ព័ត៌មានជាតិ
អតីតប្រមុខការពារជាតិ និងប្រមុខការពារជាតិបច្ចុប្បន្ន ចេញទៅទស្សនកិច្ចនៅចិន
នៅថ្ងៃព្រឹកថ្ងៃចន្ទនេះ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានចេញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដែលទស្សនកិច្ចនេះ ស្របពេលគ្នាជាមួយដំណើរទស្សនកិច្ចជាផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី លោកនាយឧត្តមសេនីយ៍ ទៀ សីហា នៅចិននេះដែរ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការពារជាតិ និងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច ទៀ បាញ់ បានសរសេរដូច្នេះថា៖ «នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិពោធិ៍តុង រាជធានីភ្នំពេញ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមអតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន»។ ដំណើរទៅចិនរបស់អតីតប្រមុខការពារជាតិ សម្ដេច ទៀ បាញ់ នាពេលនេះ មិនត្រូវបានបញ្ជាក់នូវគោលបំណងណាមួយឡើយ។ ប៉ុន្តែ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចំពេលដែលរដ្ឋាភិបាលចិន បានសម្រេចដកតំណែងរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu កាលពីដើមសប្ដាហ៍មុន។
តែយ៉ាងណា ដំណើរទស្សនកិច្ចរបស់សម្ដេច ទៀ បាញ់ បានធ្វើឡើងព្រមពេលគ្នាជាមួយដំណើរទស្សនជាលើកដំបូង របស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា ទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ ទៀ សីហា តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិចិន ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងទស្សនកិច្ចផ្លូវការនេះ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងការពារជាតិចិន ដើម្បីពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ស្របតាមដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសតាមរយៈការជំរុញអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ របស់រាជរដ្ឋាភិបាលទាំងពីរ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១០ ក្រោមមូលបទ «សន្តិសុខរួម សន្តិភាពយូរអង្វែងៗ»។ ក្នុង វេទិកាប៉េកាំងសៀងសាននេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា នឹងថ្លែងសុន្ទរកថាគន្លឹះ ក្នុងសម័យប្រជុំពេញអង្គលើកទី១ លើប្រធានបទ «ទំនួលខុសត្រូវនៃប្រទេសធំៗ និងកិច្ចសហប្រតិបត្តិការសន្តិសុខសកល» នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល លោក ទៀ សីហា ក៏នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិវៀតណាម ឡាវ សិង្ហបុរី និងឥស្សរជនបរទេសមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា ជាមួយបណ្តាប្រទេសនានា។ ជាការកត់សម្គាល់របស់ក្រសួងការពារជាតិ ដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នឹងបញ្ជាក់ជាថ្មីនូវចំណងមិត្តភាពដែកថែបដ៏រឹងមាំ និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជា ក៏ដូចជាកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចសហការជាមួយភាគីចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែស៊ីជម្រៅសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ