារសន្តិសុខ ដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរៀបរយនៅក្នុង និង ជុំវិញមណ្ឌលសំណេរ
– ហាមឃាត់មិនឱ្យអ្នកគ្មានភារកិច្ចចូលក្នុងមណ្ឌលសំណេរ
– សហការជាមួយកងកម្លាំងការពារសន្តិសុខ ដកហូតអាវុធជាតិផ្ទុះ សម្ភារៈហាមឃាត់ និង ឯកសារផ្សេងៗពីបេក្ខជននៅច្រកចេញចូល
–បិទទ្វាររបង និងចាក់សោនៅពេលចាប់ផ្ដើមដំណើរការវិញ្ញាសាសរសេរ
– រាយការណ៍ជូនប្រធានមណ្ឌលសំណេរ ក្នុងករណីចាំបាច់ដែលមានបាតុភាពផ្សេងៗដើម្បីមានវិធានការទាន់ពេលវេលា។
សម្គាល់ ៖
– គណៈកម្មការកណ្តាលមណ្ឌលសំណេរ ក្រៅពីអ្នកស្រង់វត្តមាន និងសន្តិសុខមណ្ឌល គ្មាន អ្នកណាម្នាក់ អាចដើរចេញឆ្ងាយពីបន្ទប់នៃគណៈកម្មការកណ្តាលបានឡើយ
– គណៈកម្មការកណ្តាលមណ្ឌលសំណេរ ដែលបានអនុវត្តខុសឆ្គងពីភារកិច្ច ដែលបានកំណត់ ដូចជាប្រើប្រាស់ទូរស័ព្ទក្នុងមណ្ឌលសំណេរ នឹងត្រូវទទួលវិន័យផ្នែករដ្ឋបាលតាមកម្រិតដែល សម្រេចដោយក្រសួងអប់រំ យុវជន និងកីឡា៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ