ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺត្រូវបានប្រកាសជាខេត្តអស់មីន ទី១៣
នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន ជាមួយនឹងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ។

ក្នុងនាមប្រជាជនខេត្តកំពង់ស្ពឺក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេសលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធាន ទី ១ អាជ្ញាធរ មីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលយកនូវគោលបំណងរបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន។
ការទទួលបានដីសុវត្ថិភាព និងការរស់នៅប្រកបដោយសុវត្ថិភាព សុខក្សេមក្សាន្ត គឺជាគោលដៅចម្បងរបស់សម្តេច។ យើងខ្ញុំ សូមសម្តែងនូវការគាំទ្រ និងគោរពជូនពរ សម្តេចធិបតី ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងបេសកកម្មដឹកនាំប្រទេសជាតិ។

មុននឹងឈានដល់ថ្ងៃនេះ ទឹកដីខេត្តកំពង់ស្ពឺ ជាអតីតសមរភូមិដ៏ក្តៅគគុកនាសម័យសង្គ្រាម ដោយសារមុននឹង ភ្នំពេញធ្លាក់ក្នុងកណ្តាប់ដៃរបស់របបប្រល័យពូជសាសន៍ គឺគេត្រូវយកទឹកដីខេត្តកំពង់ស្ពឺឱ្យបានជាមុនសិន។ ក្នុងន័យនេះ ខេត្តកំពង់ស្ពឺបានទទួលកេរមរតកពីសង្គ្រាម ជាសំណល់ជាតិផ្ទុះពីសង្គ្រាម ដ៏ច្រើនលើសលុប។
ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្រ្ត ដែលប្រជាជនខេត្តកំពង់ស្ពឺ បានទទួលនូវសេរីភាពរួចចាកផុតពីគំរាមកំហែងដោយសារមីន ហើយ ខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលត្រូវប្រកាសជាខេត្តអស់មីននៅទូទាំងប្រទេស ក្រោមម្លប់សន្តិភាពកើតចេញពី នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។

ចាប់ពីឆ្នាំ១៩៩៣ ខេត្តកំពង់ស្ពឺ មានប្រតិបត្តិករចំនួន ៥ បានធ្វើការបោសសម្អាតទាំងចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រួមមាន បញ្ជាការដ្ឋានកងទ័ពជើងគោក អង្គភាពស៊ីម៉ាក់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អង្គការហេឡូត្រាស់ និងអង្គការម៉ែក ក្នុងទំហំផ្ទៃដីជាង ៦៨ គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៣៣.៥៦១ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៣៣៩ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ១៥៩.៤៦២ គ្រាប់។
សមិទ្ធផលខេត្តកំពង់ស្ពឺអស់មីននាថ្ងៃនេះ គឺបានមកពីការដឹកនាំ និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមដ៏សប្បុរសផ្នែកហិរញ្ញវត្ថុពីបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា រួមមាន មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ចក្រភពអង់គ្លេស សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា និងអង្គភាពខ្មែរថាមន៍ ក្នុងនោះចំពោះខេត្ត និងប្រជាជនខេត្តកំពង់ស្ពឺ សម្តេចធិបតី បានបរិច្ចាគថវិកាផ្ទាល់ខ្លួនដ៏ថ្លៃថ្លាបំផុតចំនួន ១ម៉ឺនដុល្លារ ក្នុងវិភាគទានជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ផងដែរ។

ខេត្តកំពង់ស្ពឺ ក៏ជាសក្ខីភាពមួយដ៏អស្ចារ្យដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អតីតមេបញ្ជាការ កងទ័ពជើងគោក បានយកចិត្តទុកដាក់មុនគេ ក្នុងការអនុញ្ញាតឱ្យនាយទាហាន ចូលរួមក្នុងការងារបោសសម្អាតមីនមនុស្សធម៌ កាលពីឆ្នាំ២០២២ នៅស្រុកភ្នំស្រួច ក្រោមការគាំទ្រពី “គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន”។
ក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តសប្បុរសរបស់សហគមន៍ផ្តល់ជំនួយ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា ជាពិសេសវីរបុរស-វីរនារីដោះមីនយើង ដែលបានគាំទ្រ បំពេញការងារ និងបន្តឈរជាមួយកម្ពុជា ក្នុងគោលដៅឱ្យកម្ពុជារួចចាកផុតពីគ្រាប់មីន។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ដល់កិច្ចប្រតិបត្តិការបោសសម្អាតមីន ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។
ជាមួយនឹងការប្រកាសខេត្តកំពង់ស្ពឺអស់មីននាថ្ងៃនេះ កម្ពុជាមានមហិច្ឆតាត្រូវបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥ ក្នុងទំហំផ្ទៃដីមានមីន ៥៣៨ គីឡូម៉ែត្រក្រឡា និងយុទ្ធភណ្ឌគ្រឿងផ្ទុះដទៃទៀតចំនួន ១២៧៩ គីឡូម៉ែត្រក្រឡា នឹងត្រូវបន្តដោះស្រាយក្រោយឆ្នាំ២០២៥។
អាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល នឹងបន្តគ្រប់គ្រង ដឹកនាំ និងខិតខំសហការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញអនុវត្តន៍នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ឱ្យអស់ពីទឹកដីកម្ពុជានាពេលអនាគត៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ