ព័ត៌មានជាតិ
វិស័យឧស្សាហកម្មរំពឹងថា នឹងមានកំណើន ៨,៥ភាគរយ នៅឆ្នាំ ២០២៤
វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើង ក្នុងរង្វង់ ៨,៥% ក្នុងឆ្នាំ ២០២៤ ពីប្រមាណ ៥,០% ក្នុងឆ្នាំ ២០២៣។ ការរំពឹងអំពីកំណើននេះ ដោយផ្អែកលើការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រភពដដែល បានបញ្ជាក់ថា អនុវិស័យកាត់ដេរ រំពឹងថានឹងមាននិន្នាការងើបឡើងវិញ ដោយសារការងើបឡើងនៃតម្រូវការសកល ជាពិសេសបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមមាន សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបជាដើម។ ជាមួយគ្នានេះដែរ ការដាក់ចេញនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២- ២០២៧» ក៏ត្រូវបានរំពឹងថានឹងជួយជំរុញបរិយាកាសវិនិយោគ និងការប្រកួតប្រជែងបន្ថែមក្នុងអនុវិស័យនេះ ផងដែរ។ យ៉ាងណាមិញ, ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកល ដែលនាំឱ្យមានភាពរង្គោះរង្គើដល់តម្រូវការខាងក្រៅ ជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជា រួមមាន សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប អាចនឹងបង្កជាបច្ច័យអវិជ្ជមានដល់អនុវិស័យនេះផងដែរ។
ដោយឡែកអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅបន្តរក្សាបានភាពល្អ ដែលមួយផ្នែកនឹងបន្តជំរុញដោយការរក្សាបានតុល្យភាពនៃផលិតកម្មដែលបម្រើឱ្យតម្រូវការក្នុងស្រុក និងមួយផ្នែកទៀត គាំទ្រដោយការរំពឹងទុកកំណើនល្អប្រសើរនៃផលិតកម្មបម្រើឱ្យការនាំចេញ។ និន្នាការល្អនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងបន្តជំរុញកំណើននៃអនុវិស័យនេះលើផ្នែកផលិតកម្មបម្រើការនាំចេញ ជាពិសេសទៅលើផលិតផលសំខាន់ៗ មួយចំនួនរួមមាន៖ បន្ទះសូឡា, សំបកកង់, និងស្បែកសត្វ មានរោម ជាដើម។
ទន្ទឹមនេះ ការដាក់ចេញនូវ «ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» នឹងរួមចំណែក បង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន។ ចំណែកអនុវិស័យសំណង់ ត្រូវបានរំពឹងថានឹងបន្តកំណើនទាបជាងនិន្នាការធម្មតាដោយសារការរំពឹងទុកងើបឡើងវិញយឺតនៃរំហូរ ទុនវិនិយោគ ពីបរទេសជាពិសេសសម្រាប់សំណង់ថ្លៃខ្ពស់ ក៏ដូចជា សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេល ដែលសកម្មភាពសំណង់លំនៅឋានក៏ត្រូវបានរំពឹងថានៅបន្តរក្សាកំណើន ប៉ុន្តែស្ថិតក្នុងកម្រិតទាប។
យោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់នេះ បានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជា នឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារអាម៉េរិក, ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២ ០៧១ ដុល្លារអាម៉េរិក បើធៀបនឹងឆ្នាំ ២០២៣ មានប្រមាណ ១ ៩១៧ ដុល្លារអាម៉េរិក៕

-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច