ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញរំលឹកជាថ្មីថាមិនយកភាស៊ីចំពោះការលក់ដូរតាមកញ្ច្រែងល្អី
រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣បានចេញសេចក្ដីណែនាំមួយជុំវិញការមិនប្រមូលចំណូលភាស៉ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ។
កន្លងមករាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញសារាចរលេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដោយសម្រេចលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែងលក់ដូរ និងទីផ្សារទូទាំងប្រទេស។
ជាមួយគ្នានេះ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់បទបញ្ជាឲ្យអនុវត្តនូវសារាចរណែនាំខាងលើឲ្យបានម៉ឺងម៉ាត់បំផុត។
ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដើម្បីពង្រឹង និងចៀសវាងជនខិលខូចមួយចំនួនឆ្លៀតឱកាសដើរប្រមូលថវិកា ក្រោមរូបភាពប្រមូលភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តពីអាជីវករនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ គណៈកម្មការផ្សារ ក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មភាស៊ី និងអាជីវកម្មប្រមូលចំណូលអនាម័យ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដូចការងារសំខាន់ៗចំនួន៤ចំណុច។
១-អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្ត សារាចរលេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្ដីពីការលុបការបង់ថ្ល ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងករណីមាន បុគ្គលណាទាមទារ ឬបង្ខិតបង្ខំឱ្យបងប្អូនអាជីវករបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗ ផ្ទុយពីការកំណត់ក្នុងសារាចរខាងលើត្រូវធ្វើការឃាត់ខ្លួនជាបន្ទាន់ ដើម្បីអនុវត្តទោសទណ្ឌតាមច្បាប់ជាធរមាន។
២- ក្រុមហ៊ុន ឬអ្នកវិនិយោគធ្វើអាជីវកម្មប្រមូលភាស៊ី និងចំណូលអនាម័យគ្រប់ប្រភេទដែលទទួលបានសិទ្ធិវិនិយោគស្របច្បាប់ ត្រូវគោរព និងណែនាំដល់ភ្នាក់ងារប្រមូលចំណូលរបស់ខ្លួនឱ្យអនុវត្តតាមសារាចរលេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ដោយមិនត្រូវប្រមូលភាស៊ី ឬកម្រៃផ្សេងៗ ពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តជាដាច់ខាត ក្នុងករណីមិនអនុវត្តតាមខ្លឹមសារនៃសារាចរខាងលើ នឹងឈានដល់ការលុបកិច្ចសន្យាវិនិយោគ។
៣-បងប្អូនអាជីវករដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តគ្រប់ប្រភេទ មិនត្រូវបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗជូនទៅភ្នាក់ងារប្រមូលភាស៊ី ឬជនខិលខូចណាមួយឡើយ ហើយត្រូវលក់ដូរនៅតាម ទីតាំងដែលអាជ្ញាធរផ្សារបានរៀបចំជូន ចៀសវាងការលក់ដូរនៅតាមដងផ្លូវ ដែលនាំឱ្យប៉ះពាល់ ដល់សោភណភាព និងសណ្តាប់ធ្នាប់សាធារណៈ។
៤-ក្នុងករណីមានអ្នកទាមទារ ឬបង្ខិតបង្ខំឱ្យបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗតាមគ្រប់រូបភាពខុសពីសារាចរ លេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល សូមបងប្អូនអាជីវកររាយការណ៍ ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ចនៅជិតបំផុត ឬ Hotline 1299 ដើម្បីចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជនបង្កបានទាន់ពេលវេលា៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៦ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១២ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤