ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ នយោបាយឈ្នះឈ្នះ គឺជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជាដែលពិភពលោកគួររៀនសូត្រ
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា “នយោបាយឈ្នះឈ្នះ គឺជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជាដែលពិភពលោកគួររៀនសូត្រ”។ ការលើកឡើងនេះ គឺតាមរយ:សំណេរនៅលើបណ្តាញសង្គមហ្វេសបុករបស់លោក នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមរយ:សំណេរនោះ លោក ប៉ែន បូណា បានរៀបរាប់ដូច្នេះថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបតែបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី ២៦ តុលា ឆ្នាំ២០២៣ ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីប្រារព្ធខួបលើកទី ២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ។ លោកថា សេចក្តីសម្រេចនេះគឺជាភស្តុតាងបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តវេនអណត្តិទី៧ នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការរក្សាសន្តិភាព និងផ្តល់តម្លៃយ៉ាងខ្ពស់បំផុតដល់នយោបាយឈ្នះឈ្នះ។
អ្នកនាំពាក្យរូបនេះបន្តថា បើនិយាយពីនយោបាយឈ្នះឈ្នះ គ្រប់គ្នាប្រាកដជានឹកឃើញភ្លាមដល់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក និងប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា។ នយោបាយឈ្នះឈ្នះ ដែលជារូបមន្តដ៏ស័ក្តិសិទ្ធិនិងជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយជិត ៣ទសវត្សរ៍ និងដែលបានរុញច្រានប្រទេសឱ្យធ្លាក់ចូលក្នុងរបបវាលពិឃាដដ៏មហាប្រល័យ។ ទីបំផុត សន្តិភាពពេញលេញនៅកម្ពុជាត្រូវបានរកឃើញនៅថ្ងៃទី ២៩ ធ្នូ ឆ្នាំ ១៩៩៨ ដោយស្នាដៃ «រដ្ឋបុរស» ខ្មែរឈ្មោះតេជោសែន ដោយប្រើរូបមន្តពិសេសគ្មានពីរឈ្មោះថា «នយោបាយឈ្នះឈ្នះ» ដើម្បីប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាពដែលសូម្បីតែអង្គការសហប្រជាជាតិបានចំណាយថវិកា ២ ០០០ លានដុល្លារ ក៏មិនទាន់អាចរកសន្តិភាពពេញលេញជូនកម្ពុជាបាននៅឡើយ។
លោក ប៉ែន បូណា បានបញ្ជាក់ថា ដែលហៅថា នយោបាយឈ្នះឈ្នះគឺជាការបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាមនិងគ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ អាថ៌កំបាំងនៃនយោបាយឈ្នះឈ្នះត្រូវបានសម្តេចតេជោបង្ហាញជាសាធារណៈរួចហើយដោយវាមានធាតុផ្សំសំខាន់៣គឺ៖ ទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីពនិងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូនដល់គូជម្លោះ។ ដោយសារសន្តិភាពទើបកម្ពុជាមានអ្វីៗដូចសព្វថ្ងៃ។ ការបញ្ចប់សង្គ្រាមតាមរូបមន្តពិសេសបែបនេះកម្រកើតមានខ្លាំងណាស់នៅក្នុងពិភពលោកដែលភ្លើងសង្គ្រាមកំពុងបន្តឆាបឆេះនៅច្រើនកន្លែង។
ជាក់ស្តែង ខណៈដែលប្រជាពលរដ្ឋនៃប្រទេសជាច្រើនកំពុងរងទុក្ខដោយសារសង្គ្រាម និងកំពុងស្រែកដង្ហោយរកសន្តិភាព ប្រជាពលរដ្ឋខ្មែរកំពុងជ្រកក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។ ខណៈដែលប្រជាជនរាប់រយលាននាក់លើភពផែនដីកំពុងបួងសួងសុំសន្តិភាព ប្រជាពលរដ្ឋខ្មែរកំពុងនិយាយដោយអំណរថា «អរគុណសន្តិភាព»។ ដូច្នេះ ពិភពលោកដែលកំពុងព្យាយាមដោយលំបាកលំបិនបំផុតក្នុងការពន្លត់ភ្លើងសង្គ្រាម ជាពិសេសប្រទេសដែលកំពុងមានសង្គ្រាមដោយផ្ទាល់គួរតែមកសិក្សាពីនយោបាយឈ្នះឈ្នះរបស់កម្ពុជាដែលជារូបមន្តដ៏ស័ក្តិសិទ្ធិនិងល្អឯកក្នុងការបញ្ចប់សង្គ្រាមដោយគ្មានអ្នកចាញ់។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោក ប៉ែន បូណា បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជាដែលមានបេះដូងធំទូលាយត្រៀមខ្លួនជានិច្ចក្នុងការចែករម្លែកនូវរូបមន្តដ៏ល្អកម្ររកបាននេះដល់គ្រប់បណ្តាប្រជាជាតិទាំងឡាយណាដែលប្រាថ្នាចង់បានសន្តិភាព។ សន្តិភាពគឺជាសេចក្តីត្រូវការចាំបាច់របស់មនុស្សជាតិលើភពផែនដី។ សន្តិភាពងាយនឹងបាត់បង់ណាស់ ងាយនឹងធ្វើឱ្យមនុស្សស្កប់ស្កល់នឹងវា និងងាយបំភ្លេចវាចោលណាស់ ប៉ុន្តែ សន្តិភាពជារបស់ដែលពិបាករកបំផុតប្រសិនបើវារបូតចេញពីដៃទៅពោលគឺមិនខុសអ្វីពីការមុជទឹករាវរកម្ជុលក្នុងបាតមហាសាគរនោះឡើយ៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ