Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង លើកឡើងពីគុណសម្បត្តិមនុស្សវ័យចំណាស់ ដែលធ្វើឲ្យសង្គមជាតិរីកចម្រើនដូចសព្វថ្ងៃ

បានផុស

នៅ

នៅ​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ លោកស្រី​អភិបាល​រង​ខេត្ត​កោះកុង បាន​លើក​ឡើង​ពី​គុណសម្បត្តិ​របស់​មនុស្ស​វ័យ​ចំណាស់ នៅ​កម្ពុជា ថា បាន​ចូលរួម​កសាង​អភិវឌ្ឍន៍​សង្គម​ជាតិ​រីកចម្រើន​មក​ទល់​ថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​ពី​គុណ​តម្លៃ​របស់​លោកស្រី ឈី វ៉ា អភិបាល​រង​ខេត្ត​កោះកុង នា​ពេលនេះ ធ្វើ​ឡើង​ក្នុង​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ១ តុលា ក្រោម​ប្រធាន «ការ​ជួយ​មនុស្ស​ចាស់ គឺ​ជួយ​យើង​ទាំងអស់​គ្នា​» ដែល​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​វ័យ​ចំណាស់ ១៥០ គ្រួសារ នៅ​ឃុំ​ដង​ពែង ស្រុក​ស្រែ​អំបិល។

លោកស្រី ឈី វ៉ា បាន​បន្ថែម​ថា លោកយាយ លោកតា អ៊ំ មា មីង ជា​មនុស្ស​វ័យ​ចាស់ និង​បុព្វការី​ជន ជា​អ្នក​ផ្តល់ និង​រក្សា​ទំនៀមទម្លាប់ ប្រពៃណី​ដ៏​ល្អ កេរ្តិ៍មរតក សម្បត្តិ​វប្បធម៌​ដ៏​សម្បូរ​បែប អប់រំ​ប្រៀន​ប្រដៅ​ប្រកប​ដោយ​គតិបណ្ឌិត ផ្តល់​នូវ​ចំណេះដឹង ចំណេះ​ធ្វើ ជំនាញ​វិជ្ជាជីវៈ និង​បទពិសោធន៍​យ៉ាង​ច្រើន សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

តាមរយៈ​ការ​អាន​សារ​លិខិត​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា  លោកស្រី ឈី វ៉ា ថ្លែង​ថា រាជរដ្ឋាភិបាល អាណត្តិ​ទី ៧ បាន​និង​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​វ័យ​ចាស់ ដោយ​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ ស្ដីពី​មនុស្ស​វ័យ​ចាស់ ឆ្នាំ ២០១៧-២០៣០ ក្របខណ្ឌ​គោល​នយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ ២០១៦-២០២៥ កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល សម្រាប់​ការ​កសាង ការពារ​មាតុភូមិ ឆ្នាំ ២០២៣-២០២៨ ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​ការ​ផ្ដល់​សេវា​សង្គមកិច្ច​ចំពោះ​ជន​ចាស់ជរា។

ទន្ទឹម​នោះ លោកស្រី​អភិបាលរង​ខេត្ត​កោះកុង បាន​ជំរុញ​ដល់​មន្ទីរ​សង្គមកិច្ច ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន បង្កើន​ការ​ចុះ​ពិនិត្យ​ស្រង់​កំណត់​អត្តសញ្ញាណ​ជន​មាន​ពិការភាព​ឲ្យ​ជាក់លាក់ សំដៅ​ធ្វើ​យ៉ាង​ណា​ផ្តល់​សេវា​គាំពារ​សង្គម​បាន​ឆាប់រហ័ស។

តប​បញ្ហា​នេះ លោក គង់ សំរិទ្ធ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា​ខេត្ត​កោះកុង បាន​មាន​ប្រសាសន៍​ថា ក្រុមការងារ​ជំនាញ បាន​ចុះ​កំណត់​អត្តសញ្ញាណ​ជន​ពិការ​ភាព​ដោយ​ទទួល​បាន​លទ្ធផល​ការងារ​សរុប ១៤០០ គ្រួសារ។ ជាក់ស្ដែង​ក្នុង​ចំណោម ១៥០០ នាក់ មាន​តែ ៣៦៧ នាក់ ដែល​ជាប់​ការ​សម្ភាសន៍​ជន​មាន​ពិការភាព​ក្នុង​មូលដ្ឋាន។

មន្ទីរ នឹង​បង្កើន​ការ​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​សង្កាត់​អនុវត្ត​បន្ថែម​ទៀត ដើម្បី​ស្រង់​ស្ថិតិ​បាន​សុក្រឹត និង​ផ្តល់​អត្ថប្រយោជន៍​ជូន​ក្រុម​ជន​គោលដៅ។

ចំណែក​លោក ជា ចាន់​កញ្ញា អភិបាល​ស្រុក​ស្រែអំបិល បាន​ឲ្យ​ដឹង​ដែរ​ថា តាម​ក្រឹត្យក្រម​ធម្មជាតិ ជន​គ្រប់រូប​ពេល​ដល់​វ័យ​ចំណាស់​ទៅ បញ្ញា ស្មារតី និង​សុខភាព កាន់តែ​ចុះ​ខ្សោយ ចាំបាច់​ត្រូវ​មាន​ការ​គាំពារ ផ្ដល់​ការ​លើក​ទឹកចិត្ត និង​ការ​យកចិត្តទុកដាក់​ពី​កូនចៅ ក៏ដូចជា​រាជរដ្ឋាភិបាល​ក្នុង​គោលដៅ​ឲ្យ​ពួកគាត់​មាន​ភាព​រឹងមាំ អាយុ​យឺនយូរ។

លោក​អភិបាលស្រុក​ស្រែអំបិល បាន​បញ្ជាក់​ថា ការ​គិតគូរ និង​លើក​កម្ពស់​កិច្ច​គាំពារ​មនុស្ស​ចាស់​នៅ​គ្រប់​ទីកន្លែង ក៏ដូចជា​ស្រុកស្រែ​អំបិល ជា​យន្តការ​មិន​ធ្វើ​ឲ្យ​មនុស្ស​ចាស់​ឯកោ​នោះ​ឡើយ ខណៈ​ពួកគាត់​មាន​តម្រូវការ​សេវា​ថែទាំ​សុខភាព ថវិកា លំនៅដ្ឋាន និង​ស្បៀងអាហារ​ជាដើម។ កន្លងទៅ អាជ្ញាធរ​ស្រុក ក៏បាន​ធ្វើ​ការងារ​ច្រើន ដើម្បី​ពួកគាត់​មាន​បណ្ណ​សមធម៌ ឬ​បណ្ណ​ក្រីក្រ និង​ផ្តល់​ស្បៀង​អាហារ​ទៀត​ផង៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម